រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ នេះ ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ១៩ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យឯកជន បន្ទាប់ពីក្រសួង និងភាគីពាក់ព័ន្ធបានផ្សព្វផ្សាយ និងនាំយកឱកាសការងារទៅដល់មូលដ្ឋាន ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា គិតត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ១៩ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យឯកជន ។
លោកបានបន្តថា ចាប់តាំងពីពេលមានបញ្ហាទំនាស់នៅតាមព្រំដែនកម្ពុជា និងថៃនាពេលកន្លងមកនេះ បានធ្វើឱ្យបងប្អូនពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ មានការភ័យខ្លាចពីសុខសុវត្ថិភាព ហើយពួកគាត់បានសម្រុកចាកចេញពីប្រទេសថៃជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ។ ទន្ទឹមគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយគ្រប់ច្រកល្ហក ដើម្បីដោះស្រាយបញ្ហាជីវភាព និងផ្ដល់ឱកាសការងារថ្មីជូនពួកគាត់ដល់ភូមិស្រុក ។
អ្នកនាំពាក្យរូបនេះបានបន្តថា រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋក្នុងស្រុក និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ គឺធ្វើយ៉ាងណានាំឱកាសការងារជូនពួកគាត់ភ្លាមៗ ដើម្បីគាំពារជីវភាពឱ្យបានទាន់ពេលវេលា ។
ក្រសួងការងារ បានណែនាំដល់មន្រ្តីជំនាញក្រោមឱវាទដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះប្រមូលទិន្នន័យតម្រូវការកម្លាំងពលកម្ម និងតម្រូវការការងារពីគ្រប់ក្រុមហ៊ុន និងគ្រឹះស្ថានទាំងតូចទាំងធំនៅទូទាំងប្រទេស ដើម្បីយកមកផ្សព្វផ្សាយ និងនាំឱកាសការងារទៅដល់មូលដ្ឋាន ក៏ដូចជាដាក់ប្រចាំការនៅតាមច្រកព្រំដែនកម្ពុជា-ថៃផងដែរ ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ ។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ទីផ្សារការងារនៅកម្ពុជានៅឆ្នាំ ២០២៥ កំពុងមានភាពល្អប្រសើ និងមានតម្រូវការខ្ពស់ដូចជា សេវាស្នាក់នៅ និងភោជ្ជនីយដ្ឋាន កម្មន្ដសាល ផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនី វាយនណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប អប់រំ ហិរញ្ញវត្ថុ និងធានារ៉ាប់រង បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា (ICT) ដឹកជញ្ជូន និងស្ដុកទំនិញ និងវិស័យសំណង់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ