ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលករ​ខ្មែរ​ ២ ​នាក់​ ដែល​ល្បី​លើ​បណ្តាញ​សង្គមដោយសារ​ផុស​ថា គ្មាន​ការងារ​ធ្វើ ឥឡូវ​ទទួលបានការ​ងារ​ធ្វើ​ហើយ​ តាម​រយៈ​ក្រសួង​ការងារ

22 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ពលករ​ខ្មែរ​ ២ ​នាក់ ​ដែល​ល្បី​លើ​បណ្តាញ​សង្គម ដោយសារ​តែ​ផុស​ថា គ្មាន​ការងារ​ធ្វើ​ពេល​នេះ​ទទួល​បានការ​ងារ​ធ្វើ​ហើយ នៅ​រោងចក្រ Di…

រាជធានីភ្នំពេញ​ ៖ ពលករ​ខ្មែរ​ ២ ​នាក់ ​ដែល​ល្បី​លើ​បណ្តាញ​សង្គម ដោយសារ​តែ​ផុស​ថា គ្មាន​ការងារ​ធ្វើ​ពេល​នេះ​ទទួល​បានការ​ងារ​ធ្វើ​ហើយ នៅ​រោងចក្រ Di Lux តាម​រយៈ​ការ​សម្របសម្រួល​របស់​អគ្គនាយកដ្ឋាន​ការងារ និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

លោក ធុ​ក ជា ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ បាន​លើក​ឡើង​ថា ពេល​ដែល​មក​ដល់​ខ្មែរ​មានការ​ងារ​ធ្វើ លោក​ឈប់​គិត​ស្រមៃ​ចង់​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទៀត​ហើយ ព្រោះ​នៅ​ប្រទេស​ខ្មែរ​មាន​ភាព​ងាយស្រួល​ជាង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ក្នុង​នោះ​ទី ​១​ គឺមិនបាច់​ធ្វើ​លិខិតឆ្លងដែន (​ប៉ា​ស្ព័​រ​) ទី​ ២ មិន​ចាំបាច់​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​អស់​ច្រើន ទន្ទឹម​នោះ មានការ​ចំណាយ​តិច​លើ​ទឹក​ភ្លើង ជា​ពិសេស នៅ​ប្រទេស​របស់​ខ្លួនឯង​មាន​ទំនុកចិត្ត និង​មាន​ភាព​កក់ក្តៅ ​។

លោក​និយាយ​ថា​ ៖ «​ខ្ញុំ​ចង់​អរគុណ​ដល់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល តែងតែ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឱ្យ​មានការ​ងារ​ធ្វើ វិល​ត្រឡប់​ចូល​ស្រុក​មក​វិញ​ ។ សូម​បងប្អូន​ដែល​នៅ​ថៃ វិល​ត្រឡប់​ចូល​ស្រុក​វិញ​ព្រោះ​ស្រុក​យើង​មិន​ខ្វះ​ការងារ​ធ្វើ​នោះ​ទេ​»​ ។

អ្នកស្រី ឆើត ស្រ​ម៉ៃ ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ប្រាប់​ថា មាន​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នកស្រី មិន​អាច​បន្ត​នៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ ទី ​១ ​គឺមាន​គេ​មើលងាយមើលថោក មិន​ឱ្យ​តម្លៃ ធ្វើ​ទុក​បុក​ម្និញ​បងប្អូន​ខ្មែរ​ច្រើន​ពេក ទី ​២ ការ​ត្រឡប់​មក​វិញ​ជា​រឿង​ល្អ ព្រោះ​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ចាំ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ជួយ​ស្វែងរក​ការងារ​ឱ្យធ្វើ​បាន​យ៉ាង​សមរម្យ​ ។

អ្នកស្រី​ថា​ ៖ «​នាង​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត ហើយ​ក៏​ចង់​ផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​នៅ​ប្រទេស​ថៃ បើ​ចុះ​មក​ខ្មែរ​វិញ សូម​ទាក់ទង​តាម​លេខ ១២៩៧​។ នាង​ខ្ញុំ​សូម​អរគុណ​ដល់​រាជរដ្ឋាភិបាល និង​បង​ៗ​ក្រុមការងារ​ដែល​បាន​យកចិត្តទុកដាក់ លើ​នាង​ខ្ញុំ​ដែល​ជា​ពលករ ទើប​មក​ពី​ប្រទេស​ថៃ​»​ ។

សូម​បញ្ជាក់​ថា បងប្អូន​ពលករ​ខ្មែរ​ដែល​ចង់​សួរ​ព័ត៌មាន​អំពី​ឱកាស​ការងារ សូម​ទាក់ទង​មក ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​រយៈ​លេខ​ទូរស័ព្ទ Hotline 1297 ដើម្បី​រក​ការងារ​ធ្វើ​បាន​លឿន​រហ័ស ​៕ អត្ថបទសហការ