រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ៥១នាក់ (ស្រី ៣២នាក់) ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ ក្រោមគម្រោងអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS-G 2025) និងនៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT 2025) នៅទីស្តីការក្រសួង នារសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ។
កម្មវិធីជួបសំណេះសំណាលនេះ បានផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍ អាចទទួលបាននូវការ ចែករំលែកបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានសារៈសំខាន់សម្រាប់និស្សិតយកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យបរទេសបានដឹង បានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់ និងបានជួបជជែកដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង ជាអតីតនិស្សិតអាហារូបករណ៍សិក្សានៅសាធារណរដ្ឋកូរ៉េ និងជប៉ុន ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ