ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន OCIC និងក្រុមហ៊ុន KPCC សហការ​គ្នាជាមួយ​សាលារៀន​ទន្សាយ ដើម្បី​គាំទ្រ​ការ​ពង្រីកសាខា​សម្រាប់​កុមារ​ពិការ​បញ្ញា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ៖ សាលារៀន​ទន្សាយ គឺជា​អង្គការក្រៅរដ្ឋាភិបាល (NGO)…

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ៖ សាលារៀន​ទន្សាយ គឺជា​អង្គការក្រៅរដ្ឋាភិបាល (NGO) កម្ពុជា ដែល​ផ្តល់​ការ​អប់រំ​ដល់​កុមារ​ដែល​មាន​ពិការ​ភាព​បញ្ញា ដូច​ជា​ជំងឺ​អូ​ទី​ស្សឹម​ជាដើម ​។ បច្ចុប្បន្ន​នេះ សាលារៀន​ទន្សាយ​កំពុង​ទទួល​បានការ​គាំទ្រ​ពី ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី (OCIC) និង​ក្រុមហ៊ុន​សំណង់​កោះ​ពេជ្រ (KPCC) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ OCIC ក្នុង​គោលបំណង​ពង្រីក​បរិក្ខារ​សាលា​អោយ​កាន់តែ​ធំ នៅ​សាខា​កណ្ដាល​របស់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​។ គំនិត​ផ្ដួចផ្ដើម​នេះ នឹង​អនុញ្ញាត​ឱ្យ​កុមារ​កាន់តែ​ច្រើន​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​អប់រំ​ពិសេស​សម្រាប់​កុមារ​ពិការ​បញ្ញា របស់​អង្គការ​សាលារៀន​ទន្សាយ​ ។

ភាព​ជា​ដៃគូ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​ផ្លូវការ​ដោយ​លោកស្រី សរ សុធា​រម្យ នាយិកា​ប្រតិបត្តិ​នៃ​សាលារៀន​ទន្សាយ និង​លោក ជិន ហុ​ក ប្រធាន​គ្រប់គ្រង​ទូទៅ KPCC ដោយ​បាន​ចុះហត្ថលេខា​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​បរិវេណ​សាលារៀន​ទន្សាយ​ ។ ជាមួយ​គ្នា​នេះ​ដែរ OCIC បាន​បរិច្ចាគ​អង្ករ​ប្រណិត​ដូន​កែវ ជា​ទឹកចិត្ត​សហការ​គ្នា​ដ៏​មាន​អត្ថន័យ ទៅ​កាន់​សិស្សានុសិស្ស​របស់​សាលារៀន​ទន្សាយ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​មានទុក្ខ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ ។

លោក ជិន ហុ​ក ប្រធាន​គ្រប់គ្រង​ទូទៅ KPCC មាន​ប្រសាសន៍​ថា ​៖ «​វឌ្ឍនភាព​កើតឡើង​នៅ​ពេល​ដែល​យើង​សាមគ្គី​រួម​គ្នា ​។ ភាព​ជា​ដៃគូ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​គាំទ្រ​កុមារ​ពិការ​នូវ​ជំនួយ​និង​ការ​អប់រំ​ដែល​ពួក​គេ​សាក​សម​នឹង​ទទួល​បាន និង​ដើម្បី​អោយ​គ្រួសារ​របស់​ពួក​គេ​ដឹង​ថា​កូន​ៗ​របស់​ពួក​គាត់​ក៏​ជា​ចំណែក​មួយ​នៃ​ការ​អភិ​វ​ឌ្ឈ​សង្គម​យើង​ដែរ​» ។

សាខា​កណ្ដាល​របស់​សាលារៀន​ទន្សាយ ដែល​មា​នទី​តាំងនៅ​ក្នុង​សាលា​បឋម​សិក្សា​ទួល​គោក បច្ចុប្បន្ន​កំពុង​ដំណើរការ ដោយ​មាន​ចំនួន​សិស្ស ២៣០ នាក់ និង​មាន​កុមារ​ជាង ២៥០ នាក់ នៅ​ក្នុង​បញ្ជី​រង់ចាំ ​។ ដើម្បី​បំពេញតម្រូវការ​បន្ទាន់​នេះ សាលា​គ្រោង​នឹង​ពង្រីក​បរិក្ខារ​ដែល​មាន​ស្រាប់​របស់​ខ្លួន ដោយ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដោយ​មាន​ពីរ​ជាន់​បន្ថែម និង​ថ្នាក់រៀន​ថ្មី​ចំនួន ១៥ បន្ទប់​ ។ ការ​ពង្រីក​នេះ​នឹង​បង្កើត​កន្លែង​សម្រាប់​សិស្ស​ចំនួន ៩១ នាក់​បន្ថែម​ទៀត​ជា​រៀង​រាល់​ឆ្នាំ ដោយ​ផ្តល់​ឱ្យ​កុមា​នូវ​ឱកាស​កាន់តែ​ច្រើន​ដើម្បី​រៀនសូត្រ​នៅ​ក្នុង​បរិយាកាស​ដែល​មាន​សុវត្ថិភាព និង​ការ​ថែទាំ​ជា​ចម្បង​ ។

សម្រាប់​ការ​ពង្រីក​នេះ ក្រុមហ៊ុន OCIC គាំទ្រ​លើ​ការ​រចនា និង​ផែនការ​ដោយ KPCC កំពុង​ផ្តល់​ជំនាញ​បច្ចេកទេស និង​ស្ថាបត្យកម្ម ដើម្បី​ធានា​ថា​គម្រោង​នេះ​សម​ស្រប​នឹង​តម្រូវការ​របស់​សាលារៀន​។ ជំនួយ​រួម​គ្នា​របស់​ពួក​គេ​នឹង​ជួយ​សម្រួល​ដល់​ការ​សាងសង់​យ៉ាង​ឆាប់រហ័ស​ទាន់​ពេលវេលា និង​ជួយ​សាលារៀន​ទន្សាយ​បន្តការងារ​ដ៏​សំខាន់​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​ការ​អប់រំ​ពិសេស និង​ផ្ដល់​ជំនួយ​ទៅ​កាន់​កុមារ​អូ​ទី​ស្សឹម ដោ​ន​ស៊ី​ន​ដ្រូ​ម និង​កុមារ​ខ្សោយសតិ​បញ្ញា​ ។

អ្នកស្រី សរ សុធា​រម្យ នាយិកា​ប្រតិបត្តិ​នៃ​សាលា​ទន្សាយ​មាន​ប្រសាសន៍​ថា ​៖ «​ចំនួន​កុមារ​ជា​ច្រើន​ដែល​ត្រូវការ​នូវ​ការ​អប់រំ​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​រង់ចាំ​ឱកាស​ដើម្បី​ទទួល​ការ​បង្ហាត់បង្រៀន​។ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​តែ​ប៉ុណ្ណោះ មាន​កុមារ​ជាង ២៥០ នាក់​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​រង់ចាំ​របស់​សាលា​យើង ​។ រយៈពេល​ដែល​ពួក​គេ​មិន​មានឱកាស​ទទួល​បានការ​អប់រំ គឺជា​គុណវិបត្តិ​ដែល​រារាំង​ពួក​គេ​ពី ឯករាជ្យ​ភាព​នៃ​ជីវិត ​។ សូម​អរគុណ​ដល់ OCIC និង KPCC ដែល​ធ្វើ​អោយ​ពួក​យើង​ខិត​កាន់តែ​ជិត​មួយ​ជំហាន​ទៀត​ទៅ​កាន់ការ​អភិវឌ្ឍ​លើ​ការ​អប់រំ​របស់​កុមារ​ទាំងនោះ​» ។

គម្រោង​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ធំ​មួយ​ប៉ុណ្ណោះ OCIC បាន​បញ្ជាក់​បន្ថែម​ទៀត​ពី​គោលបំណង​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​ដើម្បី​ជួយ​ដល់​សាលារៀន​ទន្សាយ​ក្នុង​រយៈពេល​យូរ រួម​ទាំង​ផ្ដល់​ឱកាស​សម្រាប់​សិស្សានុសិស្ស​ក្នុង​ការ​ទទួល​បានការ​ងារ និង​បទ​ពិសោធន៍​ហ្វឹកហាត់​ជាក់ស្តែង​នៅ​ក្នុង​គម្រោង​ផ្សេង​ៗ​របស់​ក្រុមហ៊ុន OCIC នា​ពេល​អនាគត​ ៕ អត្ថបទសហការ