ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​នៅ​កម្ពុជា​ ៖ វិធានការ​រក​ការងារ​ជូនពលករ​មក​ពី​ថៃ ​របស់​ក្រសួង​ការងារ​ មានលក្ខណៈ​គ្រប់​ជ្រុងជ្រោយ លឿន​រហ័ស និង​បង្ហាញពី​ការ​យកចិត្តទុកដាក់

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា​វាយតម្លៃ​ថា​ការ​ដាក់​ចេញ​នូវ​វិធានការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ​រក​ការងារ​ជូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ថៃ​គឺ​មាន​ប្រសិទ្ធ​ខ្ពស់ និង​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ជា​ខ្លាំង​។ ការ​វាយតម្លៃ​របស់​សហជីព​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ក្រសួង​ការងារ​បាន​ដាក់​ចេញ​នូវ​វិធានការ​សំខាន់​ៗ​ចំនួន ១១​ចំណុច​ដើម្បី​សម្របសម្រួល​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ទទួល​បាន​ឱកាស​ការងារ​ ។ លោក…

រាជធានីភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា​វាយតម្លៃ​ថា​ការ​ដាក់​ចេញ​នូវ​វិធានការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ​រក​ការងារ​ជូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ថៃ​គឺ​មាន​ប្រសិទ្ធ​ខ្ពស់ និង​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ជា​ខ្លាំង​។ ការ​វាយតម្លៃ​របស់​សហជីព​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ក្រសួង​ការងារ​បាន​ដាក់​ចេញ​នូវ​វិធានការ​សំខាន់​ៗ​ចំនួន ១១​ចំណុច​ដើម្បី​សម្របសម្រួល​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ទទួល​បាន​ឱកាស​ការងារ​ ។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​របស់​ក្រសួង​ការងារ គឺ​ពិតជា​មាន​សារៈសំខាន់ និង​ចាំបាច់​ដើម្បី​ធានា​នូវ​ការ​រក​ការងារ​ធ្វើ​ជូន​បងប្អូន​ពលករ​ ។ លោក សំ សឿ​ន បាន​គូសបញ្ជាក់​ថា​៖ “​យុទ្ធនាការ និង​យន្តការ​នានា​របស់​ក្រសួង​ការងារ​ដែល​បាន​ជួយ​សម្របសម្រួល​ដល់​បងប្អូន​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ឱ្យ​ទទួល​បាន​ឱកាស​ការងារ​នេះ គឺជា​ការ​ចាំបាច់ និង​មាន​សារៈសំខាន់ ហើយ​វា​ជា​ការ​យកចិត្តទុកដាក់​មួយ​ដែល​ក្រសួង​ការងារ​បាន​ដាក់​ចេញ​បន្ថែម​លើ​ការងារ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”​។

ទន្ទឹម​នឹង​នេះ លោក គឹ​ម ចាន់​សំណាង ប្រធាន​សភា​សម្ព័ន្ធ​សហជីព​កម្ពុជា មាន​ប្រសាសន៍​ថា​វិធានការ​ដែល​ក្រសួង​បាន​ដាក់​ចេញ គឺ​មាន​ភាពល្អ​ប្រសើរ និង​ស្រប​ជាមួយនឹង​តម្រូវការ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​លើក​ឡើង​ថា​៖ “​នេះ​ជា​វិធានការ​ដ៏​ល្អ​របស់​ក្រសួង​ការងារ​ក្នុង​ការ​ទទួលយក​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដោយ​បាន​ផ្តល់​ការងារ​ជូន​ដល់​ពួក​គាត់ ខណៈ​ដែល​បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​សម្បូរ​នូវ​ការងារ​ជា​ច្រើន​ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ស្រាប់​”​។

ជាមួយ​គ្នា​នេះ លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធ​កម្មករ​កម្ពុជា បាន​គូសបញ្ជាក់​ពី​ការ​ចូលរួម​របស់​សហជីព​ជាមួយ​ក្រសួង​ការងារ​ក្នុង​ការ​សម្របសម្រួល​ឱ្យ​បងប្អូន​ពលករ​ខ្មែរ​បាន​ចូល​ធ្វើ​ការងារ ជា​ពិសេស​គឺ​ការ​បង្កើត​នូវ​ទំនាក់ទំនង​ល្អជា​មួយ​និយោជក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។ ប្រធាន​សហជីព​រូប​នេះ លើក​ឡើង​ថា​៖ “​ក្នុង​នាម​ជា​សហជីព ក៏​បាន​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ការ​រៀបចំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បាន​ចូលរួម​ផ្សព្វផ្សាយ​ដល់​សមាជិក​សមាជិកា​នៅ​តាម​រោងចក្រ និង​ជួយ​ផ្សព្វផ្សាយ​ជាមួយនឹង​និយោជក​អំពី​ការ​យកចិត្តទុកដាក់ ការ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ពលករ​ដែល​ចូល​ធ្វើការ ដើម្បី​បង្ហាញ​ពី​ភាព​យកចិត្តទុកដាក់​ទៅ​វិញ​ទៅ​មក​”​។

ដើម្បី​ធានា​ថា​វិធានការ​របស់​ក្រសួង​ការងារ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព សហជីព​នៅ​កម្ពុជា​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាជន​ខ្មែរ ជា​ពិសេស​ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់​មក​ពី​ថៃ សូម​រូតរះ​ដាក់​ពាក្យ​រក​ការងារ​ធ្វើ ដើម្បី​ឆាប់​ទទួល​បាន​ឱកាស​ការងារ និង​សូម​រក្សា​ភាព​អត់ធ្មត់ និង​ជឿជាក់​លើ​ការ​សម្របសម្រួល​របស់​ក្រសួង​ការងារ​ក្នុង​ការ​រក​ការងារ​ជូន​បងប្អូន​ពលករ និង​ប្រជាជន​ខ្មែរ​គ្រប់​ៗ​គ្នា​។

បន្ថែម​ពី​នេះ សហជីព​នៅ​កម្ពុជា​បាន​អះអាង​ថា ខ្លួន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​សហការ​ជាមួយ​ក្រសួង​ការងារ​ក្នុង​ការ​សម្របសម្រួល និង​ស្វែងរក​ឱកាស​ការងារ​ជូន​ដល់​ពលរដ្ឋ ជា​ពិសេស​ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ ៕ អត្ថបទសហការ