ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ បើក​សិក្ខាសាលា​ត្រីភាគី​ស្ដី​ពី «​បច្ចុប្បន្នភាព​សេដ្ឋកិច្ច សង្គម និង​និន្នាការ​ប្រាក់​ឈ្នួល​អប្បបរមា ​នៅ​កម្ពុជា និង​ក្នុង​តំបន់​»

19 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម គួ​ច សុ​មាន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម គួ​ច សុ​មាន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ត្រីភាគី​ស្ដី​ពី «​បច្ចុប្បន្នភាព​សេដ្ឋកិច្ច សង្គម និង​និន្នាការ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា និង​ក្នុង​តំបន់​» ដែល​រៀបចំ​ឡើង​នៅ​ទីស្តីការក្រសួង ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) តំណាង​ភាគី​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត និង​តំណាង​ភាគី​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក​ប្រមាណ ១៣០​រូប ​។

ថ្លែង​ក្នុង​សិក្ខាសាលា​ត្រីភាគី​នេះ ឯកឧត្តម គួ​ច សុ​មាន បាន​បង្ហាញ​ក្តី​សង្ឃឹម​ជឿជាក់​ថា សិក្ខាសាលា​ត្រីភាគី​នេះ នឹង​ក្លាយជា​វេទិកា​មួយ​ដ៏​សំខាន់ សម្រាប់​គ្រប់​ភាគី ដើម្បី​ជា​មូលដ្ឋាន និង​ធាតុ​ចូល​បន្ថែម ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បរ​មា​សម្រាប់​ឆ្នាំ​២០២៦​ ។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋលេខាធិការ បាន​បន្ត​លើក​ឡើង​ថា ក្រសួង​នឹង​បន្ត​ខិតខំ​បន្ថែម​ទៀត ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការងារ រួម​នឹង​ការ​ពង្រឹងពង្រីក​យន្តការ​និង​សមត្ថភាព​ស្ថាប័ន និង​បង្កើន​កិច្ចសហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​អាច​ធានា​បាន​នូវ​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ​។

ទន្ទឹម​គ្នា​នេះ ឯកឧត្តម​រដ្ឋលេខាធិការ ជឿជាក់​យ៉ាង​មុតមាំ​ង​ថា ក្រោយ​ចប់​សិក្ខាសាលា​ត្រីភាគី​នេះ គ្រប់​ភាគី​ទាំងអស់​នឹង​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​កា​រវិ​វ​ឌ្ឍ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​តំបន់ ដើម្បី​ជា​មូលដ្ឋាន​រៀង​ៗ​ខ្លួន​ក្នុង​ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ខាង​មុខ​ ។

ទន្ទឹម​នេះ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា នឹង​បន្ត​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​បំពេញ​តួនាទី​របស់​ខ្លួនឯង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ការ​ពិភាក្សា​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នា​ពេល​អនាគត​ ៕ អត្ថបទសហការ