ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង​ការងារ បន្ត​ជំរុញ​យុទ្ធនាការ​​ចុះ​ឈ្មោះ​រក​ការងារ​ ជូនពលករ​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ នៅ​តាម​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ទូ​ទាំង​ប្រទេស

15 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ចន្ទ ទី ​១៨…

រាជធានី​ភ្នំពេញ​ ៖ អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ចន្ទ ទី ​១៨ ខែសីហា ឆ្នាំ ​២០២៥ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ចុះ​ផ្ទាល់​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ ដែល​ប្រតិបត្តិការ​នេះ​នឹង​បន្ត​ធ្វើ​រហូត​ដល់​គ្រប់​គោលដៅ​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ទូ​ទាំង​ប្រទេស ដើម្បី​ក្តាប់​ជាប់​នូវ​ព័ត៌មាន​តម្រូវការ​ការងារ បញ្ហា​ប្រឈម និង​ជួយ​សម្របសម្រួល​ជាមួយ​អ្នកគ្រប់គ្រង​ផ្នែក​ជ្រើសរើស​កម្លាំង​ពលកម្ម​នៃ​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ ដែល​ផ្តល់​ការ​អនុគ្រោះ​ទទួលយក​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឱ្យ​ទទួល​បាន​ឱកាស​ការងារ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ទាំងអស់​នោះ​ ។

ទន្ទឹម​នឹង​នេះ ក៏​ជា​ឱកាស​មួយ​ដែល​បង្កើន​នូវ​ភាព​ជា​ដៃគូ​យ៉ាង​ជិត​ស្និទ្ធ​ថែម​ទៀត​រវាង​អ្នកគ្រប់គ្រង​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ សហជីព និង​ប្រតិភូ​បុគ្គលិក ក្នុង​ការ​រួម​គ្នា​ក្នុង​ស្មារតី​ខ្មែរ​ស្រឡាញ់​ខ្មែរ ខែ្ម​រ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​យើង​ឱ្យ​កាន់តែ​រីក​ចំរើន​រឹង​មាំ​ថែម​ទៀត​ ។

នា​ឱកាស​នោះ​ដែរ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្ដល់​ឱកាស​ការងារ និង​ទទួលយក​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូល​បម្រើ​ការងារ និង​ផ្តល់​កិច្ចសហការ​សម្របសម្រួល​ដោយ​យកចិត្តទុកដាក់ និង​ទន់ភ្លន់​ពី​សំណាក់​សហគ្រាស ក្រុមហ៊ុន រោងចក្រ ដល់​បងប្អូន​ពលករ​។ ការ​ចុះ​ទៅ​កាន់​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នា​ពេល​នេះ ក៏​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ទទួល​បានការ​ងារ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ផង​ដែរ​ ។

បន្ថែម​ពី​នេះ យុទ្ធនាការ​នេះ​ក៏​នឹង​ជំរុញ​ឱ្យ​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​យកចិត្តទុកដាក់​បំផុត​នៅ​ថ្ងៃ​ចូល​ធ្វើការ​ដំបូង​របស់​ពលករ និង​សម្រួល​ឱ្យ​មានការ​បើកប្រាក់​ឈ្នួល​ដោយ​ផ្ទាល់​ដៃ ឬ​តាម​មធ្យោបាយ​បណ្តោះអាសន្ន​ណាមួយ ដើម្បី​បង្ក​ភាព​ងាយស្រួល​បន្ថែម​ទៀត​ជូន​បងប្អូន​ពលករ ហើយ​លើស​ពី​នេះ ក្រសួង​ក៏​នឹង​ជំរុញ​ឱ្យ​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ សហការ​ផ្ដល់​ព័ត៌មាន​អំពី​តម្រូវការ​កម្លាំង​ពលកម្ម​មក​ក្រសួង​រៀង​រាល់ ២​ស​ប្តា​ហ៍ម្ត​ង និង​ការ​ចូលរួម​វេទិកា​ការងារ ឬ​យុទ្ធនាការ​សម្ភាស​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​ប្រព័ន្ធ Zoom ដែល​ក្រសួង​រៀបចំ​ក្នុង​ករណី​មាន​តម្រូវការ​ជ្រើសរើស​បុគ្គលិក ​៕ អត្ថបទសហការ