ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​៖ ស.ព​ពលករ​ខ្មែរ​ប្តី​ប្រពន្ធ​២​រូប ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា ដើម្បី​បន្ត​ធ្វើបុណ្យ​តាមប្រពៃណី

2 ថ្ងៃ មុន

ខេត្តបន្ទាយ​មាន​ជ័យ​៖ សព​ពលករ សាន់ សឿ​ន អាយុ​៣៨​ឆ្នាំ​ដែល​ជា​ប្តី និង​ពល​ការិនី សុខ គិ​ម​សី អាយុ​៣១​ឆ្នាំ​ដែល​ជា​ប្រពន្ធ ត្រូវ​បាន​បញ្ជូន​មក​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ហើយ…

ខេត្តបន្ទាយ​មាន​ជ័យ​៖ សព​ពលករ សាន់ សឿ​ន អាយុ​៣៨​ឆ្នាំ​ដែល​ជា​ប្តី និង​ពល​ការិនី សុខ គិ​ម​សី អាយុ​៣១​ឆ្នាំ​ដែល​ជា​ប្រពន្ធ ត្រូវ​បាន​បញ្ជូន​មក​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ហើយ នា​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥​នេះ ក្រោម​ការ​ជួយ​ខ្នះខ្នែង​សម្របសម្រួល​ពី​សំណាក់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អនុព័ន្ធ​ការងារ​អម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​គ្រប់​កម្រិត​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

លោក​បន្ត​ថា តាំងពី​ក្រោយ​ការ​បញ្ជាក់​អត្តសញ្ញាណ​ច្បាស់លាស់​តាម​រយៈ​ការ​ធ្វើ​កោសល្យវិច័យ DNA ពី​សំណាក់​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​របស់​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ខែឧសភា​នេះ ដែល​អះអាង​ថា ពលករ​ទាំង​ពីរ​ពិតជា​បាន​ទទួលមរណភាព​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ថៃ​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ ថ្នាក់ដឹកនាំ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អនុព័ន្ធ​ការងារ​អម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ​ក្នុង​ការ​រៀប​ចំការ​បញ្ជូន​សព និង​ធ្វើ​ពិធី​សាសនា​មុន​នឹង​បាន​ដឹក​សព​តាម​រថយន្ត​ចេញពី​ទីក្រុង​បាងកក មក​កាន់​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មុន​នឹង​ដង្ហែ​សព​បន្ត​មក​លំនៅ​ដ្ឋា​ន​នៅ​ក្រុង​សេរី​សោ​ភ័​ណ្ឌ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ដដែល បាន​បន្ថែម​ថា ដោយឡែក​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​ទាំង​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ក៏​បាន​ចាំ​ទទួល​សព​បងប្អូន​ពលករ​ទាំង​ពីរ​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​បន្ត​សម្របសម្រួល​ដង្ហែ​សព​មក​កាន់​លំនៅ​ដ្ឋា​ន​ដែល​បាន​រៀបចំ​ពិធីបុណ្យ​រួច​ជា​ស្រេច​ ដោយ​មានការ​ចាត់ចែង​រៀបចំ​ពី​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​សាច់ញាតិ​ក្រុម​គ្រួសារ​សព ​។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​យកចិត្តទុកដាក់​ដល់​ពលករ​កម្ពុជា​ដែល​នៅ​បរទេស​ទាំងអស់ ជា​ពិសេស​បងប្អូន​ពលករ​ដែល​រង​គ្រោះ​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ ​៕ អត្ថបទសហការ