រាជធានីភ្នំពេញ ៖ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” ជូនដល់អគ្គនាយកក្រុមហ៊ុន និងប្រធានផ្នែកក្នុងក្រុមហ៊ុនដែលមានស្នាដៃសរុបចំនួន ៧១រូប ។
កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ HYATT REGENCY PHNOM PENH នារាត្រីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ឱក តារារិទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយវត្តមានរបស់ឯកឧត្ដម ឌុច ដារិន្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក Anthony Galliano (អាន់តូនី ហ្កាល់លានណូ) ប្រធានក្រុមប្រឹក្សាកិត្តិយសនៃក្លិប Global Entrepreneur 1% ប្រចាំកម្ពុជា ព្រមទាំងវត្តមានរបស់អគ្គនាយកក្រុមហ៊ុន ម្ចាស់អាជីវកម្ម ប្រធានផ្នែកក្នុងក្រុមហ៊ុនមកពីប្រទេសចំនួន ២១ និងអ្នកចូលរួមជាកិត្តិយសដទៃទៀតសរុបប្រមាណ ២៧១ រូប ។
ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីខាងលើនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ម៉ុល វិបុល បានកោតសរសើរចំពោះម្ចាស់ពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” ទាំង ៧១រូប ដែលត្រូវបានវាយតម្លៃ ដាក់ពិន្ទុដោយសុក្រឹតជាទីបំផុតពីថ្នាក់ដឹកនាំរបស់ ASIA PRESTIGE CEO EXCELLENCE AWARD ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានជម្រាបជូនអង្គពិធីអំពីបេសកកម្មរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានរំលេចនូវការគោរពដឹងគុណ និងស្នាដៃជាប្រវត្តិសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា ជារដ្ឋបុរស និងជាមគ្គទេសក៍ឯកនៃនយោបាយឈ្នះ-ឈ្នះដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពពេញលេញ ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា និងជាអ្នកនាំឱកាសសម្រាប់ម្ចាស់ពានរង្វាន់ទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធីនេះអាចប្រកបអាជីវកម្មដោយគ្មានការភិតភ័យ ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមថា ផ្អែកលើមូលដ្ឋានបទពិសោធន៍ និងសមិទ្ធផលរយៈពេល ២៧ឆ្នាំកន្លងមក រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏មុតស្រួចនិងស៊ីជម្រៅរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គមសេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្ទាប់ ដោយវាយតម្លៃប្រមើលសម្រាប់ ២៥ឆ្នាំទៅមុខ និងសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានកាតព្វកិច្ចបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រដោយប្តេជ្ញាចិត្តខ្ពស់ឥតរាថយក្នុងដំណើរឆ្ពោះទៅមុខកាន់តែស្វាហាប់ ប្រកបដោយសុទិដ្ឋិនិយម ភាពជឿជាក់ ក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្ទាប់ និងជំរុញអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ កាន់តែទូលំទូលាយ សំដៅបន្តដឹកនាំកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជាច្រើនបន្ថែមទៀតលើគ្រប់វិស័យ និងនាំឱ្យសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត ។
ទន្ទឹមនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បាន បញ្ជាក់អំពីគោលដៅយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ទាក់ទងនឹងការបង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណនិងគុណភាពជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន និងការបន្តកសាង ពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលជាយន្តការមិនអាចខ្វះបាន ប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។
គួរបញ្ជាក់ដែរថា ចំពោះការទទួលបានពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” នេះ ម្ចាស់ជ័យលាភីនីមួយៗត្រូវឆ្លងកាត់ការវាយតម្លៃទទួលស្គាល់ពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ មានចក្ខុវិស័យវែងឆ្ងាយ និងមានសមត្ថភាពក្នុងការដឹកនាំក្រុមហ៊ុន សហគ្រាសរបស់ខ្លួនឱ្យមានភាពរីកចម្រើន និងមានភាពសុខដុមរមនា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ