
សប្ដាហ៍ថាមពលស្អាត ២០២៥ បិទបញ្ចប់ជាមួយនឹងការសាទរអនាគតប្រកបដោយចីរភាពរបស់កម្ពុជា
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ សប្ដាហ៍ថាមពលស្អាត (Clean Energy…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ សប្ដាហ៍ថាមពលស្អាត (Clean Energy…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ សប្ដាហ៍ថាមពលស្អាត (Clean Energy Week – CEW) ឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍ធំបំផុត និងមានឥទ្ធិពលខ្លាំងសម្រាប់វិស័យថាមពលស្អាតនៅកម្ពុជា បានបញ្ចប់ ដោយមានកម្មវិធី Toast to Clean Energy និងពិធីប្រគល់ពានរង្វាន់ថាមពលស្អាត (Clean Energy Awards) ។
ក្នុងការប្រារព្ធលើកទី ៨ នេះ សប្ដាហ៍ថាមពលស្អាតឆ្នាំ ២០២៥ បានបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញបង្ហាញពីកិច្ចខិតខំប្រឹងប្រែងទាំងឡាយដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រទេសនិងជួយឱ្យកម្ពុជា ក្លាយជាអ្នកដឹកនាំថ្មីក្នុងអន្តរកាលថាមពល នៅអាស៊ីអាគ្នេយ៍ ។
កម្មវិធីពេញមួយសប្ដាហ៍នេះ បានផ្តោតលើរបៀបដែលថាមពលស្អាត អាចពង្រឹងឧស្សាហកម្ម ដែលមានស្រាប់របស់កម្ពុជា ដូចជាវិស័វាយនភណ្ឌ និងវិស័យទេសចរណ៍ ខណៈពេលដែលទាក់ទាញការវិនិយោគថ្មី រាប់លានដុល្លារ នៅក្នុងឧស្សាហកម្មដែលមានតម្រូវការ ប្រើប្រាស់ថាមពលច្រើន និងបច្ចេកវិទ្យាដែលដំណើរការដោយថាមពលស្អាត ។ បន្ថែមពីលើនេះ សប្ដាហ៍ថាមពលស្អាតក៏បានរៀបចំកម្មវិធី ដែលប្រមូលផ្ដុំសាធារណជន រួមមានការចាក់បញ្ចាំងយន្តឯកសារខ្លី ដែលត្រូវបានផលិតឡើង ដោយនិស្សិតកម្ពុជា រៀបរាប់ពីរឿងរ៉ាវនៃការច្នៃប្រឌិត និងភាពជោគជ័យនៃការប្រើប្រាស់ ថាមពលស្អាត បូករួមនឹងការតាំងពិព័រណ៍ស្នាដៃសិល្បៈ Solarpunk របស់សិល្បៈករកម្ពុជា និងស្នាដៃឌីជីថលដោយសិល្បករ មកពីទូទាំងអាស៊ីអាគ្នេយ៍ ។
ដោយគូសបញ្ជាក់ពី សារៈសំខាន់នៃអន្តរកាលថាមពលស្អាត ចំពោះការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា លោក ង៉ោ សឺន ណត្តារុណ នាយកប្រចាំតំបន់របស់អង្គការ អេននីជីឡេបអាស៊ី បានលើកឡើងថា ៖ «ឆ្នាំនេះយើងកំណត់ផ្លូវថ្មីមួយ ដើម្បីបង្ហាញថាថាមពលស្អាត មិនមែនគ្រាន់តែជាកត្តាលិករសម្រាប់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាជំរុញសេដ្ឋកិច្ចដ៏មានឥទ្ធិពលមួយផងដែរ ។ ថាមពលស្អាតនឹងជួយកម្ពុជាការពារឧស្សាហកម្មដែលមានស្រាប់ ទន្ទឹមនឹងការទាក់ទាញឧស្សាហកម្មថ្មីៗ ។ វានឹងជួយកម្ពុជាឱ្យសម្របខ្លួនបានកាន់តែលឿនទៅនឹងការផ្លាស់ប្តូរ ច្បាប់ពាណិជ្ជកម្ម និងការបង្កើនពន្ធ ខណៈពេលដែលការបង្កើនភាពប្រកួតប្រជែង» ។
ឆ្លុះបញ្ចាំងពីភាពជោគជ័យក្នុងសប្តាហ៍នេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម ដេរិក យីប មានប្រសាសន៍ថា ៖ «ក្នុងនាមជាដៃគូស្ថាបនិកមួយនៃសប្តាហ៍ ថាមពលស្អាត អូស្ត្រាលីរីករាយក្នុងការបន្តគាំទ្រអន្តរកាល ថាមពលស្អាតរបស់កម្ពុជា ។ សប្តាហ៍ថាមពលស្អាតគឺជាឱកាសមួយ ដើម្បីអបអរសាទរភាពរីកចម្រើន របស់ប្រទេសកម្ពុជាក្នុងការពង្រីកលទ្ធភាព ក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ និងពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃអន្តរកាល ថាមពលស្អាត» ។
ចំណុចពិសេសនៃ សប្តាហ៍ថាមពលស្អាតឆ្នាំ ២០២៥ គឺពិធីប្រគល់ពានរង្វាន់ថាមពលស្អាត ដោយពានរង្វាន់នេះ ទទួលស្គាល់ការរួមចំណែកឆ្នើមពីបុគ្គល ស្ថាប័ន និងគំនិតផ្តួចផ្តើមនានា ដែលជំរុញការអភិវឌ្ឍថាមពលស្អាតនៅកម្ពុជា ។ ពានរង្វាន់នេះបានអបអរសាទរកិច្ចខិតខំប្រឹងប្រែង ដ៏ឆ្នើមក្នុងនោះរួមមាន ពានរង្វាន់ជើងឯកថាមពលស្អាត (ដែលត្រូវបានឈ្នះដោយបណ្ឌិត គីនណាឡេត វង់ចន្ទ) ពានរង្វាន់គម្រោងថាមពលស្អាត សម្រាប់សហគមន៍ដែលមានឥទ្ធិពល (ដែលត្រូវបានឈ្នះដោយ ក្រុមហ៊ុន សិលាផិបភើរ ខូអិលធីឌី) និងពានរង្វាន់ប្រសិទ្ធភាពថាមពល (ដែលត្រូវបានឈ្នះដោយ យូនីសេហ្វប្រចាំកម្ពុជា) ។
សប្ដាហ៍ថាមពលស្អាតត្រូវបានបិទបញ្ចប់ដោយកម្មវិធី Toast to Clean Energy ដែលជាកិច្ចអបអរសាទរមួយដើម្បីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង រួម និងភាពជាដៃគូដែលជំរុញរបៀបវារៈថាមពលស្អាតរបស់កម្ពុជា ។ ការប្រារព្ធពិធីបិទនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដាក់ប្រទេសកម្ពុជា នៅលើផ្លូវប្រកបដោយនិរន្តរភាព និងធន់ ។
សប្ដាហ៍ថាមពលស្អាតជាព្រឹត្តិការណ៍ដ៏សំខាន់ របស់ប្រទេសកម្ពុជា ដែលផ្តោតលើការជំរុញដំណោះស្រាយថាមពលស្អាត ។ ព្រឹត្តិការណ៍នេះជាវេទិកា សម្រាប់ចែករំលែកចំណេះដឹង កិច្ចសហការ និងការអភិវឌ្ឍន៍គោលនយោបាយ ដើម្បីពន្លឿនអន្តរកាលថាមពលស្អាតនៅកម្ពុជា ។ ព្រឹត្តិការណ៍នេះត្រូវរៀបចំដោយអង្គការអេននីជីឡេបអាស៊ី ក្រោមភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហស្ថាបនិកអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ។
យូអិនឌីភីបានជំរុញកិច្ចសន្ទនា ស្តីពីការនវានុវត្ត និងដំណោះស្រាយគោលនយោបាយ រួមទាំងហិរញ្ញប្បទានបៃតង និងការកាត់បន្ថយហានិភ័យ ដើម្បីពន្លឿនការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅអនាគត ថាមពលប្រកបដោយនិរន្តរភាព ។ យូអិនឌីភីត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញយន្តការហិរញ្ញប្បទាន ប្រកបដោយភាពច្នៃប្រឌិត និងបង្កើតលក្ខខណ្ឌដែលអាចជំរុញអន្តរកាល ថាមពលកាបូនទាប ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា ៖ «រាជរដ្ឋាភិបាលកម្ពុជាបានកំណត់មហិច្ឆិតា ក្នុងការធ្វើពិពិធកម្មវិស័យថាមពលរបស់យើង កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងការពន្លឿនប្រភពថាមពលស្អាត និងកកើតឡើងវិញ ។ កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់និរន្តរភាពបរិស្ថាន ទន្ទឹមនឹងការពង្រីកលទ្ធភាពប្រើប្រាស់អគ្គិសនី និងការបង្កើនចំណែក នៃថាមពលកកើតឡើងវិញ ដែលបានកើនឡើងពី ០.៣% ក្នុងឆ្នាំ២០១៤ ដល់ជាង ៥០% ក្នុងឆ្នាំ ២០២៤ ។ លើសពីនេះ ផែនការជាតិរួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី ៣ (NDC 3.0) បានបង្ហាញផ្លូវច្បាស់លាស់ក្នុងការកាត់បន្ថយឧស្ម័ន ផ្ទះកញ្ចក់ពីវិស័យចំនួនប្រាំ ។ វិស័យថាមពល រួមទាំងការដឹកជញ្ជូនថាមពល ការផលិត និងការសាងសង់ គឺជាចំណុចសំខាន់មួយ ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ការងារបៃតង និងបរិយាបន្នសង្គម» ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ