ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការងារ អំពាវនាវ​ម្ចាស់​សិប្បកម្ម​, អាជីវកម្ម​, ការដ្ឋាន​សំណង់ និង​កសិដ្ឋាន ជួយ​ផ្ដល់​ព័ត៌មាន​អំពី​តម្រូវការ​បុគ្គលិក​-​កម្មករ​មក​កាន់​ក្រសួង ដើម្បី​ជំរុញ​ឱកាស​ជូន​ពលករ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ម្ចាស់​សិប្បកម្ម​, អាជីវកម្ម​, ភោជនីយដ្ឋាន​, អាហារ​ដ្ឋា​ន​, ការដ្ឋាន​សំណង់ និង​កសិដ្ឋាន​ជាដើម…

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ម្ចាស់​សិប្បកម្ម​, អាជីវកម្ម​, ភោជនីយដ្ឋាន​, អាហារ​ដ្ឋា​ន​, ការដ្ឋាន​សំណង់ និង​កសិដ្ឋាន​ជាដើម សូម​ជួយ​សហការ​ផ្ដល់​ព័ត៌មាន​អំពី​តម្រូវការ​បុគ្គលិក​-​កម្មករ មក​កាន់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​អាច​ឱ្យ​ក្រសួង​ស្វែងរក​ជូន ហើយ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ការងារ​ជូន​ដល់​ពលករ​ខ្មែរ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ដែរ​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែង​ថា ពលករ​ខ្មែរ បាន​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ​យ៉ាង​គំហុក បន្ទាប់​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ មាន​ជម្លោះព្រំដែន​ជាមួយ​គ្នា​មក​។ ក្នុង​ចំណោម​បងប្អូន​ពលករ​ដែល​ត្រឡប់​មក​វិញ​ទាំងនោះ មាន​មួយ​ចំនួន​បាន​ទទួល​ការងារ​ធ្វើ​ក្នុងស្រុក​ភ្លាម​ៗ និង​មួយ​ចំនួន​ទៀត​នូវ​មិន​ទាន់​ទទួល​បានការ​ងារ នៅឡើយ​។

សម្រាប់​បងប្អូន​ពលករ​ដែល​ទទួល​បាន​ការងារ​ទាំងនោះ ភាគច្រើន​ជា​ការងារ​ក្នុង​រោងចក្រ​-​សហគ្រាស ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។ រីឯ​ការងារ​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្នុង​សិប្បកម្ម​, អាជីវកម្ម​, ការដ្ឋាន​សំណង់ និង​កសិដ្ឋាន ដែល​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​នោះ គឺ​ក្រសួង​មិន​ទាន់​មាន​របាយការណ៍ ឬ​តួលេខ​ជាក់​ណាមួយ​នៅឡើយ​ទេ​។ នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ​ ។

លោក ស៊ុន មេ​សា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ដែល​ជា​ម្ចាស់​សិប្បកម្ម​, អាជីវកម្ម​, ភោជនីយដ្ឋាន​, អាហារ​ដ្ឋា​ន​, ការដ្ឋាន​សំណង់ និង​កសិដ្ឋាន​ជាដើម សូម​ជួយ​ផ្ដល់​ព័ត៌មាន​អំពី​តម្រូវការ​កម្លាំង​ពលកម្ម នៅ​ក្នុង​ទីតាំង​របស់​ខ្លួន ដើម្បី​អាច​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រក​ជូន ហើយ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ការងារ​ដល់​បងប្អូន​ពលករ​យើង ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​មានការ​ងារ​ធ្វើ​គ្រប់​ៗ​គ្នា​»​។

អ្នកនាំពាក្យ​ក្រសួង​ការងារ ចាត់​ទុក​ការ​ជួយ​សហការ​ផ្ដល់​ព័ត៌មាន​នេះ គឺជា​ការ​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​ស្វែងរក​ការងារ​ឱ្យ​បងប្អូន​ពលករ​របស់​យើង​ដែល​ត្រឡប់​មក​វិញ ដែល​ជា​ប្រភព​ការងារ​ដ៏​ច្រើន​មួយ​បន្ថែម​ទៀត ក្រៅពី​ការងារ​នៅ​តាម​រោងចក្រ​-​សហគ្រាស ដែល​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ ៕ អត្ថបទសហការ