ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ​ ៖ ពានរង្វាន់ GEMSET Award នៃ​ប្រទេស​សិង្ហ​បុរី ដែល​វិទ្យាស្ថាន TVET ទទួល​បាន គឺ​ឆ្លុះ​បញ្ចាំង​ការ​រីក​ចម្រើន​នៃ​វិស័យ TVET នៅ​កម្ពុជា

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ការ​រៀបចំ​ស្តង់ដា​កម្មវិធី​សិក្សា និង​ការ​អភិវឌ្ឍ​ម៉ូឌុល​សិក្សា​ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ​ការងារ​ក្នុង​ការ​ពង្រឹង​ចំណេះដឹង​,…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ការ​រៀបចំ​ស្តង់ដា​កម្មវិធី​សិក្សា និង​ការ​អភិវឌ្ឍ​ម៉ូឌុល​សិក្សា​ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ​ការងារ​ក្នុង​ការ​ពង្រឹង​ចំណេះដឹង​, វិន័យ​, សីលធម៌​, និង​ឥរិយាបថ​របស់​សិក្ខាកាម សិស្ស និស្សិត គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចម្បង​ក្នុង​ការ​បង្កើត​និង​អភិវឌ្ឍ​ធនធានមនុស្ស ខណៈ​ដែល​កម្ពុជា​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​អ្នកបច្ចេកទេស​យ៉ាងច្រើន​គ្រប់​វិស័យ​ ។

ការ​គូសបញ្ជាក់​នេះ នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តី​ពី «​ការ​គិត​ឡើង​វិញ​លើ​ឧត្ដមភាព​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (​អ​.​ប​.​វ​.) សម្រាប់​បរិវត្ត​កម្ម និង​ផល​ជះ​ប្រកបដោយ​និរន្តរភាព​» និង ពិធី​ប្រគល់​ពានរង្វាន់​គំរូ​ឧត្តមភាព​សកល​សម្រាប់​ការ​អប់រំ​និង​បណ្ដុះបណ្ដាល​ជំនាញ នៃ​ប្រទេស​សិង្ហ​បុរី​ជូន​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) នា​រសៀល​ថ្ងៃ​ទី ​២៤ ខែមេសា ឆ្នាំ ​២០២៥ នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI)​ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការ​អបអរសាទរ​ដល់​វិទ្យាស្ថាន​ជាតិ ពហុបច្ចេកទេស​កម្ពុជា (NPIC) ដែល​ទទួល​បាន​ពានមាស (Gold Award) និង វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) ទទួល​បាន​ពានប្រាក់ (Silver Award) ដែល​ជា​ពានរង្វាន់ GEMSET Award ពី ITE Education Services (ITEES) នៃ​ប្រទេស​សិង្ហ​បុរី​  ដោយ​ពានរង្វាន់​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ការ​រីក​ចម្រើន​នៃ​វិស័យ TVET នៅ​កម្ពុជា​ ។ ទន្ទឹម​នេះ ក៏​ជា​ការ​សបញ្ជាក់​យ៉ាង​ច្បាស់​ផង​ដែរ​អំពី​ដំណើ​រវិ​វត្ត​វិជ្ជមាន នៃ​ការ​ឆ្លើយ​តប​នឹង​ចំណុច​អាទិភាព “​មនុស្ស​” ដែល​បាន​ឆ្លុះ​បញ្ចាំង​ជា​ចម្បង​ក្នុង​បញ្ច​កោណ​ទី​ ១ “​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​” នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​ ១ ផង​ដែរ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ITEES ដែល​កន្លង​មក​បាន​សហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ក្នុងស្រុក ដែល​រួម​មាន​វគ្គ​គ្រប់គ្រង​និង​ភាព​ជា​អ្នកដឹកនាំ​, វគ្គ​គរុកោសល្យ​ ។ ទន្ទឹម​នេះ ក៏​មាន​វគ្គ​បណ្តុះបណ្តាល​នៅ​សិង្ហ​បុរី រួម​មាន វគ្គ​ជំនាញ​ព័ត៌មានវិទ្យា​, អេ​ឡិច​ត្រូ​និក​, និង​បច្ចេកវិទ្យា​រថយន្ត និង​សិក្ខាសាលា​ចែករំលែក​បទ​ពិសោធ​ជា​ច្រើន ​។ ជា​ពិសេស តាម​រយៈ​សិក្ខាសាលា​ដែល​រៀបចំ​នៅ​កម្ពុ​ជានា​ពេល​នេះ នឹង​ជួយ​ពង្រឹង និង​កំណត់​នូវ​តម្រូវការ​ឧត្តមភាព​សម្រាប់ TVET ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ការ​កែ​លម្អ​ជា​បន្តបន្ទាប់​តាម​រយៈ​ការ​វាស់វែង និង​វាយតម្លៃ​ជា​រួម​ទៅ​លើ​ប្រព័ន្ធ​អេកូ​របស់ TVET ដើម្បី​រក​ឱ្យ​ឃើញ​នូវ​ផល​ប៉ះពាល់ និង​លទ្ធផល​ប្រកបដោយ​និរន្តរភាព និង​ការ​ចែករំលែក​ពី​បទ​ពិសោធ​របស់​សិង្ហ​បុរី​សម្រាប់​ឧត្តមភាព​លើ​ការ​ធ្វើ​បរិវត្ត​កម្ម និង​ផល​ជះ​ប្រកបដោយ​និរន្តរភាព​ឆ្ពោះទៅ​រក​ការ​អនុវត្ត​កម្រិត​ពិភពលោក ​៕ អត្ថបទសហការ