ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់​មក​ពី​ថៃ​ប្រមាណ​ជាង ១៣​ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការងារ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ មក​ដល់​ពេល​នេះ ពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ថៃ​ជាង ១៣​ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការងារ​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់ ឯកឧត្តម ហេង សួរ…

រាជធានីភ្នំពេញ​ ៖ មក​ដល់​ពេល​នេះ ពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ថៃ​ជាង ១៣​ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការងារ​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្តី​ពី​យន្តការ​គាំទ្រ​ដល់​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​ការ​ត្រឡប់​មក​វិញ​របស់​បងប្អូន​ពលករ ក្រសួង​ការងារ​ជាដំបូង​ផ្តោត​លើ​រោងចក្រ​ធំ​ៗ ដើម្បី​ធានា​ថា​បងប្អូន​ពលករ​ដែល​ត្រឡប់​មក​វិញ​ទទួល​បាន​ឱកាស​ការងារ​ជាមួយនឹង​ស្តង់ដារ និង​លក្ខខណ្ឌ​ការងារ​ដែល​ល្អ​ប្រសើរ ​។

ឯកឧត្តម​ថ្លែង​ថា​៖ “​យើង​ផ្តោត​លើ​រោងចក្រ​ធំ​ៗ​ដែល​បម្រើ​ការ​នាំ​ចេញ ដោយសារ​រោងចក្រ​ធំ​ទាំងនោះ​មាន​លក្ខខណ្ឌ​ការងារ​ល្អ មាន​ប្រាក់ខែ​ប្រហាក់ប្រហែល​ថៃ កន្លែងធ្វើការ​មាន​ស្តង់ដា​ប្រហាក់ប្រហែល​ថៃ និង​ទំនើប ដែល​ក្រោយ​ពី​បងប្អូន​បាន​ចូល​ធ្វើការ​ងារ​ហើយ គាត់​នឹង​មិន​ត្រឡប់​ទៅ​វិញ​នោះ​ទេ​” ។

បន្ថែម​ពី​នេះ ឯកឧត្តម ហេង សួរ បាន​លើក​ឡើង​ថា ក្រសួង​ការងារ​ប្រមូល​បាន​ឱកាស​ការងារ​រាប់​សិន​ម៉ឺន​កន្លែង​ជា​រៀង​រាល់​ស​ប្តា​ហ៍ ឯការ​ប្រែប្រួល​ពី​ព័ត៌មាន​ទីផ្សារ​ការងារ​ដោយសារ​តម្រូវការ​ការងារ​ជា​ច្រើន​ពី​សំណាក់​បងប្អូន​ពលករ​ខ្មែរ ហើយ​វា​ក៏​បង្ហាញ​ពី​ការ​ខិតខំ​នៃ​តួអង្គ​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​រក​ការងារ​ជូន​ពួក​គាត់​ ។

សូម​បញ្ជាក់​ថា ការ​ទទួល​បាន​ឱកាស​ការងារ​របស់​ពលករ​ខ្មែរ​ជាង ១៣​ម៉ឺន​នាក់ ដោយសារ​វិធានការ​ពីរ​សំខាន់​ៗ​គឺ​វិធានការ​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​ការងារ និង​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ឯកជន​ផង​ដែរ​ ៕ អត្ថបទសហការ