ខេត្តព្រះសីហនុ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា ប្រាក់ឈ្នួលនៅកម្ពុជាមានការកើនឡើងជិត៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈរោងចក្រសហគ្រាសបានកើនឡើងពី៤០ ៣០០ ដល់៤៥ ៣៨៦សហគ្រាសនៅត្រឹមខែមេសា ឆ្នាំ២០២៥នេះ ។
នេះគឺជាការគូសបញ្ជាក់ ដែលឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងក្នុងពិធីអបអរសាទរការទទួលបាន ក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម បានគូសបញ្ជាក់ថា៖ «ក្នុងរយៈពេល ២០ខែ ចំនួនរោងចក្រ សហគ្រាស បានកើនពីចំនួន ៤០ ៣០០ ដល់ ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើនពីប្រមាណ ១,៦៥លាននាក់ ដល់ ប្រមាណ ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតមធ្យមសរុប ប្រចាំឆ្នាំ ប្រមាណ ៥,៩ ប៊ីលានដុល្លារអាម៉េរិក។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស សរុបចំនួន ១៦៥៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ប៊ីលានដុល្លារអាម៉េរិក» ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាល ខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីអបអរសាទរការទទួលបាន ក្រុមហ៊ុនវិនិយោគចំនួន២០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានបងប្អូនកម្មករនិយោជិតចូលរួមសរុបប្រមាណ៣,២ម៉ឺននាក់មកពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន ៧៥១ នាក់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ