ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា​-​វៀតណាម បង្កើន​ទំនាក់ទំនង​ក្នុង​បរិបទ​ដែល​ពិភពលោក​មានការ​វិវត្តន៍​ប្រែប្រួល​ដ៏​ស្មុគស្មាញ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម​ មាន​គោល​ជំហរ និង​តួនាទី​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​បំផុត​ក្នុង​ដំណើរការ​ប្រយុទ្ធ​ដើម្បី​ការពារ​ឯករាជ្យ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​ ។ ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សន្តិសុខ ស្ថិរភាព​នយោបាយ…

រាជធានីភ្នំពេញ ៖ ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម​ មាន​គោល​ជំហរ និង​តួនាទី​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​បំផុត​ក្នុង​ដំណើរការ​ប្រយុទ្ធ​ដើម្បី​ការពារ​ឯករាជ្យ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​ ។ ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សន្តិសុខ ស្ថិរភាព​នយោបាយ សន្តិភាព និង​ការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​នីមួយ​ៗ មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និយាយ​ដោយឡែក និង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​និយាយ​រួម​ ។ អាស្រ័យ​ហេតុនេះ ការ​កសាង​ទំនាក់ទំនង​សន្តិភាព មិត្តភាព ទំនុកចិត្ត និង​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ការ​អភិវឌ្ឍន៍ គឺជា​កត្តា​សំខាន់ រួមចំណែក​ការពារ​ឯករាជ្យ​ជាតិ​យ៉ាង​រឹង​មាំ និង​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​ទាំង​ពីរ​ ។

ថ្មី​ៗ​នេះ វៀតណាម​បាន​និង​កំពុង​សកម្ម​រៀបចំ​នូវ​បណ្ដា​សកម្មភាព​ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៥០ ទិវា​រំដោះ​ភាគ​ខាងត្បូង និង​ការ​បង្រួបបង្រួម​ប្រទេស (៣០ មេ​សា​ ១៩៧៥ – ៣០ មេ​សា​ ២០២៥)​ ។ ដែល​នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​បង្ហាញ​ពី​ជ័យជម្នះ​នៃ​យុទ្ធនាការ​ហូ​ជី​មិ​ញ បញ្ចប់សង្គ្រាម​តស៊ូ​ប្រឆាំង​អា​មេ​រិ​ក និង​បង្រួបបង្រួម​ប្រទេស​របស់​ប្រជាជន​វៀតណាម ​។

សន្និសីទ​ប្រជាជន​ស្នេហា​ជាតិ​ឥណ្ឌូចិន ​(​នៅ​ឆ្នាំ ១៩៦៥ នៅ​ភ្នំពេញ និង​ ១៩៧០ នៅ​ទីក្រុង​ប៉េ​កាំ​ង​) ក្រោម​កិច្ច​ផ្តួចផ្តើម​របស់​ព្រះ​ប្រមុខរដ្ឋ នរោត្តម សីហ​នុ បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ដោយ​ចាត់​ទុក​អា​មេ​រិ​ក ថា​ជាស​ត្រូវ​គ្រោះថ្នាក់​បំផុត​របស់​ប្រទេស​ទាំង​បី​នៃ​ឥណ្ឌូចិន​ ។​ ហើយ​បាន​ឯកភាព​គ្នា​ពង្រឹង​សាមគ្គីភាព​, គាំទ្រ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ប្រឆាំង​នឹង​សត្រូវ​រួម គឺ​អា​មេ​រិ​ក ​។ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ​១៩៧០ មក វៀតណាម​បាន​ពង្រាយ​កម្លាំងយោធា​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​កងទ័ព​រំដោះ​កម្ពុជា វាយ​កម្ទេច​រាល់​ការ​វាយលុក​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​កងទ័ព​អា​មេ​រិ​ក កងទ័ព​សាធារណរដ្ឋ​វៀតណាម​ខាងត្បូង និង​កងទ័ព​សាធារណរដ្ឋ​ខ្មែរ​របស់​លន់ ន​ល់​ ។

បរាជ័យ​ជា​បន្តបន្ទាប់​របស់​សហរដ្ឋអាមេរិក និង​កងកម្លាំង​ដែល​ខ្លួន​បង្កើត​នៅ​កម្ពុជា ឡាវ និង​វៀតណាម ​។​ បាន​បង្ខំ​ឱ្យ​សហរដ្ឋអាមេរិក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ស្តី​ពី​វៀតណាម (១៩៧៣) និង​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ឥណ្ឌូចិន ​។ បង្ក​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​បី​ក្នុង​ការ​បំពេញភារកិច្ច​រំដោះប្រទេស ​។ ចំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​បី និយាយ​រួម និង​ជា​ពិសេស​រវាង​កម្ពុជា​-​វៀតណាម គឺជា​កត្តា​សំខាន់​ចម្បង​រួមចំណែក​ដល់​ជ័យ​ជំនះ​នៃ​ការ​តស៊ូ​រំដោះប្រទេស​វៀតណាម​ទាំង ស្រុង (៣០ មេ​សា ១៩៧៥) ​។

អាច​និយាយ​បាន​ថា ចំណង​សាមគ្គីភាព ការ​ឧបត្ថម្ភ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​តំណាក់កាល​នេះ​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​បុព្វហេតុ​រំដោះជាតិ​របស់​ប្រទេស​នីមួយ​ៗ ​។ ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ក​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​បង្កើត​ផ្លូវ​លំហូ​ជី​មិ​ញ (​ផ្នែក​ព្រំដែន​កម្ពុជា​-​វៀតណាម​)​ជួយ​ឲ្យ​កងទ័ព​រំដោះ​វៀតណាម​ដំណើរការ​ដោយ​រលូន​ចំពោះ​មុខការ​វាយឆ្មក់​របស់​អា​មេ​រិ​ក​ ។ ប្រការ​នេះ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ជំនួយ​ពី​ភាគ​ខាងជើង​ទៅ​ឲ្យ​ភាគ​ខាងត្បូង​វៀតណាម​។ ផ្តល់​កម្លាំង​ដល់​ប្រជាជន​វៀតណាម​ក្នុង​ការ​ឈ្នះ​សង្គ្រាម​ឈ្លានពាន​របស់​អា​មេ​រិ​ក រំដោះ​ភាគ​ខាងត្បូង​វៀតណាម និង​បង្រួបបង្រួម​ប្រទេស​ទាំងស្រុង​ ។

ដោយឡែក វៀតណាម​បាន​គាំទ្រ​យ៉ាង​សកម្ម​នូវ​គោលនយោបាយ​សន្តិភាព និង​អព្យាក្រឹតភាព​របស់​កម្ពុជា​ក្នុង​ការ​កសាង​ប្រទេស និង​ការ​បង្រួបបង្រួម​បណ្ដា​កម្លាំង​ជឿនលឿន​នានា​នៅ​កម្ពុជា ដោយ​រួបរួម​គ្នា​ជុំវិញ​សម្ដេចព្រះ​ប្រមុខរដ្ឋ នរោត្តម​សីហ​នុ កសាង​ទំនាក់ទំនង​ជិត​ស្និទ្ធ សហប្រតិបត្តិការ​ជាមួយ​កងកម្លាំង​តស៊ូ របស់​កងទ័ព​រំដោះ​កម្ពុជា ​។ ការ​គាំទ្រ​យ៉ាង​សកម្ម​របស់​វៀតណាម​ក្នុង​ទិដ្ឋភាព​ជា​ច្រើន​បាន​ផ្តល់​កម្លាំង​ដល់​កម្ពុជា រួមចំណែក​យ៉ាង​សំខាន់​ដល់​ជ័យជម្នះ​របស់​កម្ពុជា​ក្នុង​សង្គ្រាម​តស៊ូ​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​ដើម្បី​ការពារ​ឯករាជ្យ​ជាតិ ​។

ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​រួម និង​មាន​ផលប្រយោជន៍​រួម​គ្នា​។ ទំនាក់ទំនង​ជិត​ស្និទ្ធ​របស់​ប្រជាជាតិ​ទាំង​ពីរ​គឺជា​កត្តា​សំខាន់​មួយ​ដែល​មាន​អត្ថន័យ​ធំធេង រួមចំណែក​នាំ​មក​នូវ​ជ័យ​ជំនះ​ដល់​ប្រជាជាតិ​ទាំងពីរ​ ។ ​ប្រការ នេះ​បាន​បញ្ជាក់​កាន់តែ​ច្បាស់​ថា ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ កម្ពុជា​-​វៀតណាម មាន​កត្តា​ជា​ច្រើន​ដែល​មិន​អាច​បំបែក​ពី​គ្នា​បាន
ឡើយ​។ ការ​កសាង​ទំនុកចិត្ត សាមគ្គី​ជិត​ស្និទ្ធ និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រជាជន​ទាំង​ពីរ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រួមចំណែក​ជួយ​ប្រទេស​ទាំង​ពីរ​ក្នុង​កិច្ច​ការពារ​ខឿន​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ខ្លួន​ ។

ក្នុង​បរិបទ​ដែល​ស្ថានភាព​ពិភពលោក​បច្ចុប្បន្ន មានកា​រវិ​វត្ត​ដ៏​ស្មុគស្មាញ​ដែល​បាន​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​នៃ​ប្រទេស​នីមួយ​ៗ ​។ ​ក្នុង​នោះ​សង្គ្រាម​រវាង​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន​អូស​បន្លាយ សង្គ្រាម​អ៊ី​ស្រា​អែ​ល​-​ហា​ម៉ាស ភាព​តានតឹង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម និង​ពន្ធគយ​រវាង​អា​មេ​រិ​ក និង​ប្រទេស​ដទៃ​ទៀត ជម្លោះ​អធិបតេយ្យភាព​នៅ​សមុទ្រ​ខាងកើត ។​ល​។ បាន​និង​កំពុង​ជះ​ឥទ្ធិពល និង​ប៉ះពាល់​ដល់​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក បាន​បង្ក​ការ​លំបាក​ជា​ច្រើន​សម្រាប់​ប្រទេស​តូច​ៗ​ក្នុង​ការ​ជ្រើសរើស​គោលនយោបាយ​ការ​បរទេស​សមស្រប​សម្រាប់​ខ្លួន​ ។​

ក្នុង​ទំនាក់​ទំនងជា​ប្រពៃណី​ដ៏​យូរអង្វែង​រវាង​ប្រជាជន​ទាំង​ពីរ​ដែល​បាន​ឆ្លងកាត់​ការ​សាកល្បង​ជា​ច្រើន បាន​ជួយ​កម្ពុជា​និង​វៀតណាម​ឲ្យ​ឆ្លង​ផុត​រាល់​ការ​លំបាក និង​កាន់តែ​រឹតចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ពីរ​ ។ អាស្រ័យ​ហេតុនេះ ទើប​ប្រទេស​ទាំង​ពីរ​បន្ត​កសាង ពង្រឹង​ទំនុកចិត្ត និង​អភិវឌ្ឍ​ទំនាក់ទំនង​មិត្តភាព​ជា​អ្នក​ជិតខាង និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឯករាជ្យ​ជាតិ និង​ការ​អភិវឌ្ឍន៍​រុងរឿង​របស់​ប្រទេស​ទាំង​ពីរ​និយាយ​ដោយឡែក និង​ដើម្បី​ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និយាយ​ជា​រួម​ ។

ជាក់ស្តែង រហូត​មក​ដល់​ពេល​នេះ ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម​បាន​បន្ត​លើកកម្ពស់ ពង្រឹង និង​អភិវឌ្ឍន៍ ស្រប​តាម​បាវចនា «​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និរន្តរភាព​យូរអង្វែង​»​ ។​ ទំនាក់ទំនង​នយោបាយ​-​សង្គម​រវាង​កម្ពុជា​ និង​វៀតណាម​ត្រូវ​បាន​បង្កើន​ដើម្បី​រក្សា​តួនាទី​ក្នុង​ការ​កំណត់​ទិស​ដៅ​សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ។ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច និង​កិច្ចប្រជុំ​ជា​ទៀងទាត់​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ថ្នាក់​កណ្តាល និង​ថ្នាក់​មូលដ្ឋាន ​។ បណ្ដា​វិស័យ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ដូច​ជា​ ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន​ជាដើម ត្រូវ​បាន​លើកកម្ពស់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ។

ទន្ទឹម​នឹង​នោះ កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​កាន់តែ​ស៊ីជម្រៅ ហើយ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រួម​គ្នា​គឺជា​សរសរ​ស្តម្ភ​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ។ ប្រទេស​ទាំង​ពីរ​នឹង​បន្ត​រក្សា​ភាព​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ដើម្បី​ធ្វើការ​ឆ្ពោះទៅ​កាន់​គោលដៅ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ សម្រាប់​កម្ពុជា​គឺ​នៅ​ឆ្នាំ​ ២០៥០ និង​សម្រាប់​វៀតណាម​គឺ​នៅ​ឆ្នាំ​ ២០៤៥ ៕ អត្ថបទសហការ