រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានស្នើទៅដល់ម្ចាស់បណ្តាញសង្គមហ្វេសប៊ុកផេក ដែលមានឈ្មោះថា ព័ត៌មានពិត កុំយកសកម្មភាពកម្មករ ទៅប្រឌិតញុះញង់បំភ្លៃការពិត ក្នុងចេតនានយោបាយទុច្ចរិត បង្កភាពវឹកវរបំផ្លាញសន្តិសុខជាតិ និងសូមលុបចោលរូបភាពវីដេអូកាត់ត ខុសការពិតទាំងនោះចេញជាបន្ទាន់ ។
លោកថ្លែងថា៖ «ខ្ញុំស្នើដល់ម្ចាស់ហ្វេសប៊ុក ព័ត៌មានពិត សូមចូលរួមគិតប្រយោជន៍ជាតិជាធំ កុំយកសកម្មភាពកម្មករ ទៅកាត់តជាវីដេអូប្រឌិតញុះញង់ ជាចេតនានយោបាយ សូមបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាព ដែលមានចេតនាទុច្ចរិត ចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ» ។
បើតាមលោក ស៊ុន មេសា ម្ចាស់ហ្វេសប៊ុកផេក ព័ត៌មានពិត កំពុងយករូបភាពសកម្មភាពកម្មករទៅកាត់តច្នៃប្រឌិត ក្នុងចេតនាញុះញង់ ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គម ឱ្យងើបឡើងបះបោរ ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ និងកៀរគរប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពផ្សេងៗ ផ្ទុយនឹងច្បាប់ ។ លោកបន្តថា នេះជារឿងអគុណធម៌បំផុត ដែលម្ចាស់ហ្វេសប៊ុកផេកមួយនេះ ខំប្រឹងមួលបង្កាច់ លាបពណ៌ ទម្លាក់កំហុសគ្រប់បែបយ៉ាងមកលើរាជរដ្ឋាភិបាល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ