ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា​ដណ្ដើម​បាន​មេដាយ​ចំនួន​៤ ពី​កម្មវិធី​ប្រកួតប្រជែង​ ជំនាញ​អាស៊ាន លើក​ទី​១៤ ឆ្នាំ​២០២៥ នៅ​ប្រទេស​ហ្វី​លី​ពី​ន

2 ថ្ងៃ មុន

ប្រទេស​ហ្វី​លី​ពី​ន​ ៖ បេក្ខជន​មក​ពី​ព្រះរាជាណាចក្រ​កម្ពុជា ដណ្ដើម​បាន​មេដាយ​ចំនួន​៤ ពី​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​អាស៊ាន លើក​ទី​១៤ ឆ្នាំ​២០២៥ (World Skills ASEAN,…

ប្រទេស​ហ្វី​លី​ពី​ន​ ៖ បេក្ខជន​មក​ពី​ព្រះរាជាណាចក្រ​កម្ពុជា ដណ្ដើម​បាន​មេដាយ​ចំនួន​៤ ពី​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​អាស៊ាន លើក​ទី​១៤ ឆ្នាំ​២០២៥ (World Skills ASEAN, Manila 2025) រួម​មាន មេដាយ​សំរឹទ្ធិ (Bronze Medal) ចំនួន​១, មេដាយ​ឧត្តមភាព (Medallion for Excellence) ចំនួន ២, និង​ទទួល​បាន​ពានរង្វាន់​ល្អ​ឆ្នើម (Best of Nation Award) ចំនួន ១ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៥ ​។

លោក ចាន់ វិចិត្រ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ប្រតិភូ​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ៣១​រូប និង​បេក្ខជន​ចំនួន ១៩​រូប ដែល​បាន​ចូលរួម​ប្រកួតប្រជែង​លើ​មុខ​ជំនាញ​ចំនួន ១៣​ជំនាញ ពី​ក្រសួងទេសចរណ៍ និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​។

កម្មវិធី​ប្រកួតប្រជែង​នោះ មាន​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​រវាង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន ការ​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ជិត​ស្និទ្ធ​រវាង​ស្ថាប័ន​រដ្ឋាភិបាល ឧស្សាហកម្ម និយោជក​ជាមួយនឹង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការ​ផ្តល់​ជា​មធ្យោបាយ ដើម្បី​ទទួលស្គាល់​ឧត្តមភាព​ការងារ និង​អភិវឌ្ឍន៍​យុវជន និង​កម្មករ​ជំនាញ​ជំនាន់​ថ្មី​ឱ្យ​មាន​ជំនាញ​ខ្ពស់ ​។

បេក្ខជន សិត ដា​រ៉ា មក​ពី​វិទ្យាស្ថាន​ប៉េ អេស អឺ (PSE) នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ទទួល​បាន​ពានរង្វាន់​មេដាយ​សំរឹទ្ធិ ទាក់ទង​នឹង​មុខ​ជំនាញ​រៀប​ការ៉ូ​, បេក្ខជន ណ​ន តាំង​ហេង និង អុល សុភា​រម្យ មក​ពី​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) ដណ្ដើម​បាន​ពានរង្វាន់​មេដាយ​ឧត្តមភាព ទៅ​លើ​មុខ​ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម និង​ពានរង្វាន់​ល្អ​បំផុត​លើ​មុខ​ជំនាញ Cooking ដណ្ដើម​ដោយ​បេក្ខជន ចាង សុ​ភ័​ក្រ មក​ពី​វិទ្យាស្ថាន​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​នៃ​ក្រសួងទេសចរណ៍​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រកួតប្រជែង​នេះ មិន​ត្រឹមតែ​ជា​ប្រកួតប្រជែង​ស្វែងរក​អ្នកបច្ចេកទេស​ដ៏​ឆ្នើម​បំផុត​នោះ​ទេ ប៉ុន្ដែ​គឺជា​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​បង្ហាញ​ទេព​កោសល្យ ការ​ច្នៃប្រឌិត និង​បង្កើន​ភាព​ជឿជាក់​ទៅ​លើ​សមត្ថភាព​របស់​ពួក​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​។ កម្មវិធី​នេះ​ថែម​ទាំង​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​ពង្រឹង​មុខ​ជំនាញ​របស់​ពួក​គេ ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច​ ៕ អត្ថបទសហការ