រាជធានីភ្នំពេញ៖ ធនាគារ ABA បានបញ្ជាក់ជាថ្មីចំពោះការខិតខំប្រឹងប្រែងគាំទ្រ ទៅលើការងារមនុស្សធម៌ ជាមួយការរួមចំណែកជាថវិការចំនួន ១00.000 ដុល្លារអាមេរិក ដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (សមាគម TYDA) បញ្ជាក់ការរួមគ្នាក្នុងការដោះស្រាយបញ្ហាថែទាំសុខភាពសំខាន់ៗទៅតាមតម្រូវការ ។
បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងឆ្នាំ ២០២៣ ដោយគូសបញ្ជាក់អំពីជំនួយថវិការសរុបចំនួន ៣00.000 ដុល្លារអាមេរិក នេះជាលើកទី៣ នៃការឧបត្ថម្តជូនដល់សមាគម TYDA ។
ក្រោមភាពជាដៃគូសហការ ការគាំទ្រនេះបានអនុញ្ញាតឱ្យសមាគម TYDA បន្តផ្តល់ និងពង្រីកយុទ្ធនាការពិនិត្យសុខភាពដោយឥតគិតថ្លៃ ទូទាំងប្រទេសកម្ពុជា ។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៥ ជំនួបផ្លូវការបានចូលរួមជាអធិបតីរបស់ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគម TYDA និង លោក Askhat Azhikhanov អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារ ABA ព្រមទាំងអ្នកតំណាងភាគីទាំងសងខាង ។
លោក Askhat Azhikhanov មានប្រសាសន៍ថា៖ «ពីមួយឆ្នាំទៅមួយឆ្នាំ យើងខ្ញុំមានសេចក្តីសោមន្សក្នុងការបន្តការគាំទ្រដល់សមាគម TYDA និងរួមចំណែកដល់ការងារមនុស្សធម៌ដ៏សំខាន់។ លទ្ធផលវិជ្ជមានដែលបានកើតចេញពីយុទ្ធនាការនេះ ជាពិសេសចំពោះអ្នកជំងឺដែលមានតម្រូវការ និងការរួមចំណែកយ៉ាងសកម្មរបស់បុគ្គលិកធនាគារក្នុងយុទ្ធនាការរបស់ TYDA ពិតជាអ្វីដែលគួរឲ្យកោតសរសើរ» ។
ក្នុងអំឡុងពេលប៉ុន្មានឆ្នាំក្រោយនេះ បុគ្គលិកធនាគារ ABA តែងតែចូលរួមយ៉ាងសកម្មក្នុងកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺ រៀបចំដោយសមាគម TYDA តាមបណ្តាខេត្តនានា ។
លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ក៏មានប្រសាសន៍ថា៖ «យើងខ្ញុំសូមអរគុណយ៉ាងជ្រៀលជ្រៅដល់ធនាគារ ABA សម្រាប់ការគាំទ្រជាបន្តបន្ទាប់ មិនថាតាមរយៈការបរិច្ចាគថវិការ ឬការរួមចំណែកយ៉ាងសកម្មរបស់បុគ្គលិកក្នុងយុទ្ធនាការរបស់យើងខ្ញុំទូទាំងប្រទេសនោះទេ» ។
លោកក៏បានបន្ថែមថា៖ «ការសហការនេះ ឆ្លុះបញ្ចាំងអំពីចក្ខុវិស័យរួម លើភាពធន់និងសុខុមាលភាពសហគមន៍ក្នុងប្រទេសកម្ពុជា» ។
ក្រោមភាពជាដៃគូដ៏យូរអង្វែង ធនាគារ ABA មានមោទនភាពដែលបានឈរជើង ជាមួយបេសកកម្មមនុស្សធម៌របស់សមាគម TYDA ដើម្បីផ្តល់ជូនការពិនិត្យសុខភាពសំខាន់ៗ ដោយឥតគិតថ្លៃ ដល់សហគមន៍ខ្វះខាតក្នុងប្រទេសកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ