ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្នុង​ថ្ងៃ​ទី​១ ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការងារ​ ជូន​ពលករ​៖ ក្រសួង​ការងារ​ បាន​ផ្សព្វផ្សាយ​ដល់​មនុស្ស​ជិត ​១ម៉ឺននាក់ ខណៈ​ជិត​ ២​ពាន់​នាក់​ទទួល​បានការ​ងារ​ភ្លាម

1 ថ្ងៃ មុន

រាជធានិភ្នំពេញ​ ៖ ក្នុង​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៥​នេះ ដែល​ជា​ថ្ងៃ​ទី​១​នៃ​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ពលរដ្ឋ​តាម​មូលដ្ឋាន និង​ពលករ​ជិត​២​ពាន់​នាក់ ​ទទួល​បាន​ឱកាស​ការងារ​ភ្លាម…

រាជធានិភ្នំពេញ​ ៖ ក្នុង​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៥​នេះ ដែល​ជា​ថ្ងៃ​ទី​១​នៃ​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ពលរដ្ឋ​តាម​មូលដ្ឋាន និង​ពលករ​ជិត​២​ពាន់​នាក់ ​ទទួល​បាន​ឱកាស​ការងារ​ភ្លាម ខណៈ​ដែល​អ្នកចូលរួម​ការ​ផ្សព្វផ្សាយ​ប្រមាណ​ជិត​ ១ ​ម៉ឺន​នាក់​នៅ​តាម​ឃុំ​ សង្កាត់​ចំនួន​ ២៨ ក្នុង​ខេត្ត​ចំនួន ៧ ​នៅ​ទូ​ទាំង​ប្រទេស​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៥​នេះ​ ។

អ្នកនាំពាក្យ​ដដែល​រូប​នេះ បាន​បន្ត​ថា ថ្ងៃ​ទី​២ ខែសីហា ដែល​ជា​ថ្ងៃ​ទី​១ នៃ​យុ​ទ្ធា​នា​ការ ឯកឧត្តម​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ នៃ​ក្រសួង​ការងារនិង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ ឱកាស​ការងារ​ទ្រង់ទ្រាយ​ធំ​ ស្តី​ពី​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ ដល់​ប្រជាពលរដ្ឋ និង​ពលករ​ដែល​ទើប​មក​ពី​ប្រទេស​ថៃ​ ចំនួន​ ៣០០​ ឃុំ​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥​ ។

លោក ស៊ុន មេ​សា បញ្ជាក់​៖ «​ក្នុង​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ទី​១ ​នៃ​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ ​ស្តី​ពី​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ជា​ពិសេស​បងប្អូន​ពលករ​ខ្មែរ​ ដែល​ទើប​មក​ពី​ថៃ​ បាន​ទទួល​ដំណឹង​ ពី​ឱកាស​ការងារ​ដ៏​សម្បូរ​បែប និង​អត្ថប្រយោជន៍ ​ប​.​ស​.​ស​.​ ជា​ច្រើន​ដែល​នៅ​មិន​មាន ​។ ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​សូម​អបអរសាទរ​ ដល់​បងប្អូន ​ដែល​ទទួល​បាន​ឱ​កាសការងារ​ភ្លាម​ៗ ​ជិត​២​ពាន់​កន្លែង​ផង​ដែរ​» ។

បើ​តាម​អ្នកនាំពាក្យ​ដដែល ក្នុង​យុទ្ធនាការ​ថ្ងៃ​ទី​១​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ឃុំ​សង្កាត់​ចំនួន ២៨ ក្នុង​ខេត្ត​ចំនួន ៧ ដែល​រួម​មាន​៖ ខេត្តកំពង់ធំ​, កំពង់ចាម​, កំពត​, ពោធិ៍សាត់​, ព្រៃវែង​, សៀមរាប​, និង​ស្វាយ​រៀង​ដោយ​មាន ​ក្រុមហ៊ុន​ឯកជន​ចំនួន ៣០ បាន​ចូលរួម ​។

សូម​រម្លឹក​ថា ក្នុង​គោលបំណង​ផ្តល់​ការងារ​ ដល់​ពលរដ្ឋ​ខ្មែរ​ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ភ្លាម​ៗ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​យុទ្ធនា​ចុះ​ផ្សព្វផ្សាយ​ ការ​ជំហាន​ទី​២ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ ​នៅ​តាម​ឃុំ​-​សង្កាត់​គោលដៅ​ចំនួន ៣០០ ក្នុង​ខេត្ត​ចំនួន ១៣ នៅ​ទូ​ទាំង​ប្រទេស ខណៈ​ដែល​ក្រសួង ក៏​គ្រោង​នឹង​រៀបចំ​ផែនការ​ជំហាន​ទី​៣ និង​ទី​៤ បន្ថែម​ទៀត ​៕ អត្ថបទសហការ