រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង ៤រសៀលថ្ងៃទី ២៦ ខែឧសភា នេះ ការដោះស្រាយសំណើរបស់កម្មករក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយស្ទើរ ១០០ភាគរយហើយ ក្រោមការសម្របសម្រួលដ៏លឿនរហ័សរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា ដែលបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ២៦ មកនេះ ។
លោក ស៊ុន មេសា បានថ្លែងថា ៖ «ចាប់តាំងពីព្រឹកថ្ងៃទី ២៦ខែឧសភានេះ មន្ត្រីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង បានសម្របសម្រួល ដោយមានសមាសភាពពីតំណាងកម្មករនិយោជិត អ្នកពិនិត្យគុណភាព ប្រធានក្រុមតាមផ្នែកនីមួយៗ បានស្នើទៅក្រុមហ៊ុនចំនួន ១០ចំណុច ក្នុងនោះគិតត្រឹមម៉ោង ៤រសៀលនេះ ភាគីទាំងអស់បានសម្រេចឯកភាពគ្នាចំនួនរហូតទៅដល់ ៨ចំណុច ។ ដោយនៅសល់តែពីរចំណុចទៀតតែប៉ុណ្ណោះដែលភាគីទាំងពីរនឹងត្រូវបន្តជជែកពិភាក្សាគ្នាបន្ថែមទៀត» ។
សំណើដប់ចំណុចនោះរួមមាន ការថែមម៉ាស៊ីនស្គែនវត្តមានឱ្យច្រើនជាងមុន, សំណើររៀបចំរោងអាហារ, ការសម្រួលម៉ោងពេលដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនខ្ចី, ការសម្អាតអនាម័យក្នុងបន្ទប់ទឹក, ការផ្តល់ប្រាក់ថែទាំសុខភាព, ការផ្តល់ប្រាក់ជំនាញ, និងការបើកប្រាក់ឈ្នួលទៀងទាត់ជាដើម ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា ៖ “ក្រសួងទទួលយករាល់សំណើរបស់បងប្អូនកម្មករកម្មការិនីយកមកពិនិត្យ ហើយក្រសួងក៏ស្ដាប់ហេតុផលខាងភាគីក្រុមហ៊ុនផងដែរ។ ជាមួយគ្នានេះសំណើរបស់បងប្អូនកម្មករកម្មការិនី ក៏ត្រូវផ្ទៀងផ្ទាត់ជាមួយនឹងច្បាប់ និងភាពសមហេតុផលសមរម្យនៃការទទួលយកបានទាំងអស់គ្នាផងដែរ” ។
លោកបានបន្តថា ដោយឈរលើស្មារតីយោគយល់គ្នាអធ្យាស្រ័យល្អ ការសម្របសម្រួលសម្រាប់បងប្អូននៅក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា) ឯ.ក នេះទទួលបានលទ្ធផលលឿន ហើយរហ័សនៅឈានមកដល់រហូតទៅដល់ ៨ចំណុច ក្នុងចំណោម ១០ចំណុច ដែលទាំងនេះ គឺជារឿងមួយដែលសបញ្ជាក់ថា បងប្អូនកម្មករកម្មការិនី និងក្រុមហ៊ុន មានភាពចាស់ទុំ និងចេះយោគយល់អធ្យាស្រ័យគ្នាបានយ៉ាងល្អ ដើម្បីធានាថា បរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសបានវិវត្តល្អ និងកាន់តែប្រសើរបន្ថែមទៀត ។
អ្នកនាំពាក្យរូបនេះថា ដោយឡែកចំណុចដែលនៅសែលចំនួនពីរចំណុចនេះ ភាគីទាំងអស់នឹងបន្តដោះស្រាយនូវថ្ងៃស្អែកជាបន្តទៀតក្រោមការយល់ចិត្តទុកដាក់ និងតាមដានពីមន្ត្រីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងផងដែរ ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗជាពិសេសអាណត្តិទី ៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍ចំនួន ១០ចំណុចដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីលើកកម្ពស់ដល់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនោះកម្មករនិយោជិត គឺជាអាទិភាពមួយសំខាន់ដែលរាជរដ្ឋាភិបាលបានគិតគូនិងផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលនៅក្នុងនោះរួមមាន ការបន្តឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ប្រចាំឆ្នាំ ការផ្ដល់ការថែទាំសុខភាពដល់សមាជិកក្នុងបន្ទុក និងការបន្តប្រាក់ឧបត្ថមដល់ស្ត្រីមានផ្ទៃពោះ ទាំងរួមទាំងការបណ្តុះបណ្តាលជាដើមដែលនេះគឺសុទ្ធសឹងតែជាយន្តការគន្លឹះសំខាន់ៗដើម្បកែប្រែជីវភាពកម្មករនិយោជិត និងលក្ខណ្ឌការងារ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ