ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ដោះស្រាយ​បាន​បញ្ចប់​ ៖ កម្មករ​នៃ​ក្រុមហ៊ុន​ដាប់​ប៊ែ​ល​យូ​ភី ស្ព័ត បាន​វិល​ចូល​ធ្វើការងារ​វិញ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ការ​ដោះស្រាយ​សំណើ​របស់​កម្មករ​ក្រុមហ៊ុន​ដាប់​ប៊ែ​ល​យូ​ភី ស្ព័ត (​ខេ​ម​បូ​ឌា​)​ ឯ​.​ក ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ទាំងស្រុង​លើ​សំណើ​ចំនួន​ ១០ ចំណុច ក្រោម​ការ​សម្របសម្រួល​ដ៏​លឿន​រហ័ស​របស់​មន្ទីរ​ការងារ…

រាជធានីភ្នំពេញ​ ៖ ការ​ដោះស្រាយ​សំណើ​របស់​កម្មករ​ក្រុមហ៊ុន​ដាប់​ប៊ែ​ល​យូ​ភី ស្ព័ត (​ខេ​ម​បូ​ឌា​)​ ឯ​.​ក ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ទាំងស្រុង​លើ​សំណើ​ចំនួន​ ១០ ចំណុច ក្រោម​ការ​សម្របសម្រួល​ដ៏​លឿន​រហ័ស​របស់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ខេត្តស្វាយរៀង និង​ក្រុម​ជំនាញ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខណៈ​ដែល​បងប្អូន​កម្មករនិយោជិត​ភាគច្រើន​បាន​ចូល​ធ្វើការ​វិញ​ហើយ​ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក ស៊ុន មេ​សា ដែល​បាន​បញ្ជាក់​ឱ្យ​ដឹង​កាលពីព្រឹក​ថ្ងៃ​ទី​ ២៧ ខែឧសភា ឆ្នាំ​ ២០២៥ ​នេះ​ ។

លោក ស៊ុន មេ​សា បាន​ថ្លែង​ថា ​៖ «​ករណី​សំណើ​របស់​បងប្អូន​នៃ​ក្រុមហ៊ុន​ដាប់​ប៊ែ​ល​យូ​ភី ស្ព័ត ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​តាំងពី​ល្ងាច​មិ​ញ​មក​ម្ល៉េះ គឺ​ទាំង​ក្រុមហ៊ុន ទាំង​កម្មករ​បាន​យល់ព្រម​សម្របសម្រួល​គ្នា បើ​ទោះ​ណា​ចំណុច​ខ្លះ​មាន​ភាព​លើស និង​ខ្វះ​មួយ​ចំនួន​ដែល​មិន​មាន​ចែង​ក្នុង​ច្បាប់​ក៏​ដោយ ប៉ុន្តែ​ការ​ឈរ​លើ​ប្រយោជន៍​រួម ក្រុមការងារ​បាន​សម្រេច​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​» ​។

លោក​បាន​បន្ត​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​ដោះស្រាយ​សំណើ​របស់​បងប្អូន​កម្មករ​នៃ​ក្រុមហ៊ុន​ដាប់​ប៊ែ​ល​យូ​ភី ស្ព័ត​ ដើម្បី​ធានា​ថា កម្មករ​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ស្រប​តាម​ច្បាប់​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ ហើយ​ភាគី​និយោជក​ត្រូវ​អនុវត្ត​ឱ្យ​បាន​ ១០០% ដើម្បី​ធានា​ពី​អត្ថប្រយោជន៍​របស់​កម្មករ​ ។ ជាមួយ​គ្នា​នេះ ក្រសួង​ក៏​មិន​អនុញ្ញាត​ឱ្យ​ភាគី​ណាមួយ​យក​កម្មករ​ធ្វើ​ជា​លេស ដើម្បី​ទាញ​យក​ប្រយោជន៍​ដែល​ផ្ទុយ​ពី​ច្បាប់​ផង​ដែរ ​។

ចំពោះ​សំណើ ១០ ​ចំណុច​នោះ​រួម​មាន ការ​ថែម​ម៉ាស៊ីន​ស្គែ​ន​វត្តមាន​ឱ្យ​ច្រើន​ជាង​មុន​, សំណើ​រៀបចំ​រោង​អាហារ​, ការ​សម្រួល​ម៉ោង​ពេល​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មានកូន​ខ្ចី​, ការ​សម្អាត​អនាម័យ​ក្នុង​បន្ទប់ទឹក​, ការ​ផ្តល់​ប្រាក់​ថែទាំ​សុខភាព​, ការ​ផ្តល់​ប្រាក់​ជំនាញ​, និង​ការ​បើកប្រាក់​ឈ្នួល​ទៀងទាត់​ជាដើម​។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អះអាង​ថា «​ក្រសួង​រីករាយ​ណាស់​ដែល​ក្រុម​កម្មករ និង​ម្ចាស់​រោងចក្រ​មាន​ភាព​ចាស់ទុំ​ក្នុង​ការ​ដោះស្រាយ និង​ឈរ​លើ​ប្រយោជន៍​រួម ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៃ​បរិយាកាស​ការងារ និង​លក្ខខណ្ឌ​ការងារ​ព្រោះ​រាជរដ្ឋាភិបាល​ត្រូវការ​ស្តង់ដា​ការងារ​មួយ​ដើម្បី​ធានា​ពី​សុខុមាលភាព​របស់​បងប្អូន​កម្មករ និង​ការ​ធានា​បាន​នូវ​សង្វា​ក់​ផលិតកម្ម​នៃ​រោងចក្រ​» ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​តាំងពី​អាណត្តិ​មុន​ៗ​ជា​ពិសេស​អាណត្តិ​ទី ​៧​ ដែល​ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន ១០​ ចំណុច​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​លើកកម្ពស់​ដល់​វិស័យ​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​នោះ​កម្មករនិយោជិត គឺជា​អាទិភាព​មួយ​សំខាន់​ដែល​រាជរដ្ឋាភិបាល​បាន​គិតគូរ និង​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​នៅ​ក្នុង​នោះ​រួម​មាន ការ​បន្ត​ឡើង​ប្រាក់​ឈ្នួល​ជា​បន្តបន្ទាប់​ប្រចាំឆ្នាំ ការ​ផ្ដល់​ការ​ថែទាំ​សុខភាព​ដល់​សមាជិក​ក្នុង​បន្ទុក និង​ការ​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ រួម​ទាំង​ការ​បណ្តុះបណ្តាល​ជាដើម​ដែល​នេះ​គឺ​សុទ្ធសឹងតែ​ជា​យន្តការ​គន្លឹះ​សំខាន់​ៗ​ដើ​ម្ប​កែប្រែ​ជីវភាព​កម្មករនិយោជិត និង​លក្ខខណ្ឌ​ការងារ​ ។

ជាមួយនឹង​ដំណោះស្រាយ​ដែល​បាន​ឯកភាព​គ្នា​កាលពី​ម្សិលមិញ មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង រួម​ទាំង​មន្ត្រី​ជំនាញ​របស់​ក្រសួង នៅ​ព្រឹក​ថ្ងៃ​ទី ​២៧ ខែឧសភា​នេះ បាន​ផ្សព្វផ្សាយ​លទ្ធផល​ដំណោះស្រាយ​ដែល​បាន​ឯកភាព​ទាំងស្រុង​ដើម្បី​ឱ្យ​បងប្អូន​កម្មករ​ជឿជាក់ និង​ទុកចិត្ត​ហើយ​វិល​ចូល​ធ្វើការ​វិញ ​៕ អត្ថបទសហការ