ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តំណាង​ថ្មី​របស់ UNDP ប្រចាំ​កម្ពុជា ប្តេជ្ញា​បន្តពង្រឹង​ និង​ពង្រីក​ កិច្ច​សហប្រតិបត្តិការ​ អភិវឌ្ឍ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាលវិជ្ជាជីវៈ

2 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​លោក អេ​ន​រី​កូ ហ្គា​វេ​លី​យ៉ា…

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​លោក អេ​ន​រី​កូ ហ្គា​វេ​លី​យ៉ា (Enrico Gaveglia) តំណាង​ថ្មី​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​ការងារ ក្នុង​បំណង​ដើម្បី​ផ្លាស់​ប្ដូរ​យោបល់​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង UNDP ខណៈ​ដែល​លោក​ទើបត្រូវ​បាន​តែងតាំង​ថ្មី​ ។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​អបអរសាទរ​ចំពោះ លោក អេ​ន​រី​កូ ហ្គា​វេ​លី​យ៉ា ដែល​ត្រូវ​បាន​តែងតាំង​ជា​តំណាង​ថ្មី​ដោយ​បាន​កោតសរសើរ​ចំពោះ​ភាព​ជា​ដៃគូ​របស់ UNDP ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​របស់​កម្ពុជា ​។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សមិទ្ធផល​ដែល​ស្ថាប័ន​ទាំង​ពីរ បាន​សម្រេច​កន្លង​មក និង​កិច្ច​សហប្រតិបត្តិការ​ដែល​កំពុង​បន្ត​ដំណើរការ ក៏​ដូច​ជា​ការ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​វឌ្ឍនភាព​ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ចំណែកឯ លោក អេ​ន​រី​កូ ហ្គា​វេ​លី​យ៉ា ដែល​ជា​តំណាង​ថ្មី​របស់ UNDP បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ស្វាគមន៍​ដ៏​កក់ក្តៅ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​បាន​លើក​ឡើង​នូវ​ការ​ប្តេជ្ញា​ចិត្ត​នៃ​ស្ថាប័ន​របស់​លោក​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​បន្ន​ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ជាមួយ​គ្នា​នេះ មុន​នឹង​បញ្ចប់​កិច្ច​ពិភាក្សា ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​បញ្ជាក់​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ UNDP ហើយ​ជឿជាក់​ថា UNDP គឺជា​ដៃគូ​យ៉ាង​ជិត​ស្និទ្ធ​របស់​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៅ​កម្ពុជា​ ៕ អត្ថបទសហការ