ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​បាន​ដោះស្រាយ​ករណី​ ក្រុមហ៊ុន​សានី​សះជា

13 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ករណី​តវ៉ា​នៅ​ក្រុមហ៊ុន​សានី (​ខេ​ម​បូ​ឌា​) ហ្វើ​នី​ឈ័​រ ឯ​.​ក បាន​សះជា…

​រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ករណី​តវ៉ា​នៅ​ក្រុមហ៊ុន​សានី (​ខេ​ម​បូ​ឌា​) ហ្វើ​នី​ឈ័​រ ឯ​.​ក បាន​សះជា ក្រោម​ការ​សម្របសម្រួល​ដោយ​យកចិត្តទុកដាក់​ខ្ពស់ ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។ នេះ​ជា​ការ​បញ្ជាក់​ពី លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

តាម​រយៈ​អ្នកនាំពាក្យ​ដដែល​ បានឱ្យ​ដឹង​ថា ក្រោយ​មានការ​ផ្ទុះ​ការ​តវ៉ា​ នៃ​កម្មករនិយោជិត​នៅ​ក្រុមហ៊ុន​សានី (​ខេ​ម​បូ​ឌា​) ហ្វើ​នី​ឈ័​រ ឯ​.​ក ដែល​មា​នទី​តាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ី​ន បា​វិត ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង លោក អ៊ូ រតនា អគ្គនាយករង ​នៃ​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ បាន​ដឹកនាំ​មន្ត្រី​ចុះ​ទៅ ​ដោះស្រាយ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ស្តាប់​ពី​សំណូមពរ​របស់​កម្មករនិយោជិត និង​សម្របសម្រួល ​ដោយ​ផ្អែក​លើ​កត្តា​ច្បាប់​រហូត​ដល់​សះជា ​។

ក្រោយ​ការ​សម្របសម្រួល​យ៉ាង​យកចិត្តទុកដាក់ ​ពី​មន្ត្រី​ក្រសួង​ការងារ ទាំង​ភាគី​និយោជក និង​ភាគី​កម្មករនិយោជិត បាន​ឯកភាព​គ្នា​លើ​ការ​ចរចា​លើ​ចំណុច​សំខាន់​ៗ ​ដូច​ជា ការ​បើកប្រាក់​ឈ្នួល​លំហែ​មាតុភាព​ស្រប​តាម​ច្បាប់​, ប្រាក់​រង្វាន់​ការងារ​ សម្រាប់​បុគ្គលិក​ដែល​មាន​ស្នាដៃ​, ការ​រៀបចំ​ឱ្យ​មាន​រដ្ឋបាល និង​គណនី​ជនជាតិ​ខ្មែរ ជាដើម ​។

ជាមួយ​គ្នា​នោះ លោក ស៊ុន មេ​សា បាន​បញ្ជាក់​ថា​៖ «​ក្រោយ​ការ​ដោះស្រាយ​ដោយ​យកចិត្តទុកដាក់ និង​យក​ច្បាប់​ជា​គោល និង​ប្រកបដោយ​ទំនុកចិត្ត​របស់​មន្ត្រី​ក្រសួង​ការងារ បងប្អូន​កម្មករ​កម្មការិនី និង​ភាគី​និយោជក​បាន​ឈាន​ដល់​ ការ​ព្រមព្រៀង​គ្នា និង​ឯកភាព​ចូល​ធ្វើការ​ជា​ធម្មតា​វិញ​នៅ​ថ្ងៃស្អែក​» ​។

លទ្ធផល​នៃ​ការ​សះជា ​នេះ​គឺ​កើត​ចេញពី​ការ​យកចិត្តទុកដាក់​របស់​មន្ត្រី​ក្រសួង​ការងារ និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​រក្សា​នូវ​បរិយាកាស​ល្អ​ប្រសើរ​ នៅ​ក្នុង​វិស័យ​ការងារ ដើម្បី​បង្កើន​ការ​កែប្រែ​ជីវភាព និង​បង្កើន​ផលិតភាព​ការងារ​ ដល់​រោងចក្រ​សហគ្រាស ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ដដែល​ ៕ អត្ថបទសហការ