ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ជាង ១ ៤០០​នាក់ ចូល​ទៅ​ក្នុង​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ ខណ្ឌ​ពោធិ៍​សែន​ជ័យ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី ប្រកាស​បញ្ចូល​សមាជិក​ថ្មី​របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៣១…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី ប្រកាស​បញ្ចូល​សមាជិក​ថ្មី​របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ ។

សមាជិក​ថ្មី​ដែល​ត្រូវ​បាន​រៀបចំ​ពិធី​ប្រកាស​បញ្ចូល​នា​ថ្ងៃនេះ​មាន​ចំនួន ១ ៤១៦​នាក់ មក​ពី​សង្កាត់​ចំនួន​៧ នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ដូច​ជា សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​ចោម​ចៅ​ទី​១ សង្កាត់​ចោម​ចៅ​ទី​២ សង្កាត់​ចោម​ចៅ​ទី​៣ សង្កាត់​កា​កាប​ទី​១ សង្កាត់​កា​កាប​ទី​២ និង​សង្កាត់​សំរោង​ក្រោម ​។

ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម ហេង សួរ បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជាស​ម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្តាល និង​ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​សមាជិក​ថ្មី​ទាំ​អស់ ដែល​បាន​សម្រេចចិត្ត​ចូល​ជា​សមាជិក គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​តែ​មួយ​គត់ បាន​ជួយ​ប្រជាជន​កម្ពុជា​ គ្រប់​កាលៈទេសៈ​ទាំងអស់ ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម ក៏​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​បងប្អូន ដែល​បាន​មក​រួមរស់​ជាមួយ​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ដែល​បងប្អូន និង​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ អាច​រស់នៅ​ជាមួយ​គ្នា​បាន​ ។ ទន្ទឹម​នោះ ឯកឧត្តម ក៏​បាន​ធ្វើការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​អត្តសញ្ញាណ​បក្ស និម្មិតសញ្ញា ពេលវេលា​ដែល​បង្កើត​បក្ស បុព្វហេតុ ចក្ខុវិស័យ និង​កម្មវិធី​គោ​លន​យោ​យ​បាយ​របស់​គណបក្ស​ ជូន​ដល់​សមាជិក​ថ្មី​ផង​ដែរ​ ។

បន្ថែម​លើ​នោះ ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ពី​អត្ថន័យ នៃ​ការ​បង្កើត​បក្ស​ឱ្យ​សមាជិក​ថ្មី​បាន​យល់​ជ្រួតជ្រាប​យ៉ាង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ឡើង​ដោយ​ប្រជាជន​កម្ពុជា ដើម្បី​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ រួម​ជាមួយ​សកម្មភាព​បូជនីយកិច្ច​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ដើម្បី​ទាមទារ​ឯករាជ្យ​ពី​បារាំង​ ។ ហេតុនេះ​គណបក្ស​ប្រជាជន​បង្កើត​ឡើង​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​កម្លាំង​ជាតិ​តែ​មួយ​ក្នុង​ការ​រំដោះប្រទេស​ជាតិ​ចេញពី​នឹម​អាណានិគមនិយម​បារាំង នាំ​មក​នូវ​សន្តិភាព បូរណភាព​ទឹកដី​សម្រាប់​ប្រទេស​ជាតិ​ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ហេង សួរ បាន​រំលេច​ពី​ភាព​ជោគជ័យ​របស់ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​បន្ត​បេសកកម្ម​ជា​រៀង​រហូត​មក រហូត​ដល់​ពេល​មួយ​ដែល​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ជ្រោះ​មរណា​នៃ​របប​វាល​ពិឃាដ ប្រល័យពូជសាសន៍ ប៉ុ​ល ពត គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ក្រោកឈរ​ឡើង​ម្តងទៀត ដើម្បី​ផ្តួលរំលំ​របប​នេះ​ដោយ​ទទួល​បាន​មហា​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ហើយ​បន្ត​មក​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ដឹកនាំ​កម្ពុជា​ដោយ​ផ្ទាល់​ខ្លួនឯង​តែ​ម្តង ​។

បន្ថែម​លើ​នេះ ឯកឧត្តម​ក៏​បាន​បញ្ជ្រាប​ឱ្យ​សមាជិក​ថ្មី​បាន​យល់​ដឹង​អំពី​បាវចនា​ទាំង ​៦ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ដែល​សំខាន់​បំផុត​សម្រាប់​គណបក្ស​ព្រោះ​ចក្ខុវិស័យ​ចុង​ក្រោយបង្អស់​ គឺ​ធ្វើ​យ៉ាងណា​សម្រេច​ឱ្យ​បាន​តាម​បាវចនា​នេះ​ដើម្បី​ជាតិ​និង​ប្រជាជន​ ។

ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​បក្ស អង្គ​ដែល​ធំ​ជាងគេ​បំផុត​នៅ​គឺ សមាជ​ទូ​ទាំង​ប្រទេស​។ ជាមួយ​គ្នា​នោះ ដើម្បី​ឱ្យ​បក្ស​មាន​និរន្តរភាព គឺ​មានការ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​កណ្តាល ដែល​តំណាង​ឱ្យ​រាជធានី ខេត្ត ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និង​ឥស្សរជន​នយោបាយ​ទាំង​តំណាងរាស្ត្រ និង​តំណាង​ព្រឹទ្ធសភា​ផង​ដែរ​ ។ ឯកឧត្តម​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ដោយ​សមូហភាព សមូហភាព​តាម​រយៈ​ការ​ដឹកនាំ​ដោយ​ការ​ជ្រើសរើស​តំណាង ក្នុង​នោះ​១​នាក់​អាច​តំណាង​ ឱ្យ​សមាជិក​រាប់រយ​រាប់​ពាន់​នាក់ ដែល​តំណាង​ទាំង​អស់នេះ​ធ្វើការ​ ជាមួយ​គ្នា​នៅ​ក្រោម​ឆ័​ត្រ​គណៈកម្មាធិការ​កណ្តាល ៕ អត្ថបទសហការ