ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​ពហុបច្ចេកទេស​ ខេត្តព្រះវិហារ​ ប្រកាស​ផ្ដល់​អាហារូបករណ៍​វគ្គ​ជំនាញ ១២០​កន្លែង សិក្សា​ដោយ​ឥត​គិតថ្លៃ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ រួម​ទាំង​ប្រាក់​ឧ​ប​ត្ថ​ម្ភ

1 ថ្ងៃ មុន

​ខេត្តព្រះ​វិហារ​ ៖ នា​ពេល​ថ្មី​ៗ​នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ​ បាន​ប្រកាស​ផ្ដល់​ជូន​អាហារូបករណ៍ ១០០% ចំនួន​១២០​កន្លែង ដល់​ក្រុម​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ថែម​ទៀត…

​ខេត្តព្រះ​វិហារ​ ៖ នា​ពេល​ថ្មី​ៗ​នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ​ បាន​ប្រកាស​ផ្ដល់​ជូន​អាហារូបករណ៍ ១០០% ចំនួន​១២០​កន្លែង ដល់​ក្រុម​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ថែម​ទៀត សម្រាប់​ការ​សិក្សា​មុខ​ជំនាញ​សំខាន់​ៗ​ចំនួន​៤​មុខ​វិជ្ជា រយៈពេល ​៤​ ខែ ​។

ការ​ផ្ដល់​ជូន​អាហារូបករណ៍ ​ពី​សំណាក់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ ខេត្តព្រះវិហារ​នេះ គឺជា​ការ​អនុវត្ត​កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល ​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET) ១.៥​លាន​នាក់ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ទិស​ដៅ​លើកកម្ពស់​ស្ថានភាព​ជីវិត​យុវជន​ មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ តាម​រយៈ​ការ​ផ្ដល់​ឱ្យ​ពួក​គេ ​នូវ​ជំនាញ​ជាក់លាក់​មួយ និង​មាន​លទ្ធភាព​ទទួល​បាន​ចំណូល​សមរម្យ​ ។

មុខ​ជំនាញ​ដែល​កំពុង​មាន​តម្រូវការ ​ក្នុង​ទីផ្សារ​ទាំង ​៤ ​មុខ​នេះ រួម​មាន​៖ (១).​ការ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ ផ្ដល់​ជូន​សិក្ខាកាម​ចំនួន​៣០​នាក់ (២).​សេវាកម្ម​កុំព្យូទ័រ ផ្ដល់​ជូន​សិក្ខាកាម​ចំនួន​៣០​នាក់ (៣).​សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន ផ្ដល់​ជូន​សិក្ខាកាម​ចំនួន​៣០​នាក់ និង​(៤).​សេវាកម្ម​សម្អាង​កាយ ផ្ដល់​ជូន​សិក្ខាកាម​ចំនួន​៣០​នាក់​ដែរ​ ។

ការ​ទទួល​ពាក្យ​ចូល​សិក្សា​មុខ​ជំនាញ TVET ទាំង​៤​មុខ​នេះ ចាប់ផ្ដើម​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ​។ ចំពោះ​កាលបរិច្ឆេទ​ចូល​សិក្សា គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៥ តទៅ ​។

ប្រសិនបើ​យុវជន​គោលដៅ​ទាំង​ពីរ​ក្រុម​ខាងលើ ​ចាប់អារម្មណ៍​ក្នុង​ការ​សិក្សា​មុខ​ជំនាញ​នេះ សូម​ទាក់ទង​មក​កាន់​វិទ្យាស្ថាន ​ពហុបច្ចេកទេស​ ខេត្តព្រះវិហារ ដែល​មា​នទី​តាំងនៅ​ភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ (​ក្រោយ​សាលា​ខេត្តព្រះវិហារ​) ឬ​តាម​មន្ត្រី​ចុះ​ផ្សព្វផ្សាយ​តាម​រយៈ QR Code មាននៅ​ក្នុង​សេចក្ដីជូនដំណឹង​របស់​វិទ្យាស្ថាន ​ដែល​ភ្ជាប់​មក​ជាមួយ​នេះ ឬ​អាច​ទាក់ទង​តាម​រយៈ ​លេខ​ទូរស័ព្ទ ០៧១ ២៨៦ ១៧៧៦ / ០៨៨ ៥៤១ ៥៥៦៦ / ០១២ ៦៤១ ៣២០ / ០៩២ ៨៨ ៧៨ ៩៨ ​។

គួរ​បញ្ជាក់​ដែរ​ថា ក្រៅពី​ក្រុម​យុវជន​គោលដៅ​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ វគ្គ​បណ្ដុះបណ្ដាល​ពិសេស​នេះ ​ក៏​បើកចំហ​សម្រាប់​យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ រួម​ទាំង​កម្មករ​-​កម្ម​ការ​នី​ផង​ដែរ ដែល​អាច​ដាក់​ពាក្យ​ចូល​សិក្សា​ជំនាញ​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ដោយ​ឥត​បង់ថ្លៃ​ដូច​គ្នា គ្រាន់តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ​ពី​រាជរដ្ឋាភិបាល​ ៕ អត្ថបទសហការ