រាជធានីភ្នំពេញ ៖ ពលករខ្មែរប្រមាណ ៥ម៉ឺននាក់បានត្រឡប់មកកម្ពុជា ខណៈដែលពលករជាង ១ម៉ឺន៣ពាន់នាក់ទទួលបានឱកាសការងារធ្វើតាមបណ្តាលរោងចក្រសហគ្រាសទូទាំងរាជធានីខេត្តក្នុងប្រទេសកម្ពុជា ។ នេះ បើយោងតាមកិច្ចសម្ភាសន៍ពិសេសរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មានចំនួនជាង ៥ម៉ឺននាក់ ។ ក្នុងនោះ មានអ្នកចុះឈ្មោះស្វែងរកការងារធ្វើមានប្រមាណ ២ម៉ឺននាក់ ។ ហើយបងប្អូនដែលបានការងារធ្វើសរុបមាន ១៣ ៥២៧នាក់ គិតត្រឹមថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ ។ «នេះជាមោទនភាព ដែលបងប្អូនត្រឡប់មកភ្លាមមានការងារធ្វើ» ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តថា កម្ពុជាមានការងារចម្រុះសម្រាប់បងប្អូនពលករជាង ២៥ម៉ឺននាក់ ។ ក្នុងនោះ មានផ្នែកឧស្សាហកម្មប្រមាណ ២២ម៉ឺនជាងកន្លែង ផ្នែកកសិកម្មប្រមាណ ២ម៉ឺនជាងកន្លែង និងផ្នែកសេវាកម្មមានប្រមាណ ៥ពាន់ជាងកន្លែង ។ យើងមានកន្លែងការងារនៅតាមបណ្តាលខេត្តនានា ដែលនៅជិតទីតាំងរបស់បងប្អូន និងងាយស្រួលឱ្យបងប្អូនធ្វើការ ។ «យើងមិនខ្វះការងារនោះទេ ។ ឥឡូវនេះនៅកម្ពុជាយើង មែនទែនទៅ គឺខ្វះមនុស្សទៅវិញ» ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ដូចនេះ និងបានបញ្ជាក់ថា «នៅកម្ពុជាយើងនៅខ្វះកម្លាំង មែនទែនទៅយើងមានការងារច្រើនជាងមនុស្ស ។ យើងមាន ២៥ម៉ឺនកន្លែង ដែលកំពុងទន្ទឹងរង់ចាំបងប្អូន» ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តាំផ្ញើថា ប្រសិនបើបងប្អូនមិនទាន់ទទួលបានព័ត៌មានអំពីការស្វែងរកការងារ បងប្អូនអាចទាក់ទងមកកាន់លេខទូរស័ព្ទ ១២៩៧ បានដោយគិតថ្លៃ ។ យើងមានក្រុមការងារទទួលស្វាគមន៍ និងផ្តល់ព័ត៌មានអំពីកន្លែងការងារដែលនៅជិតបងប្អូន ។ ក្រៅពីនេះ បងប្អូនអាចចុះឈ្មោះជាមួយនឹងឃុំស្រុករបស់បងប្អូន ដើម្បីផ្តល់ព័ត៌មានដល់ទីភ្នាក់ងារមុខរបរ និងការងារ មានលទ្ធភាពចុះទៅដល់ទីតាំង និងនាំក្រុមហ៊ុនទៅជាមួយតែម្តង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ