
Vattanac Legends Championship បើទំព័រថ្មីសម្រាប់ជាតិ រៀបចំព្រឹត្តិការណ៍ Legends Tourដំបូងគេបង្អស់នៅកម្ពុជា
រាជធានីភ្នំពេញ ៖ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ…
រាជធានីភ្នំពេញ ៖ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ…
រាជធានីភ្នំពេញ ៖ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានប្រកាស្វាគមន៍ព្រឹត្តិការណ៍ Vattanac Legends Championship ដែលជាព្រឹត្តិការណ៍ Legends Tour លើកដំបូងបំផុត ដែលនឹងត្រូវធ្វើឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានឱ្យដឹងនៅថ្ងៃដដែលនេះថា ៖ «ព្រឹត្តិការណ៍ជើងឯកនេះ គឺជាការប្រកួតកីឡាពិភពលោកដ៏ធំមួយ ដែលបើកទំព័រថ្មីសម្រាប់ជាតិយើង និងបង្ហាញអំពីប្រទេសកម្ពុជាលើឆាកអន្តរជាតិក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាលំដាប់ពិភពលោក ។ វាថែមទាំងជានិមិត្តរូបនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់កម្ពុជាផងដែរ ។ តាមរយៈព្រឹត្តិការណ៍បែបនេះ យើងបានបង្ហាញពីភាពរីកចម្រើនរបស់យើង ហើយក៏បានបង្ហាញថា កីឡាអាចពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រទេសផងដែរ» ។
អ្នកឧកញ៉ា បន្តថា កម្ពុជា គឺជាប្រទេសដែលឱ្យតម្លៃទៅលើសន្តិភាព និងមិត្តភាព ។ យើងស្វាគមន៍អ្នករាល់គ្នាដោយក្ដីសោមន្សរីករាយបំផុត ហើយកម្ពុជាមិនមែនត្រឹមតែជាគោលដៅសម្រាប់កីឡា និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាជាទីកន្លែងដែលតភ្ជាប់វប្បធម៌ រួបរួមសហគមន៍ និងផ្តល់ឱ្យគ្រប់គ្នាមកពីគ្រប់ជាតិសាសន៍មានអារម្មណ៍ដូចជាផ្ទះ ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Vattanac Legends Championship នឹងនាំយកកីឡាករវាយកូនហ្គោលដ៏អស្ចារ្យបំផុតរបស់ពិភពលោកជាច្រើនមកកាន់ប្រទេសកម្ពុជា រួមទាំងប្រធានក្រុម Ryder Cup ម្ចាស់ជើងឯក Major និងឥស្សរជនអន្តរជាតិល្បីៗជាច្រើនរូបផងដែរ ។ ពួកគេនឹងចូលរួមប្រកួតនៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត ដែលជាទីលានវាយកូនហ្គោលលំដាប់អន្តរជាតិទទួលបានពានរង្វាន់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ដែលរចនាឡើងដោយម្ចាស់ជើងឯក Major ៦ សម័យកាល គឺលោក Sir Nick Faldo ។ ទីលាននេះត្រូវបានរចនាលក្ខណៈអន្តរជាតិដោយរួមបញ្ចូលគ្នាជាមួយរូបចម្លាក់បេតិកភណ្ឌវប្បធម៌ខ្មែរជាច្រើន ដែលបង្ហាញពីភាពស្រស់ស្អាត និងសិល្បៈហត្ថកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ ។
បេសកកម្មរបស់ វឌ្ឍនៈ គ្រុប គឺតែងលើកតម្កើងវប្បធម៌ និងមោទនភាពរបស់ខ្មែរយើង ក៏ដូចបន្តកសាងអនាគតនៃឧត្តមភាព នវានុវត្តន៍ភាព និងមិត្តភាពផងដែរ ។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីទស្សនៈវិស័យទាំងនេះ ដែលនាំមកដោយកីឡា ទេសចរណ៍ និងឱកាស ក្រោមគោលដៅតែមួយ ដើម្បីបង្ហាញពិភពលោកថា កម្ពុជាមានសន្តិភាព មានមោទនភាព និងត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ពិភពលោក ។ ព្រឹត្តិការណ៍នេះផងដែរ នឹងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត ។
កីឡាវាយកូនហ្គោលគឺជាល្បែងកម្សាន្ត ដែលពោរពេញដោយវិន័យ ការគោរព និងភាពថ្លៃថ្នូរ ។ វាបានបង្រៀនយើងអំពីការអត់ធ្មត់ ភាពផ្ចង់អារម្មណ៍ និងភាពស្មោះត្រង់ ដែលជាតម្លៃស្របគ្នាជាមួយនឹងប្រជាជនកម្ពុជា ។ វាជាកីឡាសម្រាប់គ្រប់វ័យ ជាកីឡាដែលនាំមនុស្សម្នា មកជាមួយគ្នាក្នុងបរិយាកាស នៃស្មារតីកីឡា និងការគោរពគ្នាទៅវិញទៅមក ។ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជើងឯកនេះ យើងសង្ឃឹមថា នឹងណែនាំប្រជាជនខ្មែរយើងឱ្យស្គាល់ពីកីឡាវាយកូនហ្គោលឲ្យបានកាន់តែច្រើន ព្រមទាំងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយឱ្យចូលចិត្តលេងកីឡានេះ ប្រកបដោយមោទនភាព ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ