រាជធានីភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំត្រីភាគីរបស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ក្រោមអធីបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
តាមរយៈ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា ៖ «នៅថ្ងៃនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្ត កិច្ចប្រជុំត្រីភាគី ដោយកិច្ចប្រជុំធ្វើឡើងសរុប ១១លើក ក្នុងនោះកិច្ចប្រជុំត្រីភាគី ចំនួន២លើក កិច្ចប្រជុំទ្វេភាគី ចំនួន៣លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗ ចំនួន ៦លើក។ នេះគឹជាយន្តការដែលយើងបានចែងនៅក្នុងច្បាប់ ហើយកិច្ចប្រជុំត្រីភាគីនៅថ្ងៃនេះ ជាលទ្ធផលគឹបានទទួលនូវជំហរភាគីនិយោជក ដែលដើមឡើយគាត់សុំឱ្យមាន ការធ្លាក់ថយក្រោយ នៃកំណើនប្រាក់ឈ្នួលអប្បបរមានេះ ប៉ុន្តែចុងក្រោយនេះ ក៏ឯកភាពថា គាត់សុំរក្សាដដែល មិនឱ្យមានការធ្លាក់ចុះនៃប្រាក់ឈ្នួលអប្បបរមានោះទេ» ។
ឯកឧត្តម រដ្ឋមន្ត្រី បន្តថា៖ «ដោយឡែកសម្រាប់ បងប្អូនកម្មករនិយោជិតវិញ ក៏បានរួមគ្នា លើកនូវតួលេខមួយ គឺសុំកំណើនចំនួន ១០ដុល្លារ លើតួរលេខដែលមានស្រាប់គឺ ២០៨ ដុល្លារ ចឹងជាលទ្ធផល ភាគីនិយោជក គឺសុំរក្សាតួលេខប្រាក់ឈ្នួលអប្បបរមាដដែល (២០៨ដុល្លារ) ហើយបងប្អូនកម្មករនិយោជិតស្នើឡើង១០ដុល្លារ ដូចនេះមានន័យថា ឡើងដល់ ២១៨ ដុល្លារ សម្រាប់ឆ្នាំ២០២៦ នេះ ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏នេះជាជំហរបឋម នៃភាគីនីមួយៗ ហើយដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តសម្របសម្រួល ជាមួយនឹងភាគីពាក់ព័ន្ធបន្ថែមទៀត ដើម្បីឱ្យយើងអាចមានមូលដ្ឋានខិតទៅរក ភាពកៀកគ្នាបន្ថែមទៀត រវាងតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក» ។
គួរបញ្ជាក់ផងដែរថា ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមក នូវគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។ អង្គប្រជុំបានឯកភាពគ្នាកំណត់កាលបរិច្ឆេទនៃកិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ