ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​ថ្ងៃ​ទី​ ២ ដើម្បី​ជំរុញ​ការ​ផ្តល់​ឱកាសការងារ​ជូន​ដល់​ពលករ​ខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេស​ថៃ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​ចុះ​ជួប​ជាមួយ​តំណាង​រោងចក្រ សហគ្រាស ក្រុមហ៊ុន និង​សហជីព…

រាជធានីភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​ចុះ​ជួប​ជាមួយ​តំណាង​រោងចក្រ សហគ្រាស ក្រុមហ៊ុន និង​សហជីព ប្រតិភូ​បុគ្គលិក ជា​ច្រើន​ទីតាំង​បន្ថែម​ទៀត នា​ថ្ងៃ​ទី​ ១៩ ខែសីហា ឆ្នាំ ​២០២៥ តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​បង្កើន​នូវ​ភាព​ជា​ដៃគូ​យ៉ាង​ជិត​ស្និទ្ធ​បន្ថែម​ទៀត​រវាង អ្នកគ្រប់គ្រង​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ សហជីព និង​ប្រតិភូ​បុគ្គលិក ក្នុង​ការ​រួម​គ្នា​ក្នុង​ស្មារតី​ខ្មែរ​ស្រឡាញ់​ខ្មែរ ខែ្ម​រ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​រឹង​មាំ​ថែម​ទៀត ​។

ការ​ចុះ​សំណេះសំណាល​នេះ នឹង​បន្ត​ធ្វើ​រហូត​ដល់​គ្រប់​គោលដៅ​ទូ​ទាំង​ប្រទេស ខណៈ​យុទ្ធនាការ​ថ្ងៃ​ទី​១ បាន​ចុះ​ទៅ​ដល់​សហគ្រាស រោងចក្រ និង​ក្រុមហ៊ុន​សរុប​ចំនួន ២៥២ ដើម្បី​ក្តាប់​បាន​ស្ថានភាព​តម្រូវការ​កម្លាំង​ពលកម្ម និង​ដឹង​ពី​ស្ថានភាព​ជាក់ស្តែង នៃ​ការ​ជ្រើសរើស​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ទាំងអស់​នោះ​ ។

នា​ឱកាស​នោះ​ដែរ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្ដល់​ឱកាស​ការងារ និង​ទទួលយក​បងប្អូន​ពលករ​ខ្មែរ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឱ្យ​ចូល​បម្រើ​ការងារ និង​ផ្តល់​កិច្ចសហការ​សម្របសម្រួល​ដោយ​យកចិត្តទុកដាក់ និង​ទន់ភ្លន់​ពី​សំណាក់​សហគ្រាស ក្រុមហ៊ុន រោងចក្រ ដល់​បងប្អូន​ពលករ​ ។ មិនតែប៉ុណ្ណោះ ការ​ចុះ​ទៅ​កាន់​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នា​ពេល​នេះ ក៏​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ទទួល​បានការ​ងារ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ផង​ដែរ ​។

បន្ថែម​ពី​នេះ យុទ្ធនាការ​ថ្ងៃ​ទី​២ ក្នុង​ការ​ជួយ​ចុះ​ឈ្មោះ​រក​ការងារ​ជូន​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​នេះ នឹង​ជំរុញ​ឱ្យ​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​យកចិត្តទុកដាក់​បំផុត​នៅ​ថ្ងៃ​ចូល​ធ្វើការ​ដំបូង​របស់​ពលករ និង​សម្រួល​ឱ្យ​មានការ​បើកប្រាក់​ឈ្នួល​ដោយ​ផ្ទាល់​ដៃ ឬ​តាម​មធ្យោបាយ​បណ្តោះអាសន្ន​ណាមួយ ដើម្បី​បង្ក​ភាព​ងាយស្រួល​បន្ថែម​ទៀត​ជូន​បងប្អូន​ពលករ​ ។ លើស​ពី​នេះ ក្រសួង​បាន​ជំរុញ​ឱ្យ​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ សហការ​ផ្ដល់​ព័ត៌មាន​អំពី​តម្រូវការ​កម្លាំង​ពលកម្ម​មក​ក្រសួង​រៀង​រាល់ ២​ស​ប្តា​ហ៍ម្ត​ង និង​ការ​ចូលរួម​វេទិកា​ការងារ ឬ​យុទ្ធនាការ​សម្ភាស​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​ប្រព័ន្ធ Zoom ដែល​ក្រសួង​រៀបចំ​ក្នុង​ករណី​មាន​តម្រូវការ​ជ្រើសរើស​បុគ្គលិក​ ៕ អត្ថបទសហការ