រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញ និងបេសកកម្មរបស់នគរបាលយុត្តិធម៌ជូនដល់អធិការការងារ» នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយមានការចូលរួមពីអធិការការងារនៅថ្នាក់កណ្តាល និងថ្នាក់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្តទាំង ២៥ សរុប ១៤០នាក់ ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋលេខាធិការ អ៉ិន ខេមរា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំទ្បើងសម្រាប់អធិការការងារដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ និងបានបំពេញនីតិវិធីសម្បថរួចរាល់នាពេលកន្លងមកនេះ ឱ្យយល់កាន់តែច្បាស់អំពីគោលការណ៍គ្រឹះនៃក្រមព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ និងតួនាទីរបស់នគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតក្នុងរឿងព្រហ្មទណ្ឌ និងបែបបទរដ្ឋបាលក្នុងការបំពេញមុខងារជានគរបាលយុត្តិធម៌ ក្នុងគោលបំណងដើម្បីបំពេញមុខងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនទំនុកចិត្ត និងការជឿជាក់ ។
ឯកឧត្តមបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះមុំទី១កំណត់អំពីការអភិវឌ្ឍទីផ្សារការងារ ដែលផ្តោតអាទិភាពលើការពង្រឹងអនុលោមភាព ការបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ចការងារ ការធ្វើវិជ្ជាជីវូបនីយកម្មអធិការការងារ ការជំរុញនិងការពង្រឹងយន្តការអធិការកិច្ចអន្តរស្ថាប័ន ។
ឯកឧត្តមរដ្ឋលេខាធិការ អ៉ិន ខេមរា ក៏បានស្នើដល់សិក្ខាកាមដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលនេះ ឱ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាអធិការការងារប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ ដែលជាគោលការណ៍គ្រឹះសម្រាប់អធិការការងារ និងត្រូវបន្តអភិវឌ្ឍសមត្ថភាពខ្លួនឱ្យក្លាយជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយសមត្ថភាព បុរេសកម្ម និងការទទួលស្គាល់ពីភាគីពាក់ព័ន្ធ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ