ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្រប​នឹង​មានការ​លើក​ឡើង​ពី​ការ​ធ្វើទុក្ខបុកម្នេញ​នៅ​ថៃ ក្រសួង​ការងារ អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​វិល​មក​ស្រុក​កំណើត​វិញ​ខណៈ​ដែល​ឱកាស​ការងារ​រ៉ាប់​ម៉ឺន​កន្លែង​កំពុង​រង់ចាំ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ស្រប​នឹង​ការ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ធ្វើទុក្ខបុកម្នេញ​នៅ​ប្រទេស​ថៃ ​ចំពោះ​ពលករ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី​ ២២ ខែកក្កដា​នេះ ទៅ​ដល់​ពលករ​ខ្មែរ…

រាជធានីភ្នំពេញ​ ៖ ស្រប​នឹង​ការ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ធ្វើទុក្ខបុកម្នេញ​នៅ​ប្រទេស​ថៃ ​ចំពោះ​ពលករ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី​ ២២ ខែកក្កដា​នេះ ទៅ​ដល់​ពលករ​ខ្មែរ និង​ពលរដ្ឋ​ដែល​កំពុងធ្វើការ និង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ឱ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដោយ​ស្វែងរក​ឱកាស​ការងារ​ក្នុងស្រុក​ជំនួស ​។ ការ​អំពាវនាវ​ជា​ថ្មី​នេះ​ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មានការ​ផ្សព្វផ្សាយ​ពី​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​ថា ពលរដ្ឋ​ខ្មែរ​ដែល​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ត្រូវ​បាន​ថៅកែ​ក្នុង​ប្រទេស​ថៃ​ធ្វើទុក្ខបុកម្នេញ​ដូច​ជា ផ្តាច់​ការ​ផ្គត់ផ្គង់​ទឹក​-​ភ្លើង និង​មិន​បើក​ប្រាក់ខែ​ឱ្យ​ជាដើម​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ ២៥​ម៉ឺន​កន្លែង​ដែល​ជា​ការងារ​នៅ​ក្នុងស្រុក សម្រាប់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​អាច​ចូល​ធ្វើការ​ដោយ​គ្មាន​ការ​ធ្វើបាប ឬ​រំលោ.ភ​បំពាន​ឡើយ​ ។ លោក ស៊ុន មេ​សា បញ្ជាក់​ថា​ ៖ “​ឱកាស​ការងារ​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង ២៥​ម៉ឺន​កន្លែង​ជា​ពិសេស​វិស័យ​ឧស្សាហកម្ម​ដែល​កំពុង​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​យើង​ដែល​ពេញកម្លាំង បើ​ទោះបីជា​មានបទពិសោធន៍ ឬ​គ្មាន​បទ​ពិសោធន៍​ឱ្យ​ចូល​ធ្វើការ​។ ដូចនេះ​បងប្អូន​ខ្មែរ​យើង ឬ​ពលករ​ដែល​ចង់បាន​ការងារ​សូម​ទាក់ទង​លេខ​ទូរ​សព្ទ ១២៩៧ ដើម្បី​ទទួល​បានការ​ងារ​ភ្លាម​ៗ” ​។

បន្ថែម​ពី​នេះ លោក ស៊ុន មេ​សា បាន​លើក​ឡើង​ពី​ហានិភ័យ​នៃ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ដូច​ជា​ការ​រំលោ.ភ​បំពាន​ពី​និយោជក ការ​មិន​ផ្តល់​អត្ថប្រយោជន៍​ស្រប​តាម​ច្បាប់ ឬ​ការ​ចុះ​អធិការកិច្ច​ពី​អាជ្ញាធរ​ម្ចាស់​ប្រទេស​ដែល​នាំ​ដល់​ការ​ចាប់ខ្លួន​ជាដើម​ ។ ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ជ្រើសរើស​ឱកាស​ការងារ​ក្នុងស្រុក និង​មិន​ត្រូវ​ប្រថុយប្រថាន​ត្រឡប់​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​នោះ​ឡើយ​ក្នុង​ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​បន្ត​មាន​អរិភាព​តាម​បន្ទាត់​ព្រំដែន ​។

សូម​រំលឹក​ផង​ដែរ​ថា ដើម្បី​ជួយ​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​បាន​រៀបចំ​ចែក​ខិត​បណ្ណ​ឱកាស​ការងារ ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដោយ​ឥត​គិតថ្លៃ និង​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​ក្នុង​មណ្ឌល​សំចត ឬ​កន្លែង​ទទួល​ពលករ​នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​និង​ថៃ​ចំនួន ៦​កន្លែង ​។ បន្ថែម​ពី​នេះ សម្រាប់​ពលករ​ដែល​វិល​មក​ដល់​ស្រុក​កំណើត ក្រសួង​ការងារ បាន​ដឹកនាំ​វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ ចុះ​ផ្តល់​ព័ត៌មាន​ពី​ឱកាស​ការងារ​ដល់​ស្រុកភូមិ​ដើម្បី​ធានា​ថា បងប្អូន​ពលករ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ឱកាស​ការងារ​គ្រប់​គ្នា ​៕ អត្ថបទសហការ