ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៃ​សាធារណរដ្ឋ​ឆែក​ឆ្នាំ​សិក្សា ២០២៥-២០២៦ ជា​ធនធានមនុស្ស​ដ៏​ចាំបាច់​ សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ ប្រទេស​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ…

រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍ នៃ​សាធារណរដ្ឋ​ឆែក (Czech Government Scholarship) ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ចូល​ជួប​សំណេះសំណាល និង​សម្តែង​ការ​គួរសម ដើម្បី​ទទួល​បាន​នូវ​អនុសាសន៍ និង​ការ​យល់​ដឹង​បន្ថែម​ពី​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: មុន​ចេញដំណើរ​ទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋ​ឆែក នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ​។

ក្នុង​ឱកាស​នេះ លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ បាន​ចែករំលែក​ព័ត៌មាន​ស្ដី​ពី​ផែនការ​សកម្មភាព​ជា​ចម្បង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​មាន គោលនយោបាយ​ទីផ្សារ​ការងារ ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​បច្ចេកទេស និង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ដែល​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​ ។

លោក​ជំទាវ​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ប្អូន​ៗ​និស្សិត និង​ចែករំលែក​បទ​ពិសោធន៍ និង​ចំណេះដឹង ដើម្បី​ជា​ពុទ្ធិ​បន្ថែម​សម្រាប់​និស្សិត​ជ័យ​លា​ភី​ខាងលើ​ក្នុង​ការ​រៀបចំ​ផែនការ​អាជីព​របស់​ខ្លួន និង​ជា​ទុន​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ការងារ​ជាមួយ​សហគមន៍​អន្តរជាតិ ជា​ពិសេស​ជាមួយ​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​។ និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​ទាំងអស់ នឹង​ក្លាយជា​បញ្ញវន្ត​កម្ពុជា​ដ៏​ឆ្នើម​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ឆែក​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ ដែល​មាន​សក្តានុពល​បង្កើន​ការ​ទាក់ទាញ​ឱកាស​វិនិយោគ ទំនាក់ទំនង​វប្បធម៌ និង​កិច្ច​សហប្រតិបត្តិការ​នានា រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ទូលំទូលាយ ​។

ទន្ទឹម​នឹង​នេះ លោក​ជំទាវ​បាន​រម្លឹក​នូវ​ប្រវត្តិ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អតីត​និស្សិត​បាន​គង់ និង​សិក្សា​ប្រកបដោយ​ជោគជ័យ​នៅ​ទីក្រុង​ប្រាក (Prague) ដែល​ទ្រង់​ជា​និស្សិត​ដ៏​លេចធ្លោ​ទូ​ទាំង​ពិភពលោក​ចន្លោះ​ឆ្នាំ​១៩៦២ ដល់​ឆ្នាំ ១៩៧៥​។ ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ឆែក​មាន​ទំនាក់ទំនង​ល្អ ជា​មួយ​គ្នា​អស់​រយៈពេល​ជាង ៦៩​ឆ្នាំ​មក​ហើយ និង​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ ដល់​ប្រទេស​កម្ពុជា​ដែល​មួយ​ផ្នែក​ ជា​អាហារូបករណ៍​របស់​រដ្ឋាភិបាល​តាំងពី​ឆ្នាំ​១៩៨១​ ។

លោក​ជំទាវ​បាន​លើកទឹកចិត្ត​ ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ចាប់​យក​ជំនាញ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​ក្លាយជា​ធនធានមនុស្ស​ ដែល​មាន​សមត្ថភាព​ខ្ពស់ ក្នុង​ការ​ចូលរួម​កសាង​ប្រទេស​ជាតិ នៅ​ពេល​វិល​ត្រឡប់​មក​ជាតិ​មាតុភូមិ​វិញ​ ៕ អត្ថបទសហការ