ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​នៅ​កម្ពុជា​ ជំរុញ​ឱ្យ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ ​បន្ត​នីតិវិធី​ទៅ​កាន់​តុលាការ​ កុំធ្វើ​ខុស​នីតិវិធីតុលាការ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ សហជីព​ធំ​ៗ​នៅ​កម្ពុជា​បាន​ជំរុញ​ឱ្យ​ក្រុម​អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល​ដ៍ បន្ត​នីតិវិធី​ទៅ​កាន់​តុលាការ ព្រោះ​បញ្ហា​នៅ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ដូច​ជា​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ដោះស្រាយ​រួច​ចប់​សព្វគ្រប់​អស់ហើយ​ ។ ការ​ជំរុញ​របស់​សហជីព​នៅ​កម្ពុជា…

រាជធានីភ្នំពេញ​ ៖ សហជីព​ធំ​ៗ​នៅ​កម្ពុជា​បាន​ជំរុញ​ឱ្យ​ក្រុម​អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល​ដ៍ បន្ត​នីតិវិធី​ទៅ​កាន់​តុលាការ ព្រោះ​បញ្ហា​នៅ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ដូច​ជា​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ដោះស្រាយ​រួច​ចប់​សព្វគ្រប់​អស់ហើយ​ ។ ការ​ជំរុញ​របស់​សហជីព​នៅ​កម្ពុជា ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​ ២០ ខែតុលា ឆ្នាំ ​២០២៥ បន្ទាប់​ពី​ក្រុម​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​បាន​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​ស្នើ​សុំ​ព​ន្លឿ​ន​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​វេលា​ព្រឹក​ថ្ងៃ​ដដែល​នោះ​ ។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា មើលឃើញ​ថា ដំណោះស្រាយ​ប្រកបដោយ​ការ​យកចិត្តទុកដាក់​របស់​ក្រសួង​ការងារ​ចំពោះ​បញ្ហា​នៅ​ក្រុមហ៊ុន​ណា​ហ្គា​វ​លើ​ដ៍ គឺ​បាន​បញ្ចប់​សព្វគ្រប់​ហើយ ប៉ុន្តែ​ក្រុម​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​ខ្លួនឯង​ទេ ដែល​ទាត់​ចោល​មិន​ទទួលយក​ដំណោះស្រាយ​របស់​ក្រសួង​ការងារ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​ធ្វើ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ និង​លក្ខខណ្ឌ​តម្រូវ​ ។ លោក​ថ្លែង​ថា ​៖ «​សកម្មភាព​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ ​ម្តង​ហើយ ម្តងទៀត​ធ្វើការ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី ក្រសួង​ការងារ​ គឺ​ហាក់ដូចជា​ថយក្រោយ នៃ​ដំណើរការ​នីតិវិធី​ទៅ​វិញ​ទេ ​។ បើ​កើតទុក្ខ​មិន​សុខចិត្ត ពួក​គាត់​អាច​ដាក់​ប្តឹង​ទៅ​តុលាការ ព្រោះ​នីតិវិធីតុលាការ​ប្រសើ​ជាង​ការ​យក​ញត្តិ​មក​ដាក់​ដដែល​ៗ គ្មាន​ចំណេញ​អ្វី​បន្តិច​សោះឡើយ​សម្រាប់​ប្រទេស​ជាតិ​»​ ។

លោក សំ សឿ​ន បន្ថែម​ថា ការ​ដាក់​ញត្តិ​ដដែល​ៗ​របស់​ក្រុម​អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល​ដ៍ គឺជា​ចេតនា​ទុច្ចរិត​បង្កើត​ឱ្យ​មានការ​យល់​ច្រឡំ និង​មានការ​វាយតម្លៃ​ខុស​មក​លើ​រាជរដ្ឋាភិបាល ហេតុនេះ អ្នក​ទាំង​អស់នោះ គួរតែ​បញ្ឈប់​រាល់​សកម្មភាព​ដាក់​ញត្តិ ឬ​ក៏​ការ​ធ្វើ​បាតុកម្ម​ជាដើម ហើយ​បែរ​ទៅ​រក​ដំណោះស្រាយ​តាម​នីតិវិធីតុលាការ​ប្រសើ​ជាង​ ។

ទន្ទឹម​នេះ លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ មើលឃើញ​ថា អ្វី​ដែល​ក្រុម​អតីត​បុ​គ្ក​លិ​ក​ណា​ហ្គា​វើ​ល​ដ៍​បាន​ធ្វើ​គឺ​មិន​អនុលោម​ទៅ​តាម​ផ្លូវច្បាប់​ស្តី​ពី​ការងារ ក៏​ដូច​ជា​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​សិទ្ធិ និង​កត​ព្វ​កិច្ច​របស់​ខ្លួន ​។ លោក​ថា ការ​ដោះស្រាយ​បញ្ហា​ដែល​បាន​ឆ្លងកាត់​នីតិវិធីតុលាការ ជាក់ស្តែង ឱ្យ​តែ​បងប្អូន​បាន​អនុវត្ត​ត្រឹមត្រូវ​នោះ​តុលាការ​នឹង​បង្គាប់​ឱ្យ​បងប្អូន​ឈ្នះ​មិន​ខាន​ ។ លោក​ថ្លែង​ថា ​៖ «​ខ្ញុំ​សូម​ឱ្យ​បងប្អូន​យើង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់​ការងារ ច្បាប់​សហជីព ក៏​ដូច​ជា​ច្បាប់​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ និង​ជា​សារាចរ​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ ហើយ​ជឿជាក់​លើ​ស្ថាន​ប័ន​របស់​រដ្ឋ ជឿជាក់​លើ​ការ​ដោះស្រាយ​ពី​ក្រសួង​រហូត​ដល់​ទៅ​តុលាការ ឱ្យ​តែ​អ្វី​ដែល​បងប្អូន​ធ្វើ​ពិតជា​ត្រឹមត្រូវ​តាម​ច្បាប់ ច្បាស់​ណាស់​គេ​នឹង​អនុវត្ត​កិច្ចការ​តាម​ច្បាប់​»​ ។

ស្រ​ដៀង​គ្នា​នេះ លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា មើលឃើញ​ថា ការ​ដាក់​ញត្តិ​របស់​ក្រុម​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​គឺជា​ការ​ធ្វើ​ការងារ​រុញ​ធាក់​ថយក្រោយ​ទៅ​វិញ មាន​ន័យ​ថា បញ្ហា​បាន​ដោះស្រាយ​នៅ​ក្រសួង​ការងារ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ហើយ ស្រាប់តែ​បងប្អូន​មក​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​ឡើង​វិញ​បាន​ន័យ​ថា បងប្អូន​មិន​យល់​ពី​ផ្លូវច្បាប់ អនុវត្ត​ផ្ទុយ​ពី​ច្បាប់ មិន​ហាន​ប្រឈម​មុខ​នឹង​ការ​ពិត​ដែល​ត្រូវ​ដោះស្រាយ គឺ​នីតិវិធីតុលាការ​ ។

លោក​ថ្លែង​ថា​ ៖ «​បើ​បងប្អូន​នៅ​តែ​បន្តការងារ ម្តង​ទៅ​មុខ ម្តង​ទៅ​ក្រោយ ខ្ញុំ​គិត​ថា វា​អត់​មានអី​ចំណេញ​ទៅ​ដល់​ជាតិ ក៏​ដូច​ជា​សង្គម​ទេ វា​ទៅ​ជា​រូបភាព​មួយ​បង្ក​ទៅ​ជា​បាតុភាព​មិនល្អ​មើល ប៉ះពាល់​ដល់​សង្គម ឬ​បាតុភាព​ណាមួយ​ដែល​អន្តរជាតិ​គេ​មើល​មក​ថា មិនល្អ​សម្រាប់​កម្ពុជា​របស់​យើង តែ​ធាតុ​ពិត ការ​ដោះស្រាយ​របស់​ក្រសួង​ការងារ ក៏​ដូច​ជា​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​សម្រេច​ត្រឹមត្រូវ​អស់ហើយ​»​។

បើ​តាម​លោក ហង្ស រ៉ា​វី អ្វី​ដែល​បងប្អូន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ ត្រូវធ្វើ​បន្ត​នៅ​ពេល​នេះ គឺ​មាន​តែ​ប្តឹង​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ដោះស្រាយ ប៉ុន្តែ​បើសិនជា​បងប្អូន​នៅ​តែ​បន្ត​យក​បញ្ហា​នេះ ធ្វើ​ជា​ឈ្នាន់​នយោបាយ​នោះ​ជា​ការ​ជាន់ពន្លិច​កិត្តិយស​មុខមាត់ និង​អត្ថប្រយោជន៍​ជាតិ​តែ​ប៉ុណ្ណោះ ​៕ អត្ថបទសហការ