ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ ក្រសួង​ការងារ​ ទទូច​ដល់​អ្នក​ប្រើ​បណ្ដាញ​សង្គម សូមកុំ​បំប៉ោង​ព័ត៌មាន​មិន​ពិត​ រឿង​ពលករ​ខ្មែរ សម្រុក​ចេញពី​ថៃ

3 អាទិត្យ មុន

រាជធានីភ្នំពេញ​៖ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​ស្នើ​យ៉ាង​ទទូច​ដល់​អ្នក​ប្រើប្រាស់…

រាជធានីភ្នំពេញ​៖ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​ស្នើ​យ៉ាង​ទទូច​ដល់​អ្នក​ប្រើប្រាស់ ​បណ្ដាញ​សង្គម​ទាំងឡាយ សូមកុំ​បំប៉ោង​ព័ត៌មាន​មិន​ពិត ​ពាក់ព័ន្ធ​នឹង​ករណី​ពលករ​ខ្មែរ ​សម្រុក​ចេញពី​ប្រទេស​ថៃ ​ចូល​មក​មាតុភូមិ​កម្ពុជា​វិញ ពីព្រោះ​មិន​មាន​ផលប្រយោជន៍​អ្វី​ ដល់​ប្រទេស​ជាតិ​ និង​ប្រជាជន​កម្ពុជា​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ រឹតតែ​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​ចំពោះ​ស្ថានការណ៍​ពិត បង្ក​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ​។

លោក បញ្ជាក់​ថា​៖ «​សូម​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ចែករំលែក​ ព័ត៌មាន​មិន​ពិត​ស្តី​ពី​ការ​សម្រុក​ចេញ ពី​ទឹកដី​ថៃ​របស់​ពលរដ្ឋ​ខ្មែរ​ ។ កុំ​ដើម្បី​តែ Like និង View ធ្វើ​ឱ្យ​សង្គម​ជាតិ​មាន​ផល​ប៉ះពាល់​ដោយសារ​ សកម្មភាព​របស់​យើង​ ។ ខ្មែរ​យើង​ត្រូវ​តែ​ប្រកាន់​អាកប្បកិរិយា​ត្រឹមត្រូវ ដើម្បី​សង្គម​ជាតិ​ដ៏​ស្រស់​ផូរផង់​របស់​ខ្លួន​»​ ។

ការ​ស្នើ​សុំ​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​តូច ដែល​ចង់​ទាក់ទាញ​ឱ្យ​មាន​អ្នក​ចូល​មើល​ច្រើន (MMO) បាន​ប្រើប្រាស់​រូបភាព​ពលករ​ខ្មែរ​ឆ្លង​ដែន ​មក​លេង​ស្រុក​កំណើត​នៅ​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ កាលពី​ខែមេសា​កន្លង​ទៅ មក​បង្ហោះ​ឡើង​វិញ​ជាមួយនឹង​ការ​សរសេរ​ចំណងជើង​ថា ពេល​នេះ ពលករ​ខ្មែរ​កំពុង​សម្រុក​ចេញពី​ប្រទេស​ថៃ នា​អំឡុង​ពេល​មាន​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​ ។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ មិន​មាន​បាតុភាព​ណាមួយ​ជា​អវិជ្ជមាន​ធ្ងន់ធ្ងរ​ទៅ​លើ​ពលរដ្ឋ សិស្ស និស្សិត​ខ្មែរ​ដែល​កំពុងធ្វើការ និង​សិក្សា​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ ពោល​គឺ​ស្ថានការណ៍​រស់នៅ និង​ការ​ប្រកបការងារ​មាន​ប្រក្រតី​ភាព​ដូច​ធម្មតា ​។

សម្រាប់​អ្នកនាំពាក្យ​ក្រសួង​ការងារ ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម គឺជា​សិទ្ធិ​ដ៏​បរិបូរណ៍​របស់​ពលរដ្ឋ ប៉ុន្តែ​សូម​ផ្សព្វផ្សាយ​តែ​ព្រឹត្តិការណ៍​ពិតប្រាកដ ​៕ អត្ថបទសហការ