ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេសាភិបាល ​ធនាគារជាតិ​នៃ​កម្ពុជា ​៖ ចំនួន QR Code តាម​បញ្ជ​ទូទាត់​ប្រាក់ និង​ហាង​ទំនិញ​នៅ​ទូទាំង​ប្រទេស​កើន​ដល់​ជាង​ ១,៥ ​លាន ខណៈ​ការទូទាត់​ឆ្លង​ដែន​តាម KHQR Code បាន​ពង្រីកកាន់តែ​ទូលំទូលាយ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ ចំនួន QR…

រាជធានី​ភ្នំពេញ ​៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ ចំនួន QR code សម្រាប់​ទូទាត់​ប្រាក់ ដែល​បាន​ស្នើ​និង​អនុញ្ញាត​ឱ្យ​ដាក់​នៅ​តាម​បញ្ជ ទូទាត់ និង​ហាង​ទំនិញ​កើន​ដល់​ជាង​ ១,៥​ លាន ​ហើយ ខណៈ​ការ​ទូទាត់​ឆ្លង​ដែន​តាម KHQR Code ក៏​បាន​ពង្រីក​កាន់តែ​ទូលំទូលាយ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ​។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី ​«​ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​សហគ្រិនភាព​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​» កាលពី​ថ្ងៃ​ទី​ ២៣ ខែមេសា ឆ្នាំ​ ២០២៥ លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​បញ្ជាក់​ថា គ្រឹះស្ថាន​ធនាគារ​បាន​បើក​គណនី និង​ផ្តល់​ជា QR code ប្រមាណ​ ១,៥​លាន សម្រាប់​ពាណិជ្ជករ​ប្រើប្រាស់​ជូន​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ។

លោក​ជំទាវ បាន​ថ្លែង​ថា កំណើន​នៃ​ចំនួន QR code ទូទាត់​ប្រាក់ ដែល​ពាណិជ្ជករ​ដាក់​នៅ​តាម​ហាង​ទំនិញ និង​បញ្ជ​ទូទាត់​នានា​នេះ បញ្ជាក់​ពី​ការ​ការ​អភិវឌ្ឍ និង​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ដើម្បី​សម្រួល​ដល់​អតិថិជន និង​សមាជិក​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​អន្តរគ្រឹះ​ស្ថាន ក៏​ដូច​ជា​តាម​កម្មវិធី​ធនាគារ​ចល័ត ឬ​ទូរស័ព្ទ​ចល័ត​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដែល​បន្ត​ចូលរួម​យ៉ាង​សកម្ម ក្នុង​ប្រតិបត្តិការ​ទូទាត់​ទំនិញ និង​សេវា​បាន​យ៉ាង​ងាយ​ស្រួយ រហ័ស និង​ប្រសិទ្ធភាព ខណៈ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​ត​ភា្ជ​ប់​ជាមួយ​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​អាច​ទូទាត់ និង​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​បាន ជា​ពិសេស ពលករ និង​អ្នក​ប្រកប​អាជីវកម្ម​ក្រៅប្រទេស​ ។

គិត​មក​ទល់​បច្ចុប្បន្ន កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ទូទាត់​ឆ្លង​ដែន​ជាមួយ​ប្រទេស​ថៃ ឡាវ ម៉ា​ឡេ​ស៊ី វៀតណាម ចិន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រកប​មុខរបរ​ក្រៅ​ប្រព័ន្ធ​ទទួល​បាន​ផលប្រយោជន៍ តាម​រយៈ​ការ​ទូទាត់​ទំនិញ​និង​សេវា​ដោយ​ប្រើ KHQR Code ​។

ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក​ឡើង​ថា ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​នេះ បាន​ចូលរួម​ចំណែក​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់ សម្រាប់​សហគ្រាស អាជីវកម្ម ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​ចំណាយ ស្រប​តាម​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៩-២០២៥ និង​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជ​ថ​ល​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​ ២០២១-២០៣៥ ៕ អត្ថបទសហការ