រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្តល់ពានរង្វាន់ជូនរោងចក្រសហគ្រាសដែលបានអនុវត្តលក្ខខណ្ឌការងារល្អប្រសើរនៅក្នុងរោងចក្ររបស់ខ្លួនដែលបង្កើតបានជាសហគ្រាសប្រកបដោយភាពសុខសាន្ត ។ យោងតាមលិខិតដែលបានផ្សព្វផ្សាយនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ពានរង្វាន់ជាលើកទីមួយដល់រោងចក្រសហគ្រាសដែលបំពេញលក្ខណវិនិច្ឆ័យគោរពតាមច្បាប់ស្តីពីការងារ និងច្បាប់ពាក់ព័ន្ធផ្សេងៗរបស់រដ្ឋាភិបាល ។ ការប្រកាសផ្តល់ពានរង្វាន់នេះ គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា ។
បើយោងតាមសារលិខិតដដែល ពានរង្វាន់ដែលរដ្ឋាភិបាលនឹងប្រគល់ជូនមានឈ្មោះថា ពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ។ សហគ្រាសដែលត្រូវបានជ្រើសរើសគឺត្រូវអនុលោមទៅតាមលក្ខណវិនិច្ឆ័យចំនួន ៨ ចំណុចដែលរួមមាន ១. អនុលោមភាពនៃលក្ខខណ្ឌការងារ ២. អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង ៣.អនុលោមភាពទំនាក់ទំនងវិជ្ជាជីវៈ ៤.អនុលោមភាពនៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារ ៥.អនុលោមភាពនៃរបបសន្តិសុខសង្គម ៦.អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការ ៧.អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ និង៨.អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះជ័យលាភី ហើយក៏ថ្លែងអំណរគុណចំពោះគ្រប់រោងចក្រសហគ្រាស ជាពិសេសកម្មករនិយោជិត អង្គការវិជ្ជាជីវៈដែលបានបន្តចូលរួមក្នុងចលនាជាតិដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ។
គួររំលឹកថា នៅក្នុងខួបលើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកប្រធានបទរួមគ្នា ដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់ ធ្វើជាប្រធានបទសម្រាប់ទិវា ១ ឧសភា ឆ្នាំនេះ ។
សម្រាប់រដ្ឋាភិបាលកម្ពុជា ការកំណត់យកប្រធានបទយ៉ាងដូច្នេះគឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍របបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់កម្មករនិយោជិត និងការពង្រឹងយន្តការដោះស្រាយវិវាទការងារដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ដែលជាសូចនាករគន្លឹះរបស់រដ្ឋាភិបាលនៅក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ