ប្រទេសជប៉ុន ៖ សហគមន៍ខ្មែរ និងប្រជាពលករនៅប្រទេសជប៉ុន ប្រមាណ ៥០០នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នា ថ្លែងអំណរគុណប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានជំរុញឱ្យមាន បទឈប់បា.ញ់រវាង កម្ពុជា និងថៃ ។ បន្ថែមពីនេះ ការប្រមូលផ្តុំគ្នារបស់ពលរដ្ឋសហគមន៍ខ្មែរ ក៏បានហែញ្ញត្តិទៅកាន់ស្ថានទូតថៃ ប្រចាំប្រទេសជប៉ុន ដើម្បីឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះ ឱ្យមកកម្ពុជាវិញ ។
បើយោងតាមអ្នករៀបចំកម្មវិធី ការប្រមូលផ្តុំនេះ មានគោលបំណងសំខាន់ៗ ដើម្បី ថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលនាំមកនូវសន្តិភាព ជូនកម្ពុជា និងថៃ ព្រមទាំងគាំទ្រប្រធានាធិបតីត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព អំពាវនាវឱ្យថៃ អនុវត្តកិច្ចព្រមព្រៀងបទឈប់បា.ញ់ និងប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ និងសូមថ្លែងអំណរគុណវីរកងទ័ពកម្ពុជា ដែលបានពលី រងរបួស ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ រួមទាំងជាការបង្ហាញពី រួបរួម និងសាមគ្គីគ្នា ខិតខំអភិវឌ្ឍប្រទេសជាតិ ក្នុងនាមមហាគ្រួសារខ្មែរ ។
សូមបញ្ជាក់ថា ដើម្បីគោរពដឹងគុណដល់វីរៈភាព នៃកងទ័ពកម្ពុជាដ៏ក្លាហាន ក្រុមអ្នកប្រមូលផ្តុំបានធ្វើការ គោរពវិញ្ញាណក្ខន្ធកងទ័ពពលី នៅសមរភូមិជួរមុខ ដែលបានបូជា និងលះបង់អាយុជីវិតដើម្បីការពារជាតិមាតុភូមិផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ