រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ បានផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី ១ របស់កម្ពុជា ក្នុងឱកាសដែលលោកជំទាវបណ្ឌិត ទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើកទី ២ នៅក្នុងកម្មវិធី «Smile Asia Charity Gala 2025» ដោយមានការប្រគល់ដោយផ្ទាល់ពីលោកស្រី Gan Siow Huang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងទទួលបន្ទុកក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរីនាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ។
ពានរង្វាន់ «Smile Asia Philanthropic Visionary Award» ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូនម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ហើយលោកជំទាវបណ្ឌិត គឺជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជា ដែលបានទទួលដំបូងគេ ។
តាមរយៈពានរង្វាន់នេះ សូមកោតសរសើរដ៏ស្មោះ ជូនលោកជំទាវបណ្ឌិត ដែលជាថ្នាក់ដឹកនាំមួយរូប ប្រកបដោយគុណធម៌ សប្បុរសធម៌ និងមានឆន្ទៈដ៏មោះមុត បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងការចូលរួមចំណែកយ៉ាងសកម្មចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ថ្លៃថ្លា នៃការទទួលបាននូវពានរង្វាន់ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ជូនដល់លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា-បុត្រី សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ