ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​មូលនិធិ​អភិវឌ្ឍន៍​វិស័យ​អប់រំ ខេត្ត​អាន​ហួយ ប្រទេស​ចិន ចុះ MoU បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ និង​ទទួលស្គាល់​ជំនាញ​រួម​គ្នា ដើម្បី​ពង្រឹងសមត្ថភាព​ការ​បណ្តុះបណ្តាល​ជំនាញ​ឱ្យ​កាន់តែ​ប្រសើរ

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មូលនិធិ​អភិវឌ្ឍន៍​វិស័យ​អប់រំ ខេត្ត​អាន​ហួយ ប្រទេស​ចិន កាលពី​រសៀល​ថ្ងៃ​ទី​ ២ ខែកញ្ញា…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មូលនិធិ​អភិវឌ្ឍន៍​វិស័យ​អប់រំ ខេត្ត​អាន​ហួយ ប្រទេស​ចិន កាលពី​រសៀល​ថ្ងៃ​ទី​ ២ ខែកញ្ញា ឆ្នាំ ​២០២៥​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ដើម្បី​បង្កើត​រួម​គ្នា​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​មជ្ឈមណ្ឌល​ឧត្តមភាព​ទទួលស្គាល់​ជំនាញ​កម្ពុជា​-​ចិន​ រោង​ជាង ហួយ​ជាំ​ង (Huijiang workshop) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោកស្រី Ling Shuangying អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អន្តរជាតិ ខេត្ត​អាន​ហួយ ប្រទេស​ចិន នៅ​ទីស្តីការក្រសួង ​។

អនុស្សរណៈ​នេះ មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ តាម​រយៈ​ការ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ទទួលស្គាល់​ជំនាញ​រួម​គ្នា​រវាង កម្ពុជា​-​ចិន ដោយ​នឹង​ផ្ដោត​សំខាន់​លើ​ការ​សហការ​រៀបចំ​កម្មវិធី​សិក្សា ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​ផ្លាស់​ប្ដូរ​ការ​សិក្សា ដើម្បី​លើកកម្ពស់​កម្រិតស្ដង់ដា​អន្តរជាតិ​នៃ​ការ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​កត់​សម្គាល់ថា កម្ពុជា និង​ចិន មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​រឹង​មាំ​ក្នុង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គ្រប់​វិស័យ ហើយ​នៅ​ពេល​នេះ​ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​បន្ថែម​ទៀត​លើ​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​នឹង​ចូលរួម​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​រឹង​មាំ និង​ជំរុញ​លើកកម្ពស់​ឱ្យ​សិស្ស​និស្សិត គ្រូ​បង្គោល​ពី​កម្ពុជា និង​ចិន មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ស្រប​តាម​ការ​រីក​ចម្រើន និង​កា​រវិ​វ​ឌ្ឍ​នៃ​បច្ចេកវិទ្យា ​។ សម្រាប់​ឯកឧត្តម​រដ្ឋមន្ត្រី កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ក្លាយជា​ច​លករ​ដ៏​សំខាន់​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ពី​បរទេស និង​ជា​ពិសេស​វិនិយោគិន​ចិន​មក​កម្ពុជា​។

ជាមួយ​គ្នា​នេះ លោកស្រី Ling Shuangying បាន​ថ្លែងអំណរគុណ ឯកឧត្តម​រដ្ឋមន្ត្រី​ចំពោះ​អនុស្សរណៈ​ដ៏​សំខាន់​នា​ពេល​នេះ ដែល​នឹង​ចូលរួម​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត ជា​ពិសេស​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក បច្ចេកទេស​យានយន្ត​អ​គិ្គ​ស​នី និង​បច្ចេកវិទ្យា​កុំព្យូទ័រ​ជាដើម ឱ្យ​មាន​កម្រិតស្តង់ដា​វិជ្ជាជីវៈ​ខ្ពស់​ទទួលស្គាល់​រវាង​ប្រទេស​ទាំង​ពីរ​៕