ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​នៅ​កម្ពុជា ​៖ អនុសាសន៍​របស់​សង្គម​ស៊ីវិល​មួយ​ចំនួន​លើ​រឿង​ពលករ​មក​ពី​ថៃ គឺគ្រាន់តែ​ជា​ការ​ស្រែក​ឱ្យ​តែ​ឮ ព្រោះ​រដ្ឋាភិបាល​បាន​ធ្វើ​រួចរាល់​អស់ហើយ និង​ស្នើ​ឱ្យ​សង្គម​ស៊ី​វិលផ្សព្វផ្សាយ​ ១២៩៧ បើ​ចង់​ជួយ​ពលករ​មែន​នោះ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សហជីព​នៅ​កម្ពុជា បាន​មើលឃើញ​ថា សេចក្តី​ថ្លែង​ការ​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​និយាយ​ពី​ពលករ គឺ​គ្រាន់តែ​ជា​ការ​ស្រែក​ឱ្យ​តែ​ឮ ព្រោះ​រដ្ឋាភិបាល​បាន​ធ្វើ​រួចរាល់​អស់ហើយ​ក្នុង​ការ​ជួយ​រក​ការងារ​ធ្វើ និង​ការ​ផ្តល់​ការ​គាំពារ​ដល់​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ​សង្កត់ធ្ងន់​ថា ប្រសិនបើ​សង្គម​ស៊ី​វិល​ពិតជា​ចង់​ជួយ​ពលករ​មក​ពី​ប្រទេស​ថៃ​មែន​នោះ…

រាជធានីភ្នំពេញ ៖ សហជីព​នៅ​កម្ពុជា បាន​មើលឃើញ​ថា សេចក្តី​ថ្លែង​ការ​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​និយាយ​ពី​ពលករ គឺ​គ្រាន់តែ​ជា​ការ​ស្រែក​ឱ្យ​តែ​ឮ ព្រោះ​រដ្ឋាភិបាល​បាន​ធ្វើ​រួចរាល់​អស់ហើយ​ក្នុង​ការ​ជួយ​រក​ការងារ​ធ្វើ និង​ការ​ផ្តល់​ការ​គាំពារ​ដល់​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ​សង្កត់ធ្ងន់​ថា ប្រសិនបើ​សង្គម​ស៊ី​វិល​ពិតជា​ចង់​ជួយ​ពលករ​មក​ពី​ប្រទេស​ថៃ​មែន​នោះ គឺ​គួរ​ណាស់​ចូលរួម​ផ្សព្វផ្សាយ​ពី​យន្តការ​រក​ការងារ​ធ្វើ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ​ជា​សេនាធិការ ដែល​មាន​ដូច​ជា​ប្រព័ន្ធ HOTLINE ១២៩៧ ​វិញ ទើប​ជា​ការ​ជួយ​ពិតប្រាកដ ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​អះអាង​ថា សេចក្តីថ្លែងការណ៍​របស់​ក្រុម​សង្គម​ស៊ី​វិល​ហាក់ដូចជា​មិន​បាន​មើលឃើញ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ។ លោក​សង្កត់ធ្ងន់​ថា ​៖ “​ខ្ញុំ​បាន​មើលឃើញ​ថា កិច្ចការ​ទាំងអស់​នេះ​ត្រូវ​បាន​ក្រសួង​ការងារ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ដល់​ពលករ​មក​ពី​ប្រទេស​ថៃ​ឱ្យ​ទទួល​បានការ​ងារ​ជាង​ ៣០​ម៉ឺន​នាក់ ​។ ដូចនេះ សេចក្តីថ្លែងការណ៍​របស់​សង្គម​ស៊ី​វិល គឺ​គ្រាន់តែ​ជា​ការ​បង្កើត​សាច់​រឿង និង​បង្កើត​ឱ្យ​មានការ​ផ្សព្វផ្សាយ​ក្នុង​ចេតនា​ទម្លាក់​បញ្ហា​មក​ក្រសួង និង​រាជរដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​។ ហើយ​រដ្ឋាភិបាល​ក៏​កំពុង​បន្ត​ធ្វើ​យ៉ាង​ស្វាហាប់​បន្ថែម​”​ ។

លោក​ថា ប្រសិនបើ​សង្គម​ស៊ី​វិល ពិតជា​ចង់​បង្ហាញ​ពី​សមានចិត្ត​ជួយ​សង្គម​ជាតិ ឬ​ពលករ​ដោយ​ពិតប្រាកដ​នោះ គួរ​ណា​តែ​ជួយ​ផ្សព្វផ្សាយ និង​ជួយ​ពន្យល់​ដល់​ពលករ​អំពី​លេខ Call Center ១២៩៧ របស់​ក្រសួង​ដែល​កំពុង​រង់ចាំ​ជួយ​ពលករ​វិញ​ទើប​ជា​ការ​ជួយ​ពិតប្រាកដ ​។

ជាមួយ​គ្នា​នេះ លោក គឹ​ម ចាន់​សំណាង ប្រធាន​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា បាន​មើលឃើញ​ដូច​គ្នា​ថា សេចក្តីថ្លែងការណ៍​របស់​សង្គម​ស៊ី​វិល​គឺជា​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​រួច​ហើយ​ប្រកបដោយ​ផ្លែផ្កា និង​មាន​ប្រសិទ្ធភាព​ផង​ដែរ​ក្នុង​ការ​ជួយ​បងប្អូន​ពលករ​ដែល​ទើប​មក​ពី​ប្រទេស​ថៃ ​។ លោក គឹ​ម ចាន់​សំណាង សង្កត់ធ្ងន់​ថា ​៖ “​ប្រសិនបើ​ចង់​ជួយ​ដល់​ពលករ​ពិតប្រាកដ​មែន​នោះ​គឺ​ត្រូវ​ជួយ​ផ្សព្វផ្សាយ Call Center ១២៩៧ សម្រាប់​ប្រជា​ពលករ និង​ពលរដ្ឋ​ស្វែងរក​ការងារ ហើយ​សង្ឃឹមថា សង្គម​ស៊ី​វិល​គួរ​ពិចារណា​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​ពលករ​វិញ​ប្រសើរ​ជាង​”​ ។

សូម​បញ្ជាក់​ថា ការ​ប្រតិកម្ម​របស់​ក្រុម​សហជីព​នៅ​កម្ពុជា​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​សង្គម​ស៊ី​វិល​ចំនួន​១៨​ស្ថាប័ន​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដោយ​ផ្តល់​អនុសាសន៍​ចំនួន​ ៥​ចំណុច​មក​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជួយ​ពលករ​ដែល​ទើប​មក​ពី​ប្រទេស​ថៃ ខណៈ​ដែល​សង្គម​ស៊ី​វិល​ហ៊ាន​អះអាង​ថា អនុសាសន៍​ទាំងនោះ​គឺជា​អនុសាសន៍​ស្រមោល ហើយ​ជា​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​រួចរាល់​អស់ហើយ​ដើម្បី​ជួយ​ពលករ​ ៕ អត្ថបទសហការ