រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសហការផ្តល់ព័ត៌មានពីឱកាសការងារជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនពួកគាត់តាមរយៈការប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ។
សេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥ នេះថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន ដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្តល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា ។
ក្រសួងការងារបន្តថា សហគ្រាស ក្រុមហ៊ុន រោងចក្រគួរតែចូលរួមឱ្យបានសកម្មក្នុង «វេទិកាការងារ» ដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ នេះតទៅនៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី ២. នៅវិទ្យាស្ថានពហុបច្ចេកទេស/ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនៅតាមទីរួមខេត្ត ។
ដោយឡែក នៅរាជធានីភ្នំពេញមានចំនួន ៤កន្លែង គឺទី ១. នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី ២. នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ទី ៣. នៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) និងទី៤. នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ។ ចាប់ពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏នឹងចាប់ផ្តើមយុទ្ធនាការជុំទី៣នៅតាមឃុំ សង្កាត់ ដើម្បីចុះឈ្មោះ អ្នកស្វែងរកការងារ និងសម្ភាសជ្រើសរើសបុគ្គលិក ដោយក្នុងមួយថ្ងៃ មានវេទិកាការងារចន្លោះពី ៨០ ទៅ ១០០ ឃុំ/ សង្កាត់ ។
សហគ្រាស ក្រុមហ៊ុន រោងចក្រ អាចចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ក៏បាន ឬតាមរយៈប្រព័ន្ធ Zoom។ ទន្ទឹមគ្នានេះ ការចុះឈ្មោះស្វែងរកការងារតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ និង QR Code (ស្វែងរកការងារ-MLVT) ក៏នៅរក្សាផងដែរ ។ សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវផ្តល់ការណែនាំ និងតម្រង់ទិសការងារដោយយកចិត្តទុកដាក់បំផុតនៅថ្ងៃចូលធ្វើការ ៣ថ្ងៃដំបូង និងសូមសម្របសម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្តោះអាសន្នណាមួយជូនបងប្អូនពលករខ្មែរ ដែលពុំទាន់អាចបើកគណនីធនាគារបាន ។
សហគ្រាស ក្រុមហ៊ុន រោងចក្រ សូមសហការផ្តល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម មកក្រសួងការងាររៀងរាល់ ២សប្តាហ៍ម្តងតាមរយៈប្រព័ន្ធគ្រប់គ្រង ទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ (LACMS) ដែលមានតំណភ្ជាប់ https://lacms.mlvt.gov.kh ឬតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ឬស្តែន QR Code (ជំនួយការឌីជីថល-MLVT) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ