ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​មូលនិធិ​អភិវឌ្ឍន៍​វិស័យ​អប់រំ ខេត្ត​អាន​ហួយ ប្រទេស​ចិន បើក​វគ្គ​បណ្តុះបណ្តាលដំបូង​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វិជ្ជាជីវៈ និងវិញ្ញាបនបត្រ​ជំនាញ ចិន​-​កម្ពុជា

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ថ្ងៃ​ទី ​៣ ខែកញ្ញា ឆ្នាំ​ ២០២៥ នៅ​សណ្ឋាគារ​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ និង​បើក​វគ្គ​បណ្តុះបណ្តាល​ដំបូង នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វិជ្ជាជីវៈ និង​វិញ្ញាបនបត្រ​ជំនាញ ចិន​-​កម្ពុជា ក្នុង​គម្រោង​ហ៊ុយ​ជៀង ​។

កម្មវិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី Ling Shuangying អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អន្តរជាតិ ខេត្ត​អាន​ហួយ ប្រទេស​ចិន លោក Li Jun ប្រធាន​ក្រុមហ៊ុន Wuhan Central Group លោក​ជំទាវ​ឧកញ៉ា ចាន់ ធានី ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា និង​កសិកម្ម​កម្ពុជា (CITA) លោក វ៉ា​ន់ ដា​វីត នាយក​វិទ្យាស្ថាន CITA និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​ ។

ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​វិទ្យាស្ថាន CITA ដែល​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ជា​ពិសេស មិន​ត្រឹមតែ​ប្រយោជន៍​សម្រាប់​យុវជន ដែល​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​នៃ​កម្លាំង​ពលកម្ម​សកម្ម​ប្រកបដោយ​គុណភាព និង​ភាព​ធន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​ផង​ដែរ​ ។

ឯកឧត្តម​បាន​បន្ត​ថា CITA បាន​ចូលរួម​ខិតខំ​អនុវត្ត ដើម្បី​ឱ្យ​សម្រេច​បាន​ទៅ​តាម​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ។

ឯកឧត្តម​រដ្ឋលេខាធិការ បាន​ចាត់​ទុក​វគ្គ​បណ្តុះបណ្តាល​ដំបូង​នេះ មិន​ត្រឹមតែ​ជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​វេទិកា​ដ៏​សំខាន់​មួយ ដែល​ផ្តល់​ឱកាស​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​រវាង​វិស័យ TVET របស់​កម្ពុជា ជាមួយនឹង​គ្រឹះស្ថាន សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​ច្រើន ដែល​សុទ្ធតែ​ជា​គ្រឹះស្ថាន​ល្បី​ៗ​ប្រកបដោយ​គុណភាព និង​មាន​សមត្ថភាព​បណ្តុះបណ្តាល​ខ្ពស់ នៃ​ប្រទេស​ចិន ​។

ក្នុង​បេសកកម្ម នៃ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគត គឺជា​ឱកាស​ទាក់ទាញ​វិនិយោគិន​ចិន​ថ្មី​ៗ​ឱ្យមក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ពីលើ​អត្ថប្រយោជន៍ នៃ​ផ្លែផ្កា​នេះ​ដល់​វិនិយោគិន​ចិន ដែល​បាន​និង​កំពុង​មាន​វត្តមាន និង​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម​បាន​ស្នើ​វិទ្យាស្ថាន CITA ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​នានា​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​រួមចំណែក​ពង្រឹងគុណភាព​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ផ្អែក​លើ​ស្តង់ដា​គុណភាព តាម​កម្មវិធី​សិក្សា​ស្រប​តាម​កញ្ចប់​ស្តង់ដា ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង ជា​ពិសេស ស្រប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នៅ​លើ​ទីផ្សារ​ការងារ​ ។

ឯកឧត្តម​បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​លើកកម្ពស់ និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​គ្រូ​បច្ចេកទេស តាម​រយៈ​រៀនសូត្រ និង​បណ្តុះបណ្តាល​បន្ថែម​ជា​ប្រចាំ​ស្រប​តាម​យុគសម័យ​ឧស្សាហកម្ម ៤.០ និង​កា​រវិ​វត្ត​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​បច្ចេកវិទ្យា ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ជំរុញ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ទំនើប​នៅ​កម្ពុជា​ទៅ​អនាគត ​៕ អត្ថបទសហការ