ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការងារ អំពាវនាវ​កុំឱ្យ​ឆ្លងដែន​ទៅ​ថៃ​ខុសច្បាប់ គួរតែ​ស្វែងរក​ការងារក្នុងស្រុក​តាម​រយៈ​លេខ ១២៩៧ និង​សាកសួរព័ត៌មាន​ការងារ​ពី​អាជ្ញាធរ​មូលដ្ឋាន

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ហើយ​គួរតែ​ស្វែងរក​ឱកាស​ការងារ​ក្នុងស្រុក​វិញ​តាម​រយៈ​លេខ ១២៩៧ និង​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន​ទើប​ជា​ការ​ប្រសើរ ​។ លោក…

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ហើយ​គួរតែ​ស្វែងរក​ឱកាស​ការងារ​ក្នុងស្រុក​វិញ​តាម​រយៈ​លេខ ១២៩៧ និង​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន​ទើប​ជា​ការ​ប្រសើរ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា “​បងប្អូន​ប្រជាពលរដ្ឋ មិន​គួរ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នោះ​ទេ ដោយ​ពួក​គាត់​គួរតែ​ស្វែងរក​ឱកាស​ការងារ​ក្នុងស្រុក​វិញ តាម​រយៈ​លេខ ១២៩៧ និង​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន ព្រោះ​ការងារ​ក្នុងស្រុក​សំបូរ​បែប សុវត្ថិភាព​ជាង ចំណាយ​តិច​ជាង និង​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ រួម​ទាំង​អត្ថប្រយោជន៍​ការ​ថែទាំ​សុខភាព និង​ប្រាក់​សោធន ដែល​នៅ​ប្រទេស​ថៃ មិន​មាន​នោះ​ឡើយ​”​ ។

បន្ថែម​លើ​នេះ បម្រើ​ការងារ​ក្នុងស្រុក ក៏​អាច​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អាច​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ គ្មាន​ការ​វាយ​ធ្វើបាប ឬ​អំពើ​ហិ.ង្សា និង​មិន​ចំណាយ​ច្រើន​លើ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​បន្ថែម​ទៀត​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ដដែល ​។

ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ក្នុងស្រុក​នេះ​ដែរ លោក ស៊ុន មេ​សា បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាក់ទង​ទៅ​កាន់​លេខ ១២៩៧ ឬ​ក៏​អាច​ទាក់ទង​អាជ្ញាធរ​មូលដ្ឋាន ដែល​កំពុង​រង់ចាំ​សម្របសម្រួល និង​ស្វែងរក​ការងារ​ជូន ខណៈ​ដែល​ឱកាស​ការងារ កំពុង​មាន​តម្រូវការ​ជា​ច្រើន​ម៉ឺន​កន្លែង ទាំង​វិស័យ​ក្នុង​ប្រព័ន្ធ និង​វិស័យ​ក្រៅ​ប្រព័ន្ធ​។ បើ​តាម​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី ១ ខែកញ្ញា ឆ្នាំ ២០២៥​នេះ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មានឱកាស​ការងារ​សរុប​ជាង ៩​ម៉ឺន​នាក់​។

ជាមួយ​គ្នា​នេះ បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដោយ​គិត​ត្រឹម​ខែកក្កដា ឆ្នាំ ២០២៥​នេះ ប្រទេស​កម្ពុជា​នៅ​មានឱកាស​ការងារ​ប្រមាណ​ជាង ៣០​ម៉ឺន​កន្លែង​បន្ថែម​ទៀត តាម​រយៈ​គម្រោង​វិនិយោគ​ជាង ៤០០ ដែល​មាននៅ​កម្ពុជា​ ។

ដូច្នេះ ចំណុច​សំខាន់​បំផុត បងប្អូន​គួរតែ​ស្វែងរក​ការងារ​ក្នុងស្រុក​វិញ​តាម​រយៈ​លេខ ១២៩៧ ឬ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ទទួល​បាន​ប្រាក់ខែ​សមរម្យ​, អត្ថប្រយោជន៍​នានា​ដែល​ច្រើន​ជាង​នៅ​ក្រៅប្រទេស ខណៈ​ដែល​ការ​ធ្វើ​ចំណាកស្រុក​ដោយ​គ្មាន​ឯកសារ នឹង​ជួប​ប្រទះ​ការ​ចំណាយ​លុយ​លើ​មេខ្យល់ បញ្ហា​សុវត្ថិភាព​ដោយសារ​មានការ​រើសអើង ការ​កេងប្រវ័ញ្ច និង​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ ជាដើម​។ នេះ​បើ​តាម​លោក ស៊ុន មេ​សា ដដែល​ ៕ អត្ដបទសហការ