ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការងារ ជំរុញ​ឱ្យ​សង្គម​ស៊ី​វិល អង្គការ​ដៃគូ​នៅ​កម្ពុជា សហការ​ផ្ដល់​ព័ត៌មានរបស់​ពលករ​ ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ​មកក្រសួង

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​ ២ ខែកញ្ញា​នេះ បាន​ជំរុញ​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល និង​សមាគម ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត…

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​ ២ ខែកញ្ញា​នេះ បាន​ជំរុញ​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល និង​សមាគម ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត សហការ​ផ្ដល់​ព័ត៌មាន​របស់​ពលករ​ខ្មែរ​ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ​មក​ក្រសួង​ការងារ ដើម្បី​អាច​ឱ្យ​ក្រសួង​ជួយ​សម្របសម្រួល​រក​ការងារ​ជូន​ ។ ការ​ជំរុញ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សង្គម​ស៊ី​វិល​មួយ​ចំនួន បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ឱកាស​ការងារ​របស់​បងប្អូន​ប្រជា​ពលករ ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ៖ «​សម្រាប់​ខ្ញុំ​ស្វាគមន៍​ជា​និច្ច ហើយ​យើង​ចង់បាន​ណាស់​ ។ អង្គការ​សង្គម​ស៊ី​វិល​ទាំងអស់ គឺជា​ដៃគូ​របស់​រាជរដ្ឋាភិបាល ដូចនេះ​ការ​ផ្តល់​ព័ត៌មាន​អំពី​ពលករ​មក​កាន់​ក្រសួង​ការងារ ដើម្បី​អាច​ឱ្យ​ក្រសួង​ជួយ​សម្របសម្រួល​រក​ការងារ​ជូន​ពលករ គឺជា​ការ​បង្ហាញ​ពី​កិច្ចសហការ​ដ៏​ល្អ​របស់​សង្គម​ស៊ី​វិល និង​ដៃគូរ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ពលករ​ឱ្យ​មានការ​ងារ​ធ្វើ ព្រោះ​នេះ​គឺជា​កិច្ចការ​រួម​ទាំងអស់​គ្នា ក្នុង​នាម​ជា​ខ្មែរ មិន​ថា​សង្គម​ស៊ី​វិល រាជរដ្ឋាភិបាល ឬ​ដៃគូ​ផ្សេង​ទៀត​នោះ​ទេ» ​។​

ជាមួយ​គ្នា​នេះ លោក ស៊ុន មេ​សា បាន​រំលឹក​ពី​វិធានការ​សំខាន់​ៗ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្ដម ហេង សួរ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​ប្រឹងប្រែង​ទាំង​យប់ ទាំង​ថ្ងៃ រួម​ទាំង​ថ្ងៃ​សៅ​រិ៍ និង​អាទិត្យ​ផង ក្នុង​ការ​ជួយ​សម្របសម្រួល​ជូន​ពលករ​ខ្មែរ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ដោយ​បាន​ដាក់​ចេញ​វិធានការ​បន្ទាន់​ជាង ១០​ចំណុច ដើម្បី​ជួយ​ពលករ​ឱ្យ​មានការ​ងារ​ធ្វើ ​។

វិធានការ​បន្ទាន់​ទាំងនោះ​រួម​មាន ​៖ ការ​រៀបចំ​មណ្ឌល​សំចត ឬ​កន្លែង​ទទួល​ពលករ​តាម​បន្ទាត់​ព្រំដែន​, ការ​រៀបចំ​វេទិកា​ការងារ​ឃុំ​ចំនួន ៤០៧, ការ​ចុះ​ទៅ​តាម​រោងចក្រ​សហគ្រាស​-​ក្រុមហ៊ុន ដើម្បី​ជំរុញ​ឱកាស​ការងារ​ដល់​ពលករ និង​ការ​ទទួលយក​ពលករ​ដោយ​ការ​យកចិត្តទុកដាក់​, ការ​បណ្តុះបណ្តាល​យុវជន​ស្ម័គ្រចិត្ត​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ២ ០០០​នាក់ នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ជូន​ពលករ​, និង​ការ​លើកលែង​ឯកសារ​អត្តសញ្ញាណ​បណ្ណ ចំពោះ​ការ​ស្វែងរក​ការងារ​ធ្វើ​ជាដើម​ ។

តាម​រយៈ​វិធានការ និង​កា​រស​ម្រួ​ប​សម្រួល​ខាងលើ​នេះ មាន​ពលករ​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ទទួល​បានការ​ងារ​ធ្វើ​ជា​បន្តបន្ទាប់ ហើយ​ក្រសួង​ការងារ នឹង​បន្ត​ជួយ​សម្របសម្រួល​ឱ្យ​ពលករ​ផ្សេង​ទៀត ទទួល​បានការ​ងារ​ជា​បន្តបន្ទាប់​ទៀត​ដែរ​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ ​។

ជាមួយនឹង​ការ​ជំរុញ​ឱ្យ​សង្គម​ស៊ី​វិល និង​ដៃគូ​របស់​រាជរដ្ឋាភិបាល​ផ្តល់​ព័ត៌មាន​ពី​ពលករ ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ​ហើយ​នោះ​, លោក ស៊ុន មេ​សា ក៏​បាន​អំពាវនាវ​សារ​ជា​ថ្មី​ឱ្យ​បងប្អូន​ពលករ​ខ្មែរ គួរ​ស្វែងរក​ការងារ​នៅ​ក្នុងស្រុក​ដែល​មាន​សុវត្ថិភាព អត្ថប្រយោជន៍​ច្រើន​ជាង ហើយ​ប្រាក់​ឈ្នួល​ប្រហាក់ប្រហែល​នឹង​ប្រទេស​ថៃ ជា​ជាង​ប្រថុយប្រថាន​ទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ ដែល​អាច​ចាញ់បោក​មេខ្យល់​, ខាតបង់​ថវិកា​, រង​ការ​កេងប្រវ័ញ្ច​, អ​សុវត្ថិភាព និង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​នៅប្រទេស ថែម​ទៀត​ ៕ អត្ថបទសហការ