ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ច្រកព្រំដែនកម្ពុជា-ថៃនីមួយៗត្រូវមន្រ្តីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះទៅដល់ និងកំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញ

16 ម៉ោង មុន

ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង ៨:០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ នេះ មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទៅ​ដល់ទី​តាំង​ច្រកព្រំដែន​កម្ពុជា​-​ថៃ​នីមួយ​ៗ…

ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង ៨:០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ នេះ មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទៅ​ដល់ទី​តាំង​ច្រកព្រំដែន​កម្ពុជា​-​ថៃ​នីមួយ​ៗ និង​កំពុង​ប្រចាំការ​ដើម្បី​រង់ចាំ​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ។

តាម​រយៈ​ការ​ចុះ​ផ្ទាល់​របស់​មន្ត្រី​ជំនាញ​ខាងលើ​នេះ គឺ​ដើម្បី​ផ្ដល់​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​ទទួល​បានការ​ងារ​ថ្មី និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិតថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​មាតុភូមិ​កម្ពុជា​វិញ ។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្តល់​ព័ត៌មាន​ទាក់ទង​ការ​ចុះ​ឈ្មោះ​ទទួល​បានការ​ងារ​ថ្មី និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិតថ្លៃ​នេះ​ផង​ដែរ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជូន​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ជា​មជ្ឈមណ្ឌល​ការងារ​ចល័ត​របស់​ខ្លួន ទៅ​កាន់​តំបន់​ព្រំដែន​នីមួយ​ៗ​នៃ​កម្ពុជា​-​ថៃ ដើម្បី​ទទួល​ចុះ​ឈ្មោះ​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ហើយ​មាន​បំណង​ចង់បាន​ឱកាស​ការងារ​ភ្លាម​ៗ ក៏​ដូច​ជា ការ​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ជាដើម ។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​មាតុភូមិ​កម្ពុជា នៅ​គ្រប់​ច្រកព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ជួយ​សម្របសម្រួល​ជូន​បងប្អូន​ទាំង​ផ្លូវច្បាប់ ការ​ផ្ដល់​ការងារ​ថ្មី​នៅ​ក្នុងស្រុក និង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​មួយ​ច្បាស់លាស់ ជាមួយ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នានា​នៅ​កម្ពុជា ដែល​ក្នុង​នោះ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA), TVET, និង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ព្រមទាំង​មន្ត្រី ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក៏​បាន​នឹង​កំពុង​សស្រាក់សស្រាំ​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការ​អនុវត្ត​លើ​ការងារ​នេះ​ផង​ដែរ​។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​ថ្លែង​បញ្ជាក់ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ផង​ដែរ​ថា ក្រសួង​មាន​យន្តការ​គ្រប់គ្រាន់ និង​មាន​លទ្ធភាព​សមរម្យ​គ្រប់គ្រាន់ ដើម្បី​អាច​ផ្តល់​ឱកាស​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​បាន​ត្រឡប់​មក​កាន់​មាតុភូមិ​កម្ពុជា​វិញ ។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ទៀត​ថា ក្រៅពី​ការ​ផ្ដល់​ឱកាស​ការងារ​ហើយ​នោះ ក្រសួង​ក៏​បាន​ត្រៀម​រៀបចំ​រួចរាល់​ក្នុង​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ទូទៅ និង​ពលករ​ជា​ពិសេស​ផង​ដែរ ។

សូម​បញ្ជាក់​ថា បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ នេះ​កម្ពុជា​មានឱកាស​ការងារ​នៅ​ទូ​ទាំង​ប្រទេស​សរុប​ប្រមាណ​ជាង​២៣​ម៉ឺន​កន្លែង ៕ សហការ