ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្ដម​ ហេង សួរ ពិភាក្សា​ការងារ​ជាមួយ​អនុប្រធាន JICA ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ លើ​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ សំដៅ​អភិវឌ្ឍ​ជំនាញ​ដល់​កម្មសិក្សាការី​កម្ពុជា

2 ថ្ងៃ មុន

​តូ​ក្យូ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក KOBAYASHI Hiroyuki…

​តូ​ក្យូ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក KOBAYASHI Hiroyuki អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) និង​លទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ដល់​កម្មសិក្សាការី​កម្ពុជា​ដែល​មាន​បំណង​ចង់​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នា​ពេល​អនាគត ​។

ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​នេះ បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​ ២៦ ខែឧសភា ឆ្នាំ ​២០២៥ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)​ ក្នុង​ប្រទេស​ជប៉ុន បាន​រំលេច​នូវ​លទ្ធផល​ពិភាក្សា​សំខាន់​ៗ៣​ចំណុច រួម​មាន​ ៖ ទី​ ១. ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​វិស័យ TVET ទី​ ២. គម្រោង​វេទិកា​ជប៉ុន​សម្រាប់​ពលករ​ទេស​អន្ដរ​ប្រវេសន៍​ឆ្ពោះទៅ​សង្គម​ប្រកបដោយ​បរិ​យា​បន្ន និង​ទំនួល​ខុស​ត្រូវ (Japan Platform for Migrant Workers toward Responsible and Inclusive Society ហៅ​កាត់ JP-MIRAI) និង​ទី​៣. គំរូ​ខេត្ត​ណា​ហ្កា​ណុ ព័ត៌មាន និង​ការ​អភិវឌ្ឍ​សមត្ថភាព ​។

ជាមួយ​គ្នា​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់ JICA ដែល​បាន​បន្ត​គាំទ្រ​យ៉ាង​សកម្ម​ចំពោះ​វិស័យ TVET នៅ​កម្ពុជា​ ។ ទន្ទឹម​នេះ ឯកឧត្ដម​ក៏​បាន​ស្នើ​សុំ​ការ​គាំទ្រ​បន្ថែម​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនើប​នូវ​ឧបករណ៍​បណ្តុះបណ្តាល និង​ការ​បង្កើន​សមត្ថភាព​គ្រូបង្រៀន​ជំនាញ ជា​ពិសេស​វិស័យ​អេ​ឡិច​ត្រូ​និក រថយន្ត និង​ថាមពល​ដើម​ថ្មី ​។

ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​លើ​សារៈសំខាន់​នៃ​គម្រោង JP-MIRAI ដែល​ជួយ​ការពារ​សិទ្ធិ និង​សុខុមាលភាព​របស់​កម្មសិក្សាការី​កម្ពុជា​ ។ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ការ​ពង្រីក​គំរូ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា និង​ខេត្ត​ណា​ហ្កា​ណុ នៃ​ប្រទេស​ជប៉ុន ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​ការ​ផ្ទេរ​ជំនាញ​ក្រោយ​កម្មសិក្សាការី​ចប់​អាណត្ដិ​ការងារ​ពី​ប្រទេស​ជប៉ុន ​។

ឯកឧត្ដម​រដ្ឋមន្ត្រី ហេង សួរ ក៏​បាន​ស្នើ​ដល់ទី​ភ្នាក់ងារ JICA ជួយ​គាំទ្រ​លើ​ការ​បង្កើត​មាតិកា​ផ្សព្វផ្សាយ​ដែល​សាមញ្ញ​ និង​ងាយស្រួល​ដូច​ជា វី​ដេ​អូ ឯកសារ ឬ​សៀវភៅ​សង្ខេប ដែល​ផ្តល់​ព័ត៌មាន​អំពី​សិទ្ធិ តួនាទី និង​មធ្យោបាយ​ទទួល​ជំនួយ​សម្រាប់​កម្មសិក្សាការី​កម្ពុជា​ដែល​ចង់​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ​។

ឯកឧត្ដម​រដ្ឋមន្ត្រី ហេង សួរ និង​លោក​អនុប្រធាន KOBAYASHI Hiroyuki ថែម​ទាំង​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ និង​សមិទ្ធផល​នានា​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​ក្នុង​រយៈពេល​ ៦០ ​ឆ្នាំ​កន្លង​មក និង​សន្យា​ថា​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ស្អិត​ល្មួត​ជាង​នេះ ដើម្បី​ភាព​កាន់តែ​ប្រសើរ​ឡើង​នៃ​ជីវភាព​រស់នៅ និង​ការ​រីក​ចម្រើន​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ពិសេស​លើ​វិស័យ​ការងារ សន្ដិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ៕ អត្ថបទសហការ