រាជធានីភ្នំពេញ៖ ម៉ាកយីហោក្នុងស្រុកដ៏ល្បីល្បាញ ធ្យូបកាហ្វេ ទើបតែបានរៀបចំឡើងនូវកម្មវិធីមួយ ដើម្បីអបអរសាទរខួប 8 ឆ្នាំ នៃការបង្កើតម៉ាកយីហោកាហ្វេរបស់ខ្លួន ។
ក្នុងឱកាសដ៏ឱឡារិកនេះ គឺមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីអតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកក្រុមហ៊ុនជាង 1,000 នាក់ ។
នារាត្រីនោះដែរ អគ្គនាយិកា ធ្យូបកាហ្វេ កញ្ញា ស៊ូ មុន្នីពេជ្រ បានថ្លែងសុន្ទរកថាស្វាគមន៍ភ្ញៀវកិត្តិយស ដោយបង្ហាញនូវការស្វាគមន៍ដ៏កក់ក្តៅ នឹងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីអតិថិជន និងសូមអរគុណទៅកាន់ដៃគូអាជីកម្ម ជាពិសេសទៅកាន់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ផងដែរ ។
កញ្ញាមានប្រសាសន៍ទៀតថា៖ នេះគឺជាការអបអរសាទរភាពជោគជ័យរួមគ្នារបស់ម៉ាកយីហោ ដែលកើតចេញពីការប្តេជ្ញាចិត្ត និងការលះបង់របស់មនុស្សជាច្រើន ។
សម្លឹងឆ្ពោះទៅមុខ ធ្យូបកាហ្វេ កំពុងពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។ ពោលគឺនាំយករសជាតិប្រជាជនកម្ពុជា និងបង្ហាញទៅកាន់ពិភពលោកខាងក្រៅឱ្យកាន់តែស្គាល់ម៉ាកយីហោកូនខ្មែរមួយនេះ ។
ចាប់ផ្តើមពីហាងដ៏តូចមួយ រហូតក្លាយជាម៉ាកយីហោល្បីល្បាញទូទាំងប្រទេស ធ្យូបកាហ្វេ បានបង្ហាញយ៉ាងច្បាស់ថា តាមរយៈចក្ខុវិស័យច្បាស់លាស់ និងបេះដូងពោរពេញដោយក្តីស្រមៃ សហគ្រិនខ្មែរពិតជាអាចបង្កើតអ្វីដែលអស្ចារ្យបាន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ