រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ ៖ TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗឈានមុខគេដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ បានប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីៗជាច្រើនក្នុងគោលបំណងជួយលើកកម្ពស់សុខុមាលភាពគ្រួសារកម្ពុជា ផ្តល់ការគាំទ្រដល់អ្នកបង្កើតមាតិកា និងពង្រឹងសុវត្ថិភាពសហគមន៍ឌីជីថល ។
មុខងារថ្មីៗទាំងនេះ ត្រូវបានរចនាឡើងដើម្បីបង្កើតបទពិសោធន៍ល្អៗនៅលើ TikTok សម្រាប់ក្មេងជំទង់ និងគ្រួសារ ដែលប្រើប្រាស់ថ្នាលនេះដើម្បីស្វែងរកមាតិកានានា រៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាព សម្រាប់អ្នកបង្កើតមាតិកាក្នុងការចែករំលែករឿងរ៉ាវរបស់ពួកគាត់ ក៏ដូចជាជួយកសាងសហគមន៍មួយដ៏រឹងមាំ និងសម្រាប់អ្នកប្រើប្រាស់ដទៃទៀតក្នុងការស្វែងរកមាតិកាដែលពួកគាត់ចូលចិត្ដជាប្រចាំថ្ងៃ។ អ្វីទាំងអស់នេះ កើតមានឡើងដោយសារការប្តេជ្ញាចិត្តឥតងាករេរបស់ TikTok ទៅលើការការពារផ្នែកសុវត្ថិភាព ឯកជនភាព និងសន្តិសុខ ។
ជួយលើកកម្ពស់សុខុមាលភាពសហគមន៍នៅប្រទេសកម្ពុជា
TikTok ប្តេជ្ញាចិត្ដធ្វើឱ្យប្រាកដថាប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ឌីជីថលមួយដែលពោរពេញដោយភាពសប្បាយរីករាយ ការកម្សាន្ត ទំនាក់ទំនងល្អ និងចំណេះដឹងថ្មីៗ ។ ដើម្បីគាំទ្រដល់គោលបំណងនេះ TikTok បានប្រកាសដាក់ឱ្យដំណើរការមុខងារគ្រប់គ្រងការចំណាយពេលវាលាលើអេក្រង់ (Screen Time Management) និងមុខងារគ្រប់គ្រងម៉ោងគេង (Sleep Hours) ដើម្បីជួយអ្នកប្រើប្រាស់កម្ពុជា ជាពិសេសក្មេងជំទង់ បង្កើតទម្លាប់ប្រើប្រាស់កម្មវិធីឌីជីថលល្អៗ និងគ្រប់គ្រងការចំណាយពេលវេលានៅលើប្រព័ន្ធអ៊ីនធឺណិតបានយ៉ាងមានប្រសិទ្ធភាព ។ យោងតាមអ្នកជំនាញ ការផ្លាស់ប្តូរវិជ្ជមានរយៈពេលវែង មិនមែនកើតចេញពីការរឹតបន្តឹងតែមួយមុខនោះទេ ប៉ុន្តែក៏កើតឡើងដោយសារការលើកទឹកចិត្ត ការអប់រំ និងការបង្កើតទម្លាប់វិជ្ជមានមួយជំហានម្តងៗ ។
នេះហើយជាមូលហេតុ ដែលជំរុញឱ្យយើងបង្ហាញមុខងារថ្មីមួយដែលមានឈ្មោះថា Well-being Missions។ Well-being Missions គឺជាស៊េរីបេសកកម្មខ្លីៗដ៏ទាក់ទាញ ត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់នៅប្រទេសកម្ពុជាបង្កើតទម្លាប់ប្រើប្រាស់កម្មវិធីឌីជីថលប្រកបដោយតុល្យភាព ។ ពេលអ្នកប្រើប្រាស់បញ្ចប់បេសកកម្ម ពួកគាត់ទទួលបានផ្លាកសញ្ញា (badge) ដែលអបអរ និងលើកទឹកចិត្តអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ ។
ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់សុខុមាលភាព
ផ្តល់ឱ្យអ្នកបង្កើតមាតិកាខ្មែរនូវមុខងារជាច្រើនដើម្បីជួយពួកគាត់ឱ្យទទួលបានជោគជ័យ
ចាប់តាំងពីការបំផុសនិន្នាការនានា រហូតដល់ការកសាងសហគមន៍ឌីជីថលដ៏រឹងមាំ អ្នកបង្កើតមាតិកាខ្មែរ គឺជាកត្តាដ៏សំខាន់ដែលធ្វើឱ្យ TikTok ក្លាយជាថ្នាលមួយដ៏មានអត្ថន័យ។ ពួកគាត់ ជួយបំផុសគំនិតថ្មីៗ ជំរុញការចូលរួម និងជួយអ្នកដទៃឱ្យរកឃើញមាតិកាថ្មីៗ ។
ទោះជាយ៉ាងណាក៏ដោយ ភាពច្នៃប្រឌិត អាចលូតលាស់បានល្អបំផុត នៅទីកន្លែងដែលមានសុវត្ថិភាព និងការគាំទ្រល្អប្រសើរ។ នៅពេលអ្នកបង្កើតមាតិកាខ្មែរ មានអារម្មណ៍ថាត្រូវបានការពារ និងគោរព ពួកគាត់អាចបញ្ចេញមតិដោយសេរី ចែករំលែករឿងរ៉ាវដោយមោទនភាព និងភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទស្សនិកជន ។
ជាផ្នែកមួយនៃការផ្ដល់ការគាំទ្របន្តសម្រាប់អ្នកបង្កើតមាតិកា យើងបានប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីៗជាច្រើនដើម្បីការពារ និងគាំទ្រអ្នកបង្កើតមាតិកានៅទូទាំងប្រទេស។ មុខងារថ្មីៗទាំងនេះ មានគោលបំណងធ្វើឱ្យអ្នកបង្កើតមាតិកាមានអារម្មណ៍មានសុវត្ថិភាព និងទំនុកចិត្តជាងមុន ក៏ដូចជាផ្ដល់ជំនួយដើម្បីអនុញ្ញាតឱ្យពួកគាត់បន្តធ្វើអ្វីដែលខ្លួនស្រឡាញ់ ពោលគឺបង្កើតមាតិកាដែលបំផុសគំនិត និងផ្តល់ភាពរីករាយដល់ទស្សនិកជន ។
មុខងារថ្មីៗទាំងនេះរួមមាន ៖
• Creator Care Mode ៖ ជួយអ្នកបង្កើតមាតិកាខ្មែរច្រោះចេញនូវមតិជេរប្រមាថ និងមតិមិនសមរម្យ ដែលធ្វើឱ្យ TikTok ក្លាយជាកន្លែងមួយដែលមានសុវត្ថិភាពជាងមុនក្នុងការចែករំលែកមាតិកា ។
• មុខងារបិទសំឡេងថ្មីសម្រាប់ TikTok LIVE ផ្ដល់ភាពងាយស្រួលជាងមុនដល់អ្នកបង្កើតមាតិកាខ្មែរក្នុងការគ្រប់គ្រង LIVE តាមរយៈការបិទពាក្យ ឃ្លា និង emojis បានទាំងអស់ក្នុងពេលតែមួយ ។
• Content Check Lite ៖ អនុញ្ញាតឱ្យអ្នកបង្កើតមាតិកាខ្មែរ ពិនិត្យជាមុនថាតើមាតិការបស់ពួកគាត់នឹងទំនងជាមិនសមស្របសម្រាប់ For You feed ឬយ៉ាងណាមុនពេលពួកគាត់បង្ហោះ ។
• Creator Inbox ៖ ប្រអប់ទទួលសារថ្មីប្រកបដោយវិជ្ជាជីវៈ ដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកបង្កើតមាតិកាខ្មែរ រៀបចំ និងឆ្លើយតបសារកាន់តែមានប្រសិទ្ធភាព ។
• Creator Chat Room ៖ អនុញ្ញាតឱ្យអ្នកបង្កើតមាតិកាខ្មែរភ្ជាប់ទំនាក់ទំនងកាន់តែស្និទ្ធស្នាល តាមរយៈការជជែកដោយផ្ទាល់ជាមួយអ្នកតាមដាននៅលើ TikTok ដែលបានកំណត់ ៕ អត្ថបទសហការ
ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់អ្នកបង្កើតមាតិកា
ចែករំលែកព័តមាននេះ