ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ សូម​ចូលរួមពិព័រណ៍​ការងារ​នៅ​ខេត្តបន្ទាយមានជ័យ ​ចុង​ស​ប្ដា​ហ៍​នេះ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​បន្ត​រៀបចំ​ពិព័រណ៍​ការងារ នៅ​ខេត្តបន្ទាយមានជ័យ រយៈពេល…

រាជធានីភ្នំពេញ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​បន្ត​រៀបចំ​ពិព័រណ៍​ការងារ នៅ​ខេត្តបន្ទាយមានជ័យ រយៈពេល ៣​ថ្ងៃ នា​ចុង​ស​ប្ដា​ហ៍​នេះ ដោយ​នាំ​យក​ឱកាស​ការងារ​ជាង ៨​ម៉ឺន​កន្លែង ជូន​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​នឹង​ត្រូវ​រៀបចំ​នៅ ៣​កន្លែង​ផ្សេង​គ្នា ក្នុង​ខេត្តបន្ទាយមានជ័យ រួម​មាន​៖ នៅ​ថ្ងៃ​ទី ១០ ខែតុលា រៀបចំ​នៅ​ផ្សារ​ចំការ​តា​ដោក​ក្នុងស្រុក​មង្គល​បូ​រី​, នៅ​ថ្ងៃ​ទី ១១ ខែតុលា រៀបចំ​នៅ​សាលាស្រុក​ស្វាយចេក ក្នុងស្រុក​ស្វាយចេក និង​នៅ​ថ្ងៃ​ទី ១២ ខែតុលា រៀបចំ​នៅ​សាលាស្រុក​ព្រះនេត្រព្រះ ក្នុងស្រុក​ព្រះនេត្រព្រះ​។

លោក​បន្ថែម​ថា នៅ​ក្នុង​ពិព័រណ៍​នេះ បងប្អូន​ពលករ នឹង​អាច​ទទួល​បាន​ឱកាស​ការងារ​ភ្លាម​ៗ ហើយ​ក៏​នឹង​មានឱកាស​នៅ​ក្នុង​ការ​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​មាន​រហូត​ដល់ ៤៥​ជំនាញ នៅ​តាម​បណ្ដា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​ទូ​ទាំង​ប្រទេស ដោយ​ឥត​គិតថ្លៃ ហើយ​ក៏​នឹង​ទទួល​បាន​នូវ​ព័ត៌មាន​អំពី​អត្ថប្រយោជន៍ ប​.​ស​.​ស​. នៅ​ពេល​បងប្អូន​ចូល​ធ្វើ​ការងារ ដែល​រួម​មាន​៖ អត្ថប្រយោជន៍​ហានិភ័យ​ការងារ​, ថែទាំ​សុខភាព និង​ប្រាក់​សោធន​។

សម្រាប់​ពិព័រណ៍​នៅ​ខេត្តបន្ទាយមានជ័យ​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ ដែល​មិន​ទាន់​ទទួល​បានការ​ងារ​ធ្វើ សូម​ទៅ​ចូលរួម​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ​ក្នុងស្រុក ដែល​មាន​អត្ថប្រយោជន៍​ជា​ច្រើន​។

គួរ​ឱ្យ​ដឹង​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជូនដំណឹង​អំពី​ការ​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្ត​ធំ​ៗ​ចំនួន ៥ រួម​មាន​៖ ខេត្តបាត់ដំបង​, ខេត្តបន្ទាយមានជ័យ​, ខេត្តសៀមរាប​, ខេត្តព្រៃវែង និង​ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ២៦ ខែតុលា ដោយ​នាំ​យក​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង ជូន​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ក៏​ដូច​ជា​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍ ប​.​ស​.​ស​. និង​ការ​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិតថ្លៃ​៕ អត្ថបទសហការ