រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានអនុវត្តអនុសាសន៍គន្លឺះទាំង ១០ ចំណុចរបស់សម្ដេចទទួលបានជោគជ័យគួជាទីមោនទភាព ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់កម្មករ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ក្នុងលិខិតអបអរសាទរខួបលើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២៥ នេះថា ៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសម្រេចនូវលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ» ។
សម្ដេចបន្តថា ៖ «ក្រសួងការងារ និងបណ្ដុះបណ្ដាល បានអនុវត្តតួនាទីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងការអនុវត្តប្រកបដោយជោគជ័យទៅតាមអនុសាសន៍គន្លឹះទាំង ១០ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុសាសន៍ទាំង ១០ចំណុច ដែលខ្ញុំបានណែនាំកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត» ។
អនុសាសន៍ទាំង ១០ ចំណុចរបស់សម្តេចធិបតី ណែនាំឱ្យក្រសួងការងាររួមមាន ៖ ការពិភាក្សាទៅលើប្រាក់ឈ្នួលកម្មករ, ការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស សម្រាប់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់, ការឧបត្ថម្ភប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុននិងក្រោយពេលសម្រាល, បង្កើតកម្មវិធីដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយចាប់ពីឆ្នាំ ២០២៤ តទៅ ។
ក្រៅពីនេះ អនុសាសន៍ណែនាំចំនួន ៤ ដែលក្រសួងការងារត្រូវអនុវត្តនៅរយៈពេល ២ឆ្នាំខាងមុខនោះគឺត្រូវសហការជាមួយក្រសួងពាក់ព័ន្ធបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍, រៀបចំកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ, ការផ្លាស់ប្តូរមធ្យោបាយដឹកកម្មករ ដើម្បីសុខភាពនិងសុវត្ថិភាព និងការជំរុញការធ្វើតេស្តជំនាញរបស់កម្មករទាំងក្នុងស្រុក និងក្រៅស្រុកឱ្យទទួលបានវិញ្ញាបនបត្រទទួលស្គាលជំនាញមួយ ។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមជាមួយបងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលជាទិវារំឭកទៅដល់វីរភាពរបស់កម្មករនិយោជិត។
ដោយឡែកឆ្នាំនេះ ទិវាពលកម្មអន្តរជាតិ ១ឧសភា ត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែលជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តនិងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារសិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត ។
សម្ដេចបវរធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។
នៅក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ រាជរដ្ឋាភិបាលបានកសាងមូលដ្ឋានគ្រឹះប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ព្រមទាំងអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជាសកលដែលបណ្តាលមកពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពនយោបាយ និងពាណិជ្ជកម្មអន្តរជាតិផងដែរ ។
រាជរដ្ឋាភិបាលមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍ សេដ្ឋកិច្ច បង្កើតសហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរអង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ